អន្តរជាតិ
អ្នកការទូត​ចិននិង​អាម៉េរិក ជួបគ្នា​ក្នុង​ទីក្រុង​ប៉េកាំង
06, Jun 2023 , 3:03 pm        
រូបភាព
ជំនួបរវាងមន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិននៅទីក្រុងប៉េកាំងនាថ្ងៃទី៥ ខែមមិថុនា បានបញ្ចប់ជាមួយសញ្ញាវិជ្ជមានមួយដែលភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តរក្សាបណ្ដាញទំនាក់ទំនង។ ប៉ុន្តែក្រុងប៉េកាំង​នៅតែបញ្ជាក់ពីទង្វើបង្កហេតុរបស់អាម៉េរិក និងហានិភ័យនៃការប៉ះទង្កិចផ្នែកការទូត។

 
អនុរដ្ឋមន្ត្រីការបរទេសចិនលោក Ma Zhaoxu បានជួបជាមួយឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក​ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក Daniel Kritenbrink ដែលអមដំណើរដោយនាយក​ជាន់​ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន Sarah Beran សម្រាប់កិច្ចការចិន។
 
បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ភាគី​ទាំង​ពីរមានការប្រាស្រ័យទាក់ទងគ្នាដោយស្មោះត្រង់ ស្ថាបនា និងផលិតភាពលើកិច្ចខិតខំដើម្បី​កែលម្អទំនាក់ទំនងទ្វេភាគី និងដើម្បីសម្រួលភាពខុសគ្នាដូចដែលបានព្រមព្រៀងដោយមេដឹកនាំ​ប្រទេសទាំងពីរកាលពីឆ្នាំមុន​។ ភាគី​ទាំងពីរ​បាន​យល់ព្រម​រក្សាបណ្ដាញ​ទំនាក់ទំនងផងដែរ។
 
ប៉ុន្តែក្នុង​កិច្ច​ពិភាក្សា​ខាងលើ ភាគី​ចិន​បាន​បញ្ជាក់​ពី​ជំហរ​ម៉ឺងម៉ាត់​របស់​ខ្លួន​ចំពោះ​សំណួរ​តៃវ៉ាន់ និង​បញ្ហា​គោលការណ៍​សំខាន់ៗ​ផ្សេងទៀតដែលកំពុងតានតឹងផងដែរ។
 
មុនពេលលោក Kritenbrink ទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃទី៤ ខែមិថុនា កងទ័ពជើងទឹកអាម៉េរិក​បានរាយការណ៍ពីការប្រឈមមុខមិនមានសុវត្ថិភាពនាថ្ងៃទី៣ ខែមិថុនា នៅពេលដែលនាវាចម្បាំង​ចិន​បានឆ្លងកាត់ពីមុខនាវាពិឃាតអាម៉េរិកនៅច្រកសមុទ្រតៃវ៉ាន់។ ឯប្រព័ន្ធផ្សព្វផ្សាយចិន​បានរិះគន់​ដំណើរទស្សនកិច្ចខាងលើជាការសម្ដែងរបស់ក្រុងវ៉ាស៊ីនតោនក្នុងការស្ដារទំនាក់​ទំនង​ល្អ​ប្រសើរ ខណៈ​ទម្លាក់កំហុសទៅចិនដែលមិនស្វែងរកការស្រុះស្រួលគ្នា៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com