អន្តរជាតិ
លោក Pita ថា មិនបានបំពានច្បាប់ហើយនៅតែមានសិទ្ធិប្រជែងតំណែងនាយករដ្ឋមន្ត្រីថៃ
07, Jun 2023 , 2:45 pm        
រូបភាព
មេដឹកនាំបក្សឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat ហាក់មិនបារម្ភនឹងការប៉ុនប៉ងដក​សិទ្ធិ​របស់លោកក្នុងការប្រជែងជានាយករដ្ឋមន្ត្រីជុំវិញបញ្ហាកម្មសិទ្ធិភាគហ៊ុនក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឡើយ។ លោក Pita អះអាងថា មិនបំពានច្បាប់ទេ ហើយគូប្រជែងកំពុងរាំងលោក​ក្នុង​ការ​ទទួល​បាន​តួនាទីនាយករដ្ឋមន្រ្តី។

 
ជាមួយនឹងការគាំទ្រដ៏ច្រើនពីយុវជន បក្សឆ្ពោះទៅមុខបានយកជ័យជម្នះក្នុងការបោះឆ្នោតជាតិ​កាល​ពី​ខែឧសភាដោយបានផ្ដួលក្រុមអភិរក្សនិយមគាំទ្រដោយយោធាកាន់អំណាច៩ឆ្នាំមកហើយ​។ យ៉ាងណាមិញ ការបង្កើតរដ្ឋាភិបាលថ្មី និងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបន្តពីលោក ប្រាយុទ្ធ ចន្ទអូចា កំពុងជួបឧបសគ្គរាំងស្ទះជាច្រើនផងដែរ។
 
ក្រុមនយោបាយគូប្រជែងមួយចំនួនបានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតដោ​យ​ចោទប្រកាន់ថា លោក Pita កាន់កាប់ភាគហ៊ុនចំនួន៤២,០០០នៅក្នុងក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ ITV Public Company។ ក្រុមហ៊ុននេះបានដំណើរការប៉ុស្តិ៍ទូរទស្សន៍ដ៏ពេញនិយមតាំងពីឆ្នាំ១៩៩៨ មុន​បញ្ឈប់ការផ្សព្វផ្សាយទៅវិញក្នុងឆ្នាំ ២០០៧។
 
តាមលក្ខខណ្ឌរបស់គណៈកម្មការរៀបចំការបោះឆ្នោត បេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវបានហាម​ឃាត់មិនឱ្យកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយណាមួយឡើយ។ យ៉ាង​ណា​ក៏​ដោយ លោក Pita សង្កត់ធ្ងន់ថា ការ​បាត់​បង់​សម្បទាន​របស់ ITV មាន​ន័យ​ថា មិនអាច​ចាត់​ទុក​ជា​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​បាន​ទេ។
 
«ទីនេះមានការប៉ុនប៉ងដើម្បីធ្វើឱ្យខ្ញុំចេញពីនយោបាយ»។ លោក Pita លើកឡើងបែបនេះ ដោយ​បន្ថែមថា លោកបានផ្ទេរភាគហ៊ុនទៅឱ្យសាច់ញាតិកាលពីខែមុនហើយ។ លោកជឿជាក់ថា មិនមានមូលហេតុណាមួយដែលធ្វើឱ្យលោកមិនមានសិទ្ធិក្នុងការប្រជែងយកតំណែងជានាយករដ្ឋមន្ត្រី​នោះ​ឡើយ។
លោក Pita វ័យ ៤២ ឆ្នាំ លើកឡើងទៀតថា ភាគហ៊ុននេះជាផ្នែកមួយនៃទ្រព្យសម្បត្តិរបស់ឪពុក ចុងរបស់លោកដែលបានប្រកាសទៅកាន់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរួចមកហើយ៕

Tag:
 (ថៃ)
© រក្សាសិទ្ធិដោយ thmeythmey.com