អន្តរជាតិ
អាស៊ាន
អាស៊ាន នឹងធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងនៅសមុទ្រចិនខាងត្បូង
09, Jun 2023 , 9:59 am        
រូបភាព
រដ្ឋសមាជិកអាស៊ាន នឹងរៀបចំសមយុទ្ធយោធារួមគ្នាមួយនៅខែកញ្ញាខាងមុខ ស្របពេលដែលរដ្ឋសមាជិកខ្លះប្រឈមមុខសកម្មភាពឡើងចាងរបស់ចិនក្នុងដែនសមុទ្រដ៏ប្រទាញប្រទង់មួយនេះ។

 
ប្រមុខកងទ័ពបណ្ដាប្រទេសសមាជិកអាស៊ាន បានជួបប្រជុំនៅកោះបាលីសម្រាប់ជំនួបប្រចាំឆ្នាំរបស់ខ្លួន។ ក្រោយជំនួបនេះ ប្រមុខកងទ័ពឥណ្ឌូណេស៊ី ឧត្តមសេនីយ៍ Yudo Margono និយាយថា អាស៊ាននឹងមានសមយុទ្ធយោធារួមគ្នាមួយនៅសមុទ្រណាទូណាខាងជើង (ឈ្មោះហៅតាមឥណ្ឌូណេស៊ីរបស់សមុទ្រចិនខាងត្បូង)។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានឥណ្ឌូណេស៊ី Antara ។
 
បើតាមលោក Margono សមាជិកអាស៊ានទាំង១០ នឹងមានវត្តមានក្នុងលំហាត់នេះ រួមជាមួយទីម័រខាងកើតដែលជាប្រទេសសង្កេតការណ៍ផង។ យោធាមីយ៉ាន់ម៉ា ដែលត្រូវបានអាម៉េរិក និងសហភាពអឺរ៉ុបដាក់ទណ្ឌកម្មចំពោះការបង្ក្រាបក្រុមតវ៉ាក្រោយរដ្ឋប្រហារឆ្នាំ២០២១ ក៏នឹងចូលរួមដែរ។
 
មេទ័ពឥណ្ឌូណេស៊ី បញ្ជាក់ទៀតថា លំហាត់រួមគ្នានេះ នឹងផ្ដោតលើការសង្រ្គោះ និងសន្តិសុខលំហសមុទ្រ មិនមែនលំហាត់ប្រយុទ្ធឡើយ។
 
«វាផ្តោតលើមជ្ឈភាពអាស៊ាន»។ លោក Margono បញ្ជាក់បែបនេះ។
 
កន្លងមក អាស៊ាន ធ្លាប់ធ្វើសមយុទ្ធជើងទឹកជាមួយអាម៉េរិកដែរ តែមិនធ្លាប់ធ្វើសមយុទ្ធក្នុងចំណោមរដ្ឋសមាជិករបស់ខ្លួនឡើយ។ ការប្រកាសធ្វើសមយុទ្ធនេះ កើតឡើងស្របពេលដែលអាម៉េរិក និងចិនកំពុងសង្រ្កឺតធ្មេញដាក់គ្នានៅសមុទ្រចិនខាងត្បូង បន្ទាប់ពីការប្រឈមមុខដ៏គ្រោះថ្នាក់ជាច្រើនលើកនាពេលចុងក្រោយ៕
 
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com