អន្តរជាតិ
អាម៉េរិកមានគោលដៅគាំទ្ររដ្ឋាភិបាលថៃឱ្យប្រសិទ្ធភាព ស្ថិរភាព​ និងមានប្រជាធិបតេយ្យ
07, Jun 2023 , 11:19 am        
រូបភាព
មន្ត្រីជាន់ខ្ពស់អាម៉េរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លើកឡើងថា ថៃស្ថិតក្នុងដំណាក់​សំខាន់​មួយ​បន្ទាប់​ពីការបោះឆ្នោតរបស់ខ្លួនកាលពីខែឧសភា ហើយគោលដៅរបស់អាម៉េរិកគឺដើម្បីគាំទ្ររដ្ឋាភិបាលប្រកប​ដោយប្រសិទ្ធភាព ស្ថិរភាព និងមានលទ្ធិប្រជាធិបតេយ្យ។

 
«យើងបានឃ្លាំមើលការបោះឆ្នោតដោយយកចិត្តទុកដាក់។ នេះ​ជា​ដំណាក់កាល​ដ៏​ល្អ​មួយទាក់ទង​នឹង​ការ​បង្កើត​រដ្ឋាភិបាល។ អ្នកសម្របសម្រួលនៃសេតវិមានប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក Kurt Campbell បានប្រាប់ក្រុមអ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថាន Hudson បែបនេះនៅថ្ងៃទី៦ ខែមិថុនា។
 
លោក Campbell សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនចង់រក្សាទំនាក់ទំនងទ្វេភាគីដ៏រឹងមាំជាមួយថៃដែល​ជា​សម្ព័ន្ធមិតចាស់ជាងគេនៅក្នុងតំបន់។ លោកបន្ថែមថា ក្រុមហ៊ុនជាច្រើនត្រូវបានបណ្តាក់ទុននៅទឹកដីថៃ ហើយអាម៉េរិកក៏មានចំណងផ្នែកយោធាជិតស្និទ្ធការចូលរួម​ជាមួយកងកម្លាំងប្រដាប់អាវុធ​ថៃ​ផងដែរ​។
 
បើតាមមន្រ្តីដដែល វាជារឿងមិនអាចមានការប្រកែកបានឡើយចំពោះនយោបាយរបស់ថៃដែលមិន មានស្ថិរភាព និងមានភាពស្មុគស្មាញ។ ហេតុនេះហើយគោលដៅរបស់អាម៉េរិកគឺគាំទ្ររដ្ឋាភិបាល​ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងប្រជាធិបតេយ្យ ហើយបន្ទាប់មកធ្វើការជាបន្តបន្ទាប់​ជាមួយ​គ្នា​ទៅមុខ។
 
ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អាម៉េរិកខាងលើកនេះកើតឡើងចំពេលអាម៉េរិកកំពុងស្វែងរកការជំរុញទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងដៃគូនានានៅទូទាំងអាស៊ីដើម្បីទប់ទល់ការពង្រីក​អំណាច​របស់​ចិន​ទាំងសេដ្ឋកិច្ច និងយោធា។
 
គួរបញ្ជាក់ថា​ គណបក្សប្រឆាំងឆ្ពោះទៅមុខ (MFP) ដែលឈ្នះការបោះឆ្នោតកំពុងស្វែងរ​ក​ការ​បង្កើត​រដ្ឋាភិបាលចម្រុះជាមួយគណបក្សមួយចំនួនផ្សេងទៀត ប៉ុន្តែលោក Pita Limjaroenrat ប្រឈមមុខ​នឹងការប្រជែងគ្នាយ៉ាងខ្លាំងដើម្បីទាក់ទាញសមាជិកព្រឹទ្ធសភាគាំទ្រលោកក្នុងការបោះឆ្នោតបេក្ខភាពនាយករដ្ឋមន្ត្រីដែលរំពឹងទុកនៅខែសីហា៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com