អន្តរជាតិ
៤០ថ្ងៃក្នុងព្រៃអាម៉ាហ្សូន កុមារកូឡុំប៊ី៤នាក់រស់ដោយសារញ៉ាំឫសរុក្ខជាតិ ផ្លែឈើ គ្រាប់ធញ្ញជាតិ
12, Jun 2023 , 9:29 pm        
រូបភាព
កុមារ៤នាក់ ត្រូវបានយោធាកូឡុំប៊ីជួយសង្រ្គោះ។ រូបថត AP
កុមារ៤នាក់ ត្រូវបានយោធាកូឡុំប៊ីជួយសង្រ្គោះ។ រូបថត AP
ដោយ៖ សេង វុទ្ធី 
 
កុមារ៤នាក់បងប្អូន ដែលនៅរស់រានមានជីវិតក្រោយគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ ត្រូវបានអាជ្ញាធរកូឡុំប៊ី រកឃើញនៅថ្ងៃទី៩ ខែមិថុនា ពោលគឺ៤០ថ្ងៃក្រោយហេតុការណ៍ដែលកើតនៅព្រៃអាម៉ាហ្សូនរបស់កូឡុំប៊ី។ អ្នកបើកបរយន្តយហោះ និងម្ដាយរបស់ពួកគេដែលបានរួមដំណើរជាមួយគ្នានោះ បានបាត់បង់ជីវិត។ 
 
កុមារជនជាតិដើម Huitoto ទាំង៤នាក់ មានអាយុ១៣ឆ្នាំ ៩ឆ្នាំ ៤ឆ្នាំ និងម្នាក់ទៀតទើបតែ១ឆ្នាំប៉ុណ្ណោះ។  ក្រោយការធ្លាក់យន្តហោះនោះនៅថ្ងៃទី១ ខែឧសភា រដ្ឋាភិបាលកូឡុំប៊ី បានប្រើប្រាស់កម្លាំងទាហានប្រមាណមួយរយនាក់ និងក្រុមកុលសម្ព័ន្ធជាច្រើននាក់ ដែលសុទ្ធតែមានជំនាញនៅក្នុងការដើរព្រៃជ្រៅៗ ខណៈដែលព្រៃនោះសម្បូរដោយសត្វពស់ ខ្លា និងមានហានិភ័យគ្រោះធម្មជាតិផ្សេងៗទៀត។ 
 
ក្នុងប្រតិបត្តិការនេះ ឧទ្ធម្ភាគចក្រ ​បានហោះពីលើព្រៃដើម្បីទម្លាក់កញ្ចប់សង្គ្រោះជីវិតជាងមួយរយកញ្ចប់ មានស្បៀងអាហារ ទឹកស្អាត ចំណីអាហារ និងប្រើប្រាស់ប្រដាប់បំពងសំឡេងនិយាយជាភាសាកុលសម្ព័ន្ធដើម្បីឱ្យក្មេងទាំងនោះឈប់ដើរទៅណា។ 
 
ប្រតិបត្តិការដែលត្រូវឱ្យឈ្មោះថាក្ដីសង្ឃឹម គ្របដណ្ដប់ព្រៃទំហំប្រមាណ៣២៣គីឡូម៉ែត្រការ៉េ បន្ទាប់មកទៀតបង្រួមនៅត្រឹម២០គីឡូម៉ែត្រការ៉េ។ ក្រោយពីការខិតខំប្រឹងប្រែងអស់រយ:ពេលជាច្រើនថ្ងៃ ក្រុមអ្នករុករក ក៏បានប្រទះឃើញស្នាមបាតជើង កន្ត្រៃ ស្បែកជើង និងផ្លែឈើថ្មីៗ​ ដែលកុមារទាំងនោះបានខ្ជាក់ចោល រួមទាំងជម្រកបណ្ដោះអាសន្នរបស់ក្មេងៗទាំងនោះ។ 
 
ជាភ័ពសំណាង ថ្ងៃទី៩ខែមិថុនា វេលាម៉ោង៩យប់ ក្រសួងការពារជាតិកូឡំប៊ីបានប្រកាសអំពីការរកឃើញក្មេងទាំង៤នាក់ រួចដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯទីក្រុងបូហ្គោតារដ្ឋធានីរបស់កូឡុំប៊ី។ 
 
ប្រធានាធិបតីកូឡុំប៊ី Gustavo Petro បានកោតសរសើរក្មេងទាំងបួននាក់ ដែលអាចត្រដរស់ដោយខ្លួនឯង រហូតទាល់តែបានជួបនិងក្រុមអ្នកជួយសង្គ្រោះ ហើយសកម្មភាពនេះ ត្រូវចារជាប់នៅក្នុងប្រវត្តិសាស្ត្រ។ លោកបានបន្ថែមថា ក្មេងទាំងបួននាក់នេះ គឺជាកូនរបស់សន្តិភាពនិងជាកូនរបស់កូឡុំប៊ី។ 
 
លោក Luis Acosta នាយកអង្គការជនជាតិដើម ប្រាប់ទីភ្នាក់ងារព័ត៌មានថា ពួកគេនាំគ្នាញាំឫសឈើ ផ្លែឈើ និងធញ្ញជាតិដែលអាចបរិភោគអំឡុងពេលការត្រាច់ចរនេះ។ ឯរដ្ឋមន្រ្តីការពារជាតិកូឡុំប៊ី Ivan Velasquez ដែលបានសួរសុខទុក្ខកុមារទាំង៤ និយាយថា ពួកគេកំពុងល្អប្រសើរឡើងវិញហើយ តែមិនអាចបរិភោគអាហាររឹងបាននៅឡើយ៕
 

Tag:
 កូឡុំប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com