អន្តរជាតិ
តៃវ៉ាន់ ដំណើការប្រព័ន្ធការពារអាកាស ក្រោយយន្តហោះចិន៣៧គ្រឿងហោះចូលតំបន់ការពារអាកាស
08, Jun 2023 , 8:59 pm        
រូបភាព
តៃវ៉ាន់ បានបើកប្រព័ន្ធការពារអាកាសរបស់ខ្លួននៅថ្ងៃទី៨ ខែមិថុនា ក្រោយរាយការណ៍ពីវត្តមានយន្តហោះចម្បាំងចិនដល់ទៅ៣៧គ្រឿងនៅក្បែរដែនអាកាសរបស់ខ្លួន។​ យន្តហោះខ្លះរបស់ចិន ហោះដល់មហាសមុទ្រប៉ាស៊ីហ្វិកឯណោះ។

 
បើតាមប្រកាសរបស់ក្រសួងការពារជាតិតៃវ៉ាន់ យោធារបស់ខ្លួនបានចាប់សញ្ញាវត្តមានយន្តហោះចម្បាំងចិនដល់ទៅ៣៧គ្រឿងចាប់ពីម៉ោង៥ព្រឹកថ្ងៃទី៨ ខែមិថុនាមក។ យន្តហោះដែលតៃវ៉ាន់ចាប់សញ្ញាបានមានយន្តហោះចម្បាំង J-11, J-16 និងយន្តហោះទម្លាក់គ្រាប់បែក H-6K ដែលហោះចូលជ្រុងពាយ័ព្យនៃតំបន់កំណត់អត្តសញ្ញាណការពារអាកាស។
 
ក្នុងការប្រកាសដដែល យន្តហោះចិនខ្លះក៏ចូលផ្នែកអាគ្នេយ៍នៃកោះតៃវ៉ាន់ ហើយកាត់ចូលមហាសមុទ្រប៉ាស៊ីហ្វិកក្នុងលំហាត់ស៊ើបការណ៍អាកាស។ តៃវ៉ាន់ ក៏បានបញ្ជូនយន្តហោះ និងនាវាចម្បាំងរបស់ខ្លួនទៅតាមដានសកម្មភាពយោធាចិនដែរ ហើយថែមទាំងបើកប្រព័ន្ធមីស៊ីលបាញ់ពីផ្ទៃដីទៅគោលដៅលើអាកាសទៀតផង។
 
ចិនមិនទាន់បញ្ជាក់ពីសកម្មភាពនេះឡើយ ប៉ុន្តែនេះអាចជាផ្នែកមួយនៃលំហាត់ផ្លូវកាសដែលបន្តពីការល្បាតរួមគ្នាជាមួយរុស្ស៊ី ដែលទើបបញ្ចប់។ 
 
កាលពីខែមេសា ចិនក៏បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទស្សនកិច្ចមេដឹកនាំតៃវ៉ាន់ Tsai Ing-wen នៅអាម៉េរិក ដែលកាលនោះលោកស្រីក៏ជួបប្រធានរដ្ឋសភាអាម៉េរិកថែមទៀត៕
 

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com