សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អង្គការ OECD បង្កើនការព្យាករណ៍កំណើន GDP ពិភពលោកឆ្នាំ២០២៣ ដល់២,៧ភាគរយ
08, Jun 2023 , 2:27 pm        
រូបភាព
អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) នៅថ្ងៃទី៧ ខែមិថុនា បាន​បង្កើន​ការ​ព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោកឆ្នាំ២០១៣ ដល់ទៅ២,៧ភាគរយ ដោយសារអតិផរណាបានធូរស្រាល និងការបើកឡើងបើកប្រទេសឡើងវិញរបស់ចិនដែលបាន​ផ្តល់​ការជំរុញដល់សេដ្ឋកិច្ចពិភពលោក។ យ៉ាងណាមិញ OECD ព្រមានថា ការស្ទុះងើបឡើងវិញជា​សកល​ស្ថិតលើផ្លូវដ៏វែងឆ្ងាយ។

 
បើយោងតាមរបាយការណ៍ទស្សនវិស័យចុងក្រោយរបស់ OECD សេដ្ឋកិច្ចពិភពលោក បាន​ចាប់​ផ្តើម​ប្រសើរឡើងដោយសារតម្លៃថាមពលទាបកំពុងបន្ធូរបន្ថយភាពតានតឹងលើថវិកាគ្រួសារ ខ្សែច្រវាក់​អាជីវកម្ម ឯអ្នកប្រើប្រាស់កំពុងបង្កើនសកម្មភាពឡើងវិញ។
 
OECD ព្យាករណ៍ពីការពង្រីកសេដ្ឋកិច្ចជាសកល២,៧ភាគរយសម្រាប់ឆ្នាំនេះ ដែលជាការកើនឡើង​ពី​ការព្យាករណ៍២,៦ភាគរយនៅក្នុងរបាយការណ៍បញ្ចេញក្នុងខែមីនា។ ទោះបីជាយ៉ាងណាក៏ដោយ អង្គការនេះបានព្រមានថាការកើនឡើងនេះនៅតែផុយស្រួយ ហើយហានិភ័យនៅតែមានដោយសារភាពមិនប្រាកដប្រជាលើការវិវត្តនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការបន្តកើនឡើងរបស់អតិផរណា។
 
«សេដ្ឋកិច្ចពិភពលោកកំពុងបត់ទៅជ្រុងមួយប៉ុន្តែត្រូវប្រឈមមុខនឹងផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅមុខដើម្បីទទួលបានកំណើនដ៏រឹងមាំ និងនិរន្តរភាព»។ ប្រធានសេដ្ឋវិទូរបស់ OECD លោកស្រី Clare Lombardelli  បានសរសេរនៅក្នុងរបាយការណ៍ខាងលើ។
 
ចំពោះចិនត្រូវបានរំពឹងថានឹងឃើញការផ្លាស់ប្តូរវិជ្ជមានបំផុត បន្ទាប់ពីបានដកគោល​នយោបាយរឹត​ត្បិតដើម្បីបង្ការជំងឺកូវីដ-១៩។ របាយការណ៍បានបញ្ជាក់ថា កំណើនផលិតផលក្នុងស្រុកសរុបរបស់​ចិនត្រូវបានព្យាករណ៍នឹងកើនឡើងដល់៥,៤ភាគរយនៅឆ្នាំ២០២៣៕
 
 

Tag:
 សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com