ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
លោក មឿន ចន្ទ្រា ដឹកនាំដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត ដោយបណ្តុះស្មារតីក្រុមការងារ​គិតប្រយោជន៍រួម
27, May 2023 , 7:59 am        
រូបភាព
លោក មឿន  ចន្រ្ទា  ប្រធានដេប៉ាតឺម៉ង់ អប់រំពេញមួយជីវិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ   រូបភាពរបស់សារព័ត៌មានថ្មីៗ.
លោក មឿន ចន្រ្ទា ប្រធានដេប៉ាតឺម៉ង់ អប់រំពេញមួយជីវិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រូបភាពរបស់សារព័ត៌មានថ្មីៗ.
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ លោក មឿន ចន្ទ្រា គឺជាប្រធានដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដ៏ចំណាស់ជាងគេនៅកម្ពុជា។ ការខិតខំប្រឹងប្រែងសន្សំបទសពិសោធន៍ ទាំងការងារស្ម័គ្រចិត្ត និងការងារទាក់ទងនឹងបំណិនជីវិតផ្សេងៗ ព្រមទាំងបន្តរៀនសូត្រឥតឈប់ឈរ ​គឺជាដើមទុនដល់អតីតនិស្សិតក្រីក្រ លោក មឿន ចន្រ្ទា ឱ្យក្លាយជាប្រធានដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ប្រធានដេប៉ាតឺម៉ង់ថ្មោងថ្មីរូបនេះ ប្រាប់សារព័ត៌មានថ្មីៗថា លោកមានសុទិដ្ឋិនិយមក្នុងការងារថ្មីថ្មោងនេះ ដោយឈរមូលដ្ឋាននៃការបណ្តុះស្មារតីក្រុមការងារ ឱ្យអនុវត្តការងារ និងដោះស្រាយបញ្ហាប្រឈមនានា ដោយគិតប្រយោជន៍រួមរបស់ដេប៉ាតឺម៉ង់ និងប្រយោជន៍របស់សិស្ស-និស្សិតខ្លួន។


លោក មឿន  ចន្រ្ទា  ប្រធានដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត ក្នុងបទសម្ភាស ជាមួយ កញ្ញា សុង សុធាវី អ្នកផលិតកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ រូបភាពរបស់សារព័ត៌មានថ្មីៗ
 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ និងលោក មឿន ចន្រ្ទា ប្រធានដេប៉ាតឺម៉ង់អប់រំពេញមួយជីវិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដូចតទៅ៖



 
លោក មឿន ចន្ទ្រា គឺជាប្រធានដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដ៏ចំណាស់ជាងគេនៅកម្ពុជា។ បើតាមលោក មឿន ចន្ទ្រា ការអប់រំពេញមួយជីវិត គឺជាការបណ្តុះទម្លាប់នៃការរៀនឥតឈប់ឈរ ទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ។ គោលដៅនៃការអប់រំពេញមួយជីវិត គឺដើម្បីឱ្យយុវជន និងសិស្សនិស្សិត ទទួលបានវិជ្ជាសម្បទា បំនិនសម្បទា ដែលរស់នៅជាមួយគ្នាបានដោយភាពសុខដុមរមនា និងសុភមង្គល​។ លោក មឿន ចន្ទ្រា បន្ថែមដូច្នេះ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ។
 

លោក មឿន  ចន្រ្ទា  ប្រធានដេប៉ាតឺម៉ង់ អប់រំពេញមួយជីវិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ   រូបភាពរបស់សារព័ត៌មានថ្មីៗ
 
តាមពិតទៅ លោក ចន្ទ្រា ជាអ្នកដឹកនាំដែលមានវ័យក្មេងជាងគេ នៅក្នុងចំណោមប្រធា នដេប៉ាតឺម៉ង់ផ្សេងៗនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តែដោយសារធ្លាប់មានបទពិសោធន៍​​​ដឹកនាំការងារទាំង​តូច និងធំជាមួយយុវជន ជិត១០ឆ្នាំដែរនោះ ទើប​លោកមានគំនិតសុទិដ្ឋិនិយម នៅក្នុងមុខតំណែងថ្មីរបស់ខ្លួន។ សម្រាប់ប្រធានដេប៉ាតឺម៉ង់រូបនេះ គ្រប់កិច្ចការងារតែងតែឧបសគ្គ និងបញ្ហាប្រឈមខុសៗគ្នា ប៉ុន្តែលោកប្រកាន់ខ្ជាប់នូវគោលការណ៍ ដោះស្រាយបញ្ហាដោយឈរលើ​ប្រយោជន៍រួម។ លោក មឿន ចន្ទ្រា បន្ថែម៖«​ការងារដឹកនាំមិនមែនជារឿងងាយស្រួលពេកទេ តែយើងត្រូវហ៊ានសម្រេចចិត្ត។ ទន្ទឹមនឹងនេះ ខ្ញុំក៏កំពុងតែរៀនតថ្នាក់បណ្ឌិតដែរ ដើម្បីសម្រួលចំណេះដឹងខ្ញុំឱ្យល្អប្រសើរ។ ហើយសំខាន់ យើងជាក្រុមការងារតែមួយ ទោះបីយើងកម្រិតណាក៏ដោយ ហើយមកពីប្រទេសណាក៏ដោយ តែយើងមានគោលដៅតែមួយគត់ គឺធ្វើការ ដើម្បីដេប៉ាតឺម៉ង់របស់យើង និងនិស្សិតរបស់យើង មានសមត្ថភាពគ្រប់គ្រាន់ ហើយឆ្លើយតបជាមួយទីផ្សារការងារ»។ 
 
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ប្រធានដេប៉ាតឺម៉ង់រូបនេះ ក៏នឹងបន្តឆន្ទៈនៅក្នុងការ​រៀបចំកម្មវិធីសិក្សាឱ្យកាន់តែល្អប្រសើរ ដើម្បីធានាថានិស្សិតដែលបញ្ចប់ការសិក្សាមានសមត្ថភាពពេញលេញសម្រាប់ក្រសោបឱកាសការងារទាំងពេលបច្ចុប្បន្ន និងអនាគត។ លើសពីនេះទៀត លោក មឿន ចន្ទ្រា ក៏បានរៀបចំឱ្យនិស្សិតចុះកម្មសិក្សា នៅតាមបណ្តាស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការជាតិ ក៏ដូចជាអន្តរជាតិដៃគូប្រមាណ៥០ស្ថាប័ន​៕   
 
 

Tag:
 មឿន ចន្ទ្រា
  ការអប់រំពេញមួយជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com