អន្តរជាតិ
យន្តហោះចិននិងរុស្ស៊ី ល្បាតរួមគ្នាលើសមុទ្រចិនខាងកើតនិងសមុទ្រជប៉ុន
06, Jun 2023 , 8:59 pm        
រូបភាព
រុស្ស៊ី និងចិន បានធ្វើការល្បាតផ្លូវអាកាសរួមគ្នានៅថ្ងៃទី៦ ខែមិថុនា នៅពីលើសមុទ្រចិនខាងកើត និងសមុទ្រជប៉ុន ស្របពេលដែលស្ថានការណ៍នៅតំបន់ហាក់តានតឹងខ្លាំងដោយសារការប្រឈមមុខរវាងចិន និងអាម៉េរិក។

 
ជាលើកទី៦ ចាប់តាំងពីឆ្នាំ២០១៩ យោធាចិន និងរុស្ស៊ី ធ្វើល្បាតរួមគ្នានៅដែនសមុទ្រនៅអាស៊ីបូព៌ា។ បើតាមការប្រកាសរបស់ក្រសួងការពារជាតិចិននៅថ្ងៃទី៦ ខែមិថុនា បេសកកម្មរួមគ្នានេះ ជាផ្នែកមួយនៃផែនការកិច្ចសហប្រតិបត្តិការការពារជាតិរួមគ្នា។
 
កាលពីបេសកកម្មរួមក្នុងខែវិច្ឆិកា ឆ្នាំ២០២២ យោធាកូរ៉េខាងត្បូងក៏បញ្ចេញយន្តហោះរបស់ខ្លួនទៅតាមដានដែរ ក្រោយយន្តហោះទម្លាក់គ្រាប់បែកចិន H-6K និងយន្តហោះរុស្ស៊ី Tu-95 ហោះចូលតំបន់កំណត់អត្តសញ្ញាណការពារអាកាសខ្លួន។ ជប៉ុនវិញ ក៏ធ្វើដូចគ្នាដែរក្រោយយន្តហោះចិន និងរុស្ស៊ីហោះចូលសមុទ្រជប៉ុន។
 
ឯក្នុងបេសកកម្មខែឧសភា ឆ្នាំ២០២២ ចិន និងរុស្ស៊ីក៏បញ្ជូនយន្តហោះរបស់ខ្លួនទៅក្បែរជប៉ុន ស្របពេលជប៉ុនធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ Quad ថែមទៀត។
 
សកម្មភាពរបស់យោធាចិនដែលអះអាងថា មិនសំដៅភាគីណាមួយ គួបផ្សំការឆ្លើយតបរបស់អាម៉េរិក និងសម្ព័ន្ធអាស៊ីរបស់ខ្លួន ធ្វើឱ្យស្ថានភាពតំបន់ឡើងកម្ដៅកាន់តែខ្លាំង។ ជាក់ស្ដែង នាវាចម្បាំងចិន និងអាម៉េរិកទើបប្រឈមមុខដាក់គ្នានៅសមុទ្រចិនខាងត្បូង ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកជាទង្វើប្រកបដោយគ្រោះថ្នាក់៕
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com