អន្តរជាតិ
ក្រុមយុវជនកូរ៉េខាងជើង បរិច្ចាគគ្រាប់រ៉ុក្កែតដល់យោធាដើម្បីបង្ហាញពីកម្លាំងស្នេហាជាតិខ្លាំងក្លា
08, Jun 2023 , 11:25 am        
រូបភាព
ទីភ្នាក់ងារកណ្ដាលកូរ៉េខាងជើង KCNA រាយការណ៍នៅថ្ងៃទី៨ ខែមិថុនាថា ក្រុមយុវជនកូរ៉េ​ខាង​ជើង​មួយ បានបរិច្ចាគគ្រាប់រ៉ុក្កែតដល់យោធានៅក្នុងការបង្ហាញភាពស្នេហាជាតិដ៏ក្លៀវក្លាស្របពេលរដ្ឋ​ឯកោ​មួយនេះប្រឈមមុខការគំរាមកំហែងពីបរទេសកាន់តែខ្លាំងឡើង។

 
ការបរិច្ចាគសម្ភារយោធាបានធ្វើឡើងនៅក្នុងពិធីមួយកាលពីថ្ងៃទី៧ ខែមិថុនា នៅពេលសហភាព​កុមារ​កូរ៉េ (KCU) ដែលជាក្រុមយុវជននយោបាយបានប្រារព្ធខួបលើកទី៧៧របស់ខ្លួន។ សហភាព KCU ដែល​សមាជិក​របស់​ពួកគេ​ត្រូវ​បាន​ស្គាល់​ដោយ​កន្សែង​ក្រហម ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​លើក​កម្ពស់​មនោគមវិជ្ជា​នយោបាយ​របស់​កូរ៉េខាងជើង​ដូចជាការ​ពឹងផ្អែក​លើ​ខ្លួនឯងជាដើម។ 
 
ប្រព័ន្ធផ្សរដ្ឋកូរ៉េខាងជើង មិន​បានបង្ហាញពីវិធីដែល​ថវិកា​ត្រូវ​បាន​រៃអង្គាស​សម្រាប់​ទិញបរិក្ខារ​យោធា​ដោយ​របៀបណាឡើយ។​ ឧបករណ៍បាញ់រ៉ុក្កែតដែលបានបរិច្ចាគត្រូវបានគេដាក់ឈ្មោះថា សុនយ៉ុន (Sonyeon) ដែលមានន័យថាក្មេងប្រុសនៅក្នុងភាសាកូរ៉េ ទោះបីជាសមាជិក​ក្រុមយុវជននេះ​រួម​មាន​ទាំងក្មេងប្រុស និងក្មេងស្រីក៏ដោយ។
 
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កូរ៉េខាងជើងបានបង្កើនកិច្ចខិតខំឃោសនា និង​ការ​ផ្ញើសារជាសាធារណៈរួមទាំងការរៀបចំបាតុកម្មដែលរូបសំណាករបស់មេដឹកនាំកូរ៉េខាងត្បូង និង អាម៉េរិកត្រូវបានដុតចោលដើម្បីជំរុញទឹកចិត្តប្រជាជន។
 
កន្លងមក កូរ៉េខាងជើងច្រានចោលដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយការបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបដ៏ធំបំផុតរបស់ខ្លួននៅឆ្នាំនេះ។ កាលពីសប្តាហ៍មុន ប្រទេសផ្ដាច់ការមួយនេះ បានទទួលការថ្កោលទោសជាអន្តរជាតិជុំវិញការបាញ់បង្ហោះផ្កាយស៊ើបការណ៍ដំបូងរបស់ខ្លួនទោះបីជាមិនជោគជ័យក៏ដោយ៕
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com