ជាតិ
សង្គមជាតិ
ស្រ្តីម្នាក់សម្រាលកូនលើទូក ពេលធ្វើដំណើរចេញពីកោះ ទៅមន្ទីរពេទ្យ
19, May 2023 , 6:29 pm        
រូបភាព
អ្នកស្រី ឆន សាឡឹក សម្រាលកូននៅលើទូក ខេត្តកោះកុង។ រូបភាព៖ Layson Hay
អ្នកស្រី ឆន សាឡឹក សម្រាលកូននៅលើទូក ខេត្តកោះកុង។ រូបភាព៖ Layson Hay
ដោយ:
ស្រ្តីវ័យ២២ឆ្នាំម្នាក់ បានសម្រាលកូននៅក្នុងទូក ពេលចេញទូកពីកោះដែលខ្លួនរស់នៅ ទៅកាន់មន្ទីរពេទ្យខេត្តកោះកុង។ ស្រ្តីវ័យក្មេងរូបនេះ ត្រូវបានក្រុមគ្រូពេទ្យជួយបានទាន់ពេល និងមានសុខភាពល្អទាំងម្ដាយនិងកូន។ បច្ចុប្បន្ន នាង កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ នេះបើតាមលោក ម៉ែន​ សាម៉េត​ ប្រធានផ្នែករដ្ឋបាល​ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលបានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី១៩ ខែឧសភា។



លោក ម៉ែន​ សាម៉េត​ បញ្ជាក់ថា អ្នកស្រី ឆន សាឡឹង បានទៅពិនិត្យផ្ទៃពោះទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។ លោក បន្តថា នៅព្រឹកថ្ងៃសុក្រនេះ អ្នកស្រី សាឡឹង បានឈឺពោះខ្លាំង ហើយក្រុមគ្រួសារបាននាំទៅមន្ទីរពេទ្យ ដោយធ្វើដំណើរតាមទូក តែទៅមិនទាន់ ក៏ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូននៅលើទូកក្បែរច្រាំងតែម្ដង។
 
លោក ម៉ែន សាម៉េត អះអាងថា នាង បានសម្រាលកូន ពេលទូកធ្វើដំណើរដល់ពាក់កណ្តាល។ លោក មានប្រសាសន៍ថា៖«នេះជាករណីសម្រាលធម្មជាតិតាមធម្មតា តែបើគាត់សម្រាលពិបាកវិញ ខ្ញុំជឿថា ម្ដាយនិងកូនអាចមានបញ្ហា»។ 
 
បើតាមលោក ម៉ែន សាម៉េត អ្នកស្រី ឆន សាឡឹង រស់នៅកោះដាច់ស្រយោលមួយ ដែលស្ថិតក្នុងភូមិចាំយាម(កោះលយ) ឃុំបាក់ខ្លង់ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បច្ចុប្បន្ន អ្នកស្រី សាឡឹង កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ លោក អះអាងថា នេះជាករណីទី១ ក្នុងឆ្នាំ២០២៣ ដែលមានហេតុការណ៍ស្រ្តីសម្រាលកូននៅលើទូក ខណៈនៅឆ្នាំ២០២២ ធ្លាប់មាន២ករណីរួចមកហើយ។
 
លោក ម៉ែន​ សាម៉េត បានអំពាវនាវដល់ស្រ្តីដែលមានផ្ទៃពោះទាំងអស់ ត្រូវទៅពិនិត្យពោះ ឬពិគ្រោះជាមួយគ្រូពេទ្យឱ្យបានទៀងទាត់នៅមណ្ឌលសុខភាពដែលនៅជិតផ្ទះ រហូតដល់ពេលសម្រាល ដើម្បីត្រៀមខ្លួនឱ្យបានល្អ៕
 

Tag:
 សម្រាលកូនលើទូក
© រក្សាសិទ្ធិដោយ thmeythmey.com