ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តីរម្លឹកប៉ូលិសថាឧក្រិដ្ឋកម្មឆ្លងដែនការជួញដូរមនុស្ស និងគ្រឿងញៀននៅតែកើតមាន
15, May 2023 , 9:39 pm        
រូបភាព
កម្លាំងនគរបាល ស្ថិតក្នុងពិធីបិទបញ្ចប់វគ្គសុក្រឹតការនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
កម្លាំងនគរបាល ស្ថិតក្នុងពិធីបិទបញ្ចប់វគ្គសុក្រឹតការនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ទៅកម្លាំងនគរបាលជាតិថា សភាពការណ៍ទូទៅអំពីសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម នៅតែមានបញ្ហាប្រឈម ដែលបណ្តាលមកពីការបន្តកើតមានឡើងនូវឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន អំពើជួញដូរពលកម្ម អំពើជួញដូរមនុស្ស ពិសេសស្រ្តី-កុមារ បទល្មើសបច្ចេកវិទ្យា រួមទាំងបទល្មើសផ្សេងទៀត។



ប្រមុខរដ្ឋាភិបាលកម្ពុជា បន្តថា ក្នុងអំឡុងពេលកម្ពុជារៀបចំព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដូចជា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកំពុងដំណើរការ និងការបោះឆ្នោតជាតិលើកទី៧នាពេលខាងមុខ សុទ្ធសឹងជាគោលដៅនៃការប៉ុនប៉ងវាយប្រហារពីសំណាក់ក្រុមអ្នកជ្រុលនិយម ដើម្បីបំផ្លាញមុខមាត់ប្រទេសជាតិ។ 
 
មេដឹកនាំកម្ពុជា បញ្ជាក់ទៅកាន់កម្លាំងនគរបាលជាតិដូច្នេះថា៖«ជាការពិតណាស់ កិច្ចការទាំងអស់នេះ គឺជាអំរែកដ៏ធ្ងន់ធ្ងរ និងជាវិញ្ញាសាដ៏ស្មុគស្មាញ ដែលតម្រូវឲ្យកងកម្លាំងនគរបាលជាតិមានសមត្ថភាព និងគុណភាពខ្ពស់ រែកពុនដោះស្រាយបញ្ហាប្រឈមទាំងនោះ ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ»។
 
សម្តេច ហ៊ុន សែន លើកឡើងពីបញ្ហាខាងលើនេះ តាមរយៈសារលិខិតជូនពរ ទៅកាន់កងកម្លាំងនគរបាលជាតិ ក្នុងទិវារម្លឹកខួប៧៨ឆ្នាំនៃការបង្កើតនគរបាលជាតិ ដែលនឹងមកដល់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ នគរបាលជតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥។ 
 
យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរយ៉ាងច្រើនដល់កម្លាំងនគរបាលជាតិ ដែលប្រឹងប្រែងបំពេញការងារ ដូចជា ទប់ស្កាត់អំពើភេរវកម្ម បង្ក្រាបឧក្រិដ្ឋឆ្លងដែនទាន់ពេលវេលា និងការពារសន្តិសុខផ្ទៃក្នុងបានរឹងមាំ ជាដើម។ ប្រមុខរដ្ឋាភិបាលកម្ពុជា សរសេរទៀតថា ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស អំពើជួញដូរកម្លាំងពលកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ ទទួលបានលទ្ធផលជាវិជ្ជមាន៕ 
 

Tag:
 បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com