ជាតិ
អាជ្ញាធរបង្រ្កាបបានសាច់មាន់ និងប្រហិត ខូចគុណភាពនាំចូលពីថៃ ចំនួន ៨តោន
15, Jun 2023 , 4:26 pm        
រូបភាព
រូបភាព៖ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
រូបភាព៖ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បង្រ្កាបបានសាច់មាន់ និងប្រហិត ខូចគុណភាព៨តោន ដែលនាំចូលគ្មានច្បាប់ពីប្រទេសថៃ។ នេះបើយោងតាម លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី ១៥ ខែមិថុនា។



លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា នៅព្រឹក​​ ថ្ងៃទី១៥ ខែមិថុនា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំងមួយកន្លែងនៅចំណុចខាងជើងផ្សារត្រី ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយរកឃើញសាច់សត្វមាន់ និងប្រហិតចម្រុះចំនួន ៨ ៥២០គីឡូក្រាម នាំចូលមកពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
 
ផលិតផលមានកំណើតពីសត្វទាំងនេះ ត្រូវបានក្រុមមន្រ្តីជំនាញពិនិត្យឃើញថា មិនបានរក្សាទុកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទាំងសីតុណ្ហភាព និងអនាម័យ។ ករណីនេះ ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ ស្នើសុំការអនុញ្ញាតពីព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ ដុតចោល វត្ថុតាងបទល្មើសខាងលើនេះតាមវិធានបសុពេទ្យ៕ 
 

Tag:
 សាច់សត្វមាន់
  ប្រហិតចម្រុះ
  សុខភាពសត្វ និងផលិតកម្មសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com