អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង​ថា ក្រុមប្រឹក្សាសន្តិសុខមិនអាចដោះស្រាយការបង្កហេតុរបស់កូរ៉េខាងជើងបាន
09, Jun 2023 , 12:08 pm        
រូបភាព
 
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ផាក ជីន (Park Jin) លើកឡើងថា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ (UNSC) នៅតែខ្វះខាតសមត្ថភាពក្នុងការដោះស្រាយការបង្កហេតុ​ខុស​ច្បាប់​ដោយ​កូរ៉េ​ខាងជើង។ លោកបង្ហាញពីចេតនារបស់ទីក្រុងសេអ៊ូលក្នុងការជំរុញឱ្យចិននិង​រុស្ស៊ីដើរ​តួនាទី​ស្ថាបនា​ចំពោះរឿងនេះផងដែរ។


 
នៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន Yonhap លោក ផាក ជីន បានកត់សម្គាល់ UNSC ថា ជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ (UN) ប៉ុន្តែ​មុខងារ​របស់​ស្ថាប័ន​នេះ​បែរជា​ខូចខាត​ក្នុង​ការ​ដោះស្រាយ​បញ្ហាបង្កហេតុ​ខុស​ច្បាប់ដោយក្រុងព្យុងយ៉ាងទៅវិញ។
 
រដ្ឋមន្ត្រីរូបនេះបានសំដៅទៅលើការប្រឆាំងម្តងហើយម្តងទៀតដោយចិន និងរុស្ស៊ីដែលជាសមាជិក​អចិន្ត្រៃយ៍ពីរក្នុងចំណោមសមាជិកក្រុមប្រឹក្សាទាំងប្រាំ និងមានអំណាចវេតូ ហើយដែល​ជារឿយៗជំ​ទាស់នឹងដំណោះស្រាយដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងព្យុងយ៉ាង។
 
«ខ្ញុំ​ជឿ​ថា ការ​បន្ត​ធ្វើ​បែប​នេះគឺមិនអំណោយផលដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​ទេ»។ លោក ផាក សង្កត់ធ្ងន់បែបនេះចំពោះការជំទាស់ម្ដងហើយម្ដងទៀតរបស់ក្រុងប៉េកាំង និងក្រុងមូស្គូ។ រដ្ឋមន្ត្រី​រូបនេះបន្ថែមថា ទីក្រុងសេអ៊ូលដែលត្រូវបានជ្រើសរើសថ្មីជាសមាជិកមិនអចិន្ត្រៃយ៍​ក្រុម​ប្រឹក្សាស​ម្រាប់​ឆ្នាំ២០២៤-២០២៥ មានបំណងជំរុញចិន និងរុស្ស៊ីឱ្យដើរតួនាទី​ស្ថាបនា​ដើម្បី​ដោះស្រាយ​ការ​គំរាម​របស់កូរ៉េខាងជើងទាំងក្នុងនិងក្រៅក្រុមប្រឹក្សា។ រឿងដែលចាំ​បាច់សម្រាប់​កូរ៉េខាងត្បូងនោះគឺ​បំពេញតួនាទី និងកាតព្វកិច្ចតាមស្មារតីនៃធម្មនុញ្ញ UN ដូចជាសន្តិភាព សិទ្ធិមនុស្ស និងការអភិវឌ្ឍ​។
 
នេះ​ជា​លើក​ទី​បី​ហើយ​សម្រាប់​កូរ៉េ​ខាង​ត្បូង​ដែល​ធ្វើ​ជា​សមាជិកមិនអចិន្រ្តៃយ៍​មួយ​ក្នុង​ចំណោម។ ប្រទេសមួយនេះ​បាន​កាន់​តំណែង​ជា​លើក​ដំបូង​ក្នុង​អំឡុង​អាណត្តិ​ឆ្នាំ១៩៩៦-១៩៩៧។ លោក ផាក បានវាយតម្លៃថា ចាប់តាំងពីពេលនោះមក ប្រទេសនេះបានរីកចម្រើនយ៉ាងខ្លាំងចំពោះភា​ព​រឹងមាំ​របស់​ខ្លួននៅលើឆាកពិភពលោក៕
 
 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com