ជាតិ
លោក ជេត ជាលី៖ រៀនដើម្បីផ្លាស់ប្ដូរផ្នត់គំនិតមិនមែនដើម្បីតែធ្វើការឱ្យគេនោះទេ
25, May 2023 , 7:59 am        
រូបភាព
លោក ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)
លោក ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)
ដោយ:
យុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវរៀនយកចំណេះដឹងទៅអភិវឌ្ឍខ្លួន និងផ្ដាស់ប្ដូរផ្នត់គំនិតដើម្បីអនុវត្តន៍តាមក្ដីសុបិន្ត ដោយកុំគិតថារៀនដើម្បីតែធ្វើការឱ្យគេ។ លោក ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) បានថ្លែងនៅថ្ងៃទី២៣ ខែឧសភា ក្នុងកម្មវិធី Nicc Startup Technology Sharing Conference។


លោក ជេត ជាលី បានលើកឡើងថា កាលពីដើមឡើយ មនុស្សភាគច្រើនរៀន ដើម្បីធ្វើការឱ្យគេ ប៉ុន្តែសម្រាប់មជ្ឈមណ្ឌលជាតិបណ្ដុះបណ្ដាលធុរកិច្ចថ្មីនៃកម្ពុជា ហៅកាត់ថា Nicc គឺមិនមែនបង្រៀនមនុស្សដើម្បីតែធ្វើការឱ្យគេនោះទេ ។ បើតាមលោក ជាលី Nicc នឹងបង្រៀនឱ្យយុវជនឱ្យចេះបង្កើតការងារឱ្យខ្លួនឯង និងបង្ហាញពីផ្នត់គំនិតថ្មីៗ ដែលចង់ធ្វើទៅតាមការស្រមៃ ឱ្យកា្លយជាការពិត។
 
ត្រង់ចំណុចនេះ សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា ៖«អ្វីដែលជាប្រយោជន៍ Nicc បង្រៀនមនុស្សឱ្យផ្លាស់ប្ដូរផ្នត់គំនិត មិនមែនរៀនដើម្បីតែធ្វើការឱ្យគេនោះទេ រៀនដើម្បីមានចំណេះដឹងពិតទៅធ្វើការឱ្យក្រុមហ៊ុនចាស់ទុំណាមួយ ឬក៏អាចចាប់ផ្ដើមក្រុមហ៊ុនរបស់ខ្លួនឯង»។
 
Nicc បានសហការជាមួយក្រុមហ៊ុនឯកជន ដែលមានបទពិសោធន៍ច្រើន ដើម្បីជួបជាមួយយុវជន សិស្សនិស្សិត ដែលមានគំនិតច្នៃប្រឌិតថ្មីៗ ដោយផ្ដោតទៅលើផ្នែកបច្ចេកវិទ្យាឌីជីថល។ លោក ជាលី បានសង្កេតឃើញថា បច្ចុប្បន្នមនុស្សស្ទើរតែពាក់កណ្ដលទៅហើយ ដែលរស់នៅដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ 
 
មជ្ឈមណ្ឌល Nicc គឺជាអ្នកបង្ហាញផ្លូវ និងនាំក្រុមហ៊ុនមានបទពិសោធន៍ជាច្រើន មកចែករំលែកដល់យុវជននិងសិស្សានុសិស្ស ដើម្បីផ្ដល់ធាតុចូលមួយចំនួន សម្រាប់អនុវត្តនូវគំនិត និងចំណេះជំនាញ។
 
សូមជម្រាបថា មជ្ឈមណ្ឌលជាតិបណ្ដុះបណ្ដាលធូរកិច្ចថ្មីនៃកម្ពុជា Nicc គឺជាបុត្រសម្ព័ន្ធមួយរបស់សាលកវិទ្យាល័យភូមិន្ទភ្នំពេញ៕
 

Tag:
 បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com