សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនអចលនទ្រព្យវៀតណាម ចំនួន៥៥៤ បានក្ស័យធន នៅដើមឆ្នាំ ២០២៣
08, Jun 2023 , 10:39 am        
រូបភាព
អចលនទ្រព្យនៅខណ្ឌទី១០ ទីក្រុងហូជីមិញ ។ រូបភាពពី Tien Land Vietnam ។
អចលនទ្រព្យនៅខណ្ឌទី១០ ទីក្រុងហូជីមិញ ។ រូបភាពពី Tien Land Vietnam ។
៥ខែនេះ សហគ្រាសអចលនទ្រព្យវៀតណាម ៥៥៤ ក្រុមហ៊ុន បានក្ស័យធន។ ចំនួននេះកើនឡើង ៣០,៤ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ អ្នក​ជំនាញ​បាននិយាយ​ថា ទីផ្សារ​អចលនទ្រព្យវៀតណាម​ កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​លំបាក​ខ្លាំង ដោយអាជីវកម្មជាច្រើនស្ថិតក្នុងស្ថានភាពហានិភ័យ។

 
យោងតាមរបាយការណ៍ចុងក្រោយពីអគ្គនាយកដ្ឋានស្ថិតិវៀតណាម ក្នុងរយៈពេល ៥ខែនៃឆ្នាំ ២០២៣ ចំនួនអាជីវកម្មអចលនទ្រព្យ ដែលទើបបង្កើតថ្មីមានត្រឹមតែ ១ ៧៤៤ក្រុមហ៊ុនប៉ុណ្ណោះ ធ្លាក់ចុះ ៦១,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹម​នឹង​នេះ ចំនួន​សហគ្រាស​អចលនទ្រព្យ​ដែល​ត្រូវ​បាន​ក្ស័យធន ​មាន​ចំនួន ៥៥៤ ក្រុមហ៊ុនដែលកើនឡើង ៣០,៤ភាគរយ។
 
បើតាមប្រធាននាយកដ្ឋានគ្រប់គ្រងទីផ្សារលំនៅឋាន និងអចលនវត្ថុរបស់ក្រសួងសំណង់វៀតណាមលោក ង្វៀន ហ័ងហាយ បច្ចុប្បន្ននេះ អាជីវកម្មអចលនទ្រព្យ កំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាជាច្រើន។
 
បច្ចុប្បន្ន អាជីវកម្មជាច្រើនត្រូវផ្លាស់ប្តូរផែនការអាជីវកម្ម និងការគ្រប់គ្រងរបស់ពួកគេ។ ក្នុងនោះ សហគ្រាសភាគច្រើនត្រូវរៀបចំរចនាសម្ព័ន្ធបំណុល និងផែនការអាជីវកម្មឡើងវិញ ,បង្រួមទំហំផលិតកម្ម និងការវិនិយោគអាជីវកម្ម ជាពិសេសកាត់បន្ថយកម្លាំងពលកម្ម។ បន្ថែមពីនេះអាជីវកម្មជាច្រើន បានឈប់អនុវត្តគម្រោងថ្មី និងបញ្ឈប់ការចេញភាគហ៊ុន ដើម្បីបង្កើនដើមទុនជាដើម។ អាជីវកម្មមួយចំនួនបានកាត់បន្ថយកម្លាំងពលកម្មរបស់ពួកគេរហូតដល់ ៥០ភាគរយ ដើម្បីទប់ទល់នឹងស្ថានភាពលំបាកនាពេលបច្ចុប្បន្ន។
 
លើសពីនេះ អាជីវកម្មអចលនវត្ថុនៅតែបន្តប្រឈមមុខនឹងការលំបាកធំៗនាពេលបច្ចុប្បន្ន ដូចជាការលំបាកក្នុងការទទួលបានកម្ចីឥណទាន ការចេញមូលបត្របំណុល និងការកៀរគរដើមទុនពីអតិថិជន ដែលនាំឱ្យសហគ្រាសខ្វះខាតដើមទុន ក្នុងការអនុវត្តគម្រោង។
 
ទោះបីជាអត្រាការប្រាក់ប្រតិបត្តិការបានថយចុះក៏ដោយ ក៏វានៅតែស្ថិតក្នុងកម្រិតមួយ ដែលពិបាកសម្រាប់អាជីវកម្មក្នុងការចូលប្រើប្រាស់។ ទន្ទឹមនឹងនោះ អត្រាប្តូរប្រាក់បរទេស តម្លៃប្រេងសាំង និងតម្លៃសម្ភារៈសំណង់មានការប្រែប្រួល ដែលនាំឱ្យថ្លៃដើមអាជីវកម្មកើនឡើង ប៉ះពាល់ដល់ផលិតកម្ម និងសកម្មភាពអាជីវកម្ម។ នេះបើតាមការបញ្ជាក់ពីលោក ង្វៀន ហ័ងហាយ។ 
 
ដើម្បីយកឈ្នះនូវវិបត្តិទីផ្សារអចលនទ្រព្យដែលកំពុងប្រឈមការលំបាក អ្នកជំនាញវៀតណាមជាច្រើន បានលើកឡើងថា រដ្ឋាភិបាល ត្រូវជួយជ្រោមជ្រែងនូវដំណោះស្រាយអ្នកវិនិយោគ។ ចំណែក អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវរៀបចំរចនាសម្ព័ន្ធផលិតផលរបស់ខ្លួនឡើងវិញ ដោយផ្តោតលើការផ្តល់ជូនតម្រូវការលំនៅដ្ឋានពិតប្រាកដ ដោយរក្សាភាពជឿជាក់ និងការប្តេជ្ញាចិត្ត ព្រមទាំងបង្កើតទំនុកចិត្តជាមួយអ្នកវិនិយោគ និងអ្នកទិញ៕
 

Tag:
 អចលនទ្រព្យ
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com