កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
មេដាយមាស៨! កំណត់ត្រាល្អបំផុតរបស់កម្ពុជា​នៅអាស៊ានប៉ារ៉ាហ្គេម
07, Jun 2023 , 11:02 am        
រូបភាព
គង់ សិលា ឈ្នះមេដាយមាស​២ក្នុងពេលតែមួយ លើ​វិញ្ញាសា​លើកទម្ងន់​ធ្ងន់​បំផុត​១០៧គីឡូក្រាម និង​លទ្ធផល​សរុបទាំង៣ជុំ។ រូបថត ឌួក ដែន
គង់ សិលា ឈ្នះមេដាយមាស​២ក្នុងពេលតែមួយ លើ​វិញ្ញាសា​លើកទម្ងន់​ធ្ងន់​បំផុត​១០៧គីឡូក្រាម និង​លទ្ធផល​សរុបទាំង៣ជុំ។ រូបថត ឌួក ដែន
ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា បានបំបែកកំណត់ត្រាចាស់របស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ដោយឈ្នះមេដាយមាស៨ គិតត្រឹមព្រឹកថ្ងៃពុធ ទី៧ ខែមិថុនា នេះ។ កំណត់ត្រាដ៏ល្អកន្លងមក គឺការឈ្នះមេដាយមាស៧ ប្រាក់១០ និងសំរឹទ្ធ១១ នៅក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២២។

 
កីឡាករប៉ារ៉ាលើកទម្ងន់ គង់ សិលា បានឈ្នះមេដាយមាស២តែម្នាក់ឯងលើវិញ្ញាសាលើកទម្ងន់ធ្ងន់បំផុត១០៧គីឡូក្រាម និងការបូកសរុបលទ្ធផលលើកទាំង៣ជុំ នៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន។ ការលើកជុំដំបូង សិលា លើកបាន៥៥គីឡូក្រាម ហើយសរុបទាំង៣ជុំ សម្រេចបាន១៥៨គីឡូក្រាម។
 
សិលា ក្លាយជាអត្តពលិកបុរសដំបូងដែលឈ្នះមេដាយមាសពីក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ដោយម្ចាស់មេដាយមាស៦ទៀត រកបានដោយកីឡាការិនីប៉ារ៉ាអត្តពលកម្ម វិត ចន្ថា ចំនួន៣, កីឡាការិនី ងួន រតនា ១, កីឡាការិនី យិន សូត ១ និងក្រុមកីឡាការិនីបាល់បោះជិះរទេះ ១។
 
គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី៧ ខែមិថុនា នេះ កម្ពុជា បានឈ្នះមេដាយមាស៨ ប្រាក់១៣ និងសំរឹទ្ធ២៦ ពីអាស៊ានប៉ារ៉ាហ្គេមលើកទី១២៕
 

© រក្សាសិទ្ធិដោយ thmeythmey.com