អន្តរជាតិ
សម្ព័ន្ធភាពចម្រុះថៃ ចុះ MoU ដើម្បីតម្រង់ទិសគោលនយោបាយរដ្ឋាភិបាលថ្មី
23, May 2023 , 9:33 am        
រូបភាព
បក្សឆ្ពោះទៅមុខ និងដៃគូក្នុងសម្ព័ន្ធភាពចម្រុះ៧ទៀត បានចុះហត្ថលេខាលើអនុស្សារណយោគយល់គ្នា (MoU) ដែលនឹងតម្រង់ទិសគោលនយោបាយនៅពេលខាងមុខ។ កិច្ចព្រមព្រៀងនេះ ជាការបញ្ជាក់ការមូលមតិរវាងបក្សនយោបាយដែលទទួលបានសំឡេងឆ្នោតនាការបោះឆ្នោតថ្ងៃទី១៤ ខែឧសភាដែលនឹងឈានដល់ការបង្កើតរដ្ឋាភិបាលថ្មី។

 
អនុស្សារណយោគយល់គ្នា មាន២៣ចំណុចដែលសុទ្ធសឹងជាការច្របាច់បញ្ចូលគ្នារវាងគោលនយោបាយបក្សទាំង៨ របស់សម្ព័ន្ធភាពចម្រុះដឹកនាំដោយបក្សឆ្ពោះទៅមុខដែលមានសំឡេង៣១៣លើ៥០០កៅអីរបស់សភា។ កិច្ចព្រមព្រៀងនេះ ក៏ជាទិសដៅសម្រាប់រដ្ឋាភិបាលថ្មីដែលត្រូវបង្កើតនៅពេលខាងមុខផងដែរ។
 
ទំនងជាការបញ្ចៀសហានិភ័យ ការកែទម្រង់ស្ថាប័នមហាក្សត្រ និងមាត្រា១១២ ដែលចែងពីការដាក់ទោសអ្នកប្រមាថមហាក្សត្រ ត្រូវបានដកចេញ ខណៈដែលបក្សខ្លះមិនយល់ស្របនឹងគម្រោងនេះទេ។ ការធ្វើវិសោធនកម្មមាត្រានេះ ជាគោលនយោបាយសំខាន់របស់បក្សឆ្ពោះទៅមុខដែលមាននិន្នាការជឿនលឿន។
 
មេដឹកនាំបក្សឆ្ពោះទៅមុខ និងជាបេក្ខជននាយករដ្ឋមន្រ្តី Pita Limjaroenrat និយាយថា ចំណុចទាំងនេះ ជាការប្រមូលផ្ដុំរបៀបវារៈដែលត្រូវបានឯកភាពគ្នា ហើយត្រៀមដាក់ឆ្លងយន្តការរដ្ឋាភិបាល និងសភា។ លោកបន្តថា បក្សក្នុងសម្ព័ន្ធភាព ក៏ឯកភាពគ្នាមិនឱ្យបេសកកម្មរបស់រដ្ឋាភិបាលប៉ះពាល់ប្រទេសក្រោមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ឬភាពមិនអាចបំពានបានរបស់រាជានិយមដែរ។
 
ចំណុចសំខាន់ដែលសម្ព័ន្ធភាពចម្រុះយល់ព្រមក៏មានគម្រោងកែរដ្ឋធម្មនុញ្ញ ការធ្វើឱ្យស្របច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ការបញ្ចូលកញ្ឆាទៅក្នុងបញ្ជីហាមឃាត់ឡើងវិញ និងការប្ដូរកាតព្វកិច្ចយោធាទៅជាការស្ម័គ្រចិត្តពេលប្រទេសមានសន្តិភាព៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com