ជាតិ
អង្ករ ម្រេច និងគ្រាប់ស្វាយចន្ទី នឹងត្រូវយកទៅពិព័រណ៍​ពាណិជ្ជកម្មនៅអាម៉េរិក
15, Jun 2023 , 7:59 pm        
រូបភាព
ភ្នំពេញ៖ អង្ករ ម្រេច និងគ្រាប់ស្វាយចន្ទី នឹងត្រូវយកទៅពិព័រណ៍​ពាណិជ្ជកម្មនៅ ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាម៉េរិក។ ព្រឹត្តិការណ៍នេះ ត្រូវបានគេរំពឹងមានក្រុមហ៊ុនកម្ពុជាជាង ១០០ចូលរួម ដើម្បីផ្សព្វផ្សាយផលិតផលសក្ដានុពលក្នុងស្រុកទៅកាន់ទីផ្សារអាម៉េរិក ដែលជាឱកាសបើកឱ្យមានការពិភាក្សាអំពីការវិនិយោគ ផងដែរ។ 



យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំកាលីហ្វ័រ​នីញ៉ា កាលពីថ្ងៃទី១ ខែមិថុនា លោក គឹម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងឡុងប៊ិច បានលើកឡើងថា ពិព័រណ៍នេះ គឺជាវេទិការរបស់កម្ពុជា ក្នុងការបង្ហាញពីផលិតផលចម្រុះរបស់ខ្លួន ទៅកាន់ទីផ្សារអាម៉េរិក។ ទន្ទឹមនោះដែរ អ្នកចូលរួមនឹងបានឱកាសស្វែងយល់ និងភ្លក់ ផលិតសក្ដានុពលរបស់ខ្មែរមួយចំនួនដូចជា មុខម្ហូបខ្មែរ ជាពិសេស អង្ករ ម្រេច គ្រាប់ស្វាយចន្ទី និងផលិតផលប្លែកៗជាច្រើនទៀត។
 
ពិព័រណ៍នេះ គ្រោងធ្វើឡើងនៅ The Holiday Inn ទីក្រុងឡុងប៊ិច ថ្ងៃទី៩ ខែវិច្ឆិកា ដោយបើកចំហដើម្បីឱ្យមានការពិភាក្សាអំពីឱកាសវិនិយោគនៅក្នុងទីផ្សារអាម៉េរិក ផងដែរ។  
 
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាម៉េរិក ​មាន​ការ​រីកចម្រើន​ខ្លាំង។ ជាក់ស្ដែង នៅឆ្នាំ២០២១ អាម៉េរិក បាននាំចូលផលិតផលកម្ពុជាកើនឡើងដល់ ៨.៧ ពាន់លានដុល្លារ ខណៈការនាំចេញរបស់អាម៉េរិកមានចំនួន ៤១៤លានដុល្លារ។ 
 
ការនាំចូលសំខាន់ៗរបស់សហរដ្ឋអាម៉េរិកពីកម្ពុជា ភាគច្រើនសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ដែលផ្តល់ការងារដល់ប្រជាជនកម្ពុជាជាង១លាននាក់ ភាគច្រើនជាស្ត្រី។ ការ​នាំ​ចេញ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​របស់​អាម៉េរិក មក​កម្ពុជា​វិញ រួម​មាន​យានជំនិះ ចំណី​សត្វ និង​សេវា​ឌីជីថល៕
 

Tag:
 កសិកម្ម
  ពាណិជ្ជកម្ម
  អង្ករ
  ម្រេច
  គ្រាប់ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com