ជាតិ
អង្គការទស្សនៈពិភពលោក៖ បញ្ហាកង្វះអាហារូបត្ថម្ភ លើកុមារកម្ពុជា ថយចុះយឺត
17, Jun 2023 , 10:00 am        
រូបភាព
ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំកម្ពុជា (WVI-C) បានកត់សម្គាល់ថា បញ្ហាកង្វះអាហារូបត្ថម្ភ លើកុមារកម្ពុជា ហាក់ថយចុះយឺត ជាងផែនការសកម្មភាព។ យ៉ាងណា អង្កការមួយនេះ បានប្រើប្រាស់គ្រប់វិធីសាស្រ្ត ដូចជា កិច្ចអន្តរាគមន៍សុខភាព និងអាហារូបត្ថម្ភ, កម្មវិធីទឹកស្អាត និងអនាម័យ (WASH) ព្រមទាំងគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ ដើម្បីដោះស្រាយឬសគល់នៃកង្វះអាហារូបត្ថម្ភ នៅកម្ពុជា។


 
យោងតាម សេចក្តីប្រកាសព័ត៌មាន ស្ដីពីការពិគ្រោះយោបល់អំពីប្រព័ន្ធស្បៀង ពាំនាំនូវបញ្ហាប្រឈម និងអនុសាសន៍ សម្រាប់ដាក់បញ្ចូលក្នុង  «វេទិកាលើកទី៣ នៃយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ» របស់ WVI-C នៅថ្ងៃទី ១៥ ខែមិថុនា ដ្បិតកម្ពុជាមានការរីកចម្រើន ប៉ុន្តែបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ នៅតែជាកង្វល់អស់រយៈពេលជាច្រើនទស្សវត្សរ៍ ដែលបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍប្រាជ្ញាស្មារតី និងកាយសម្បទារបស់កុមារ។ 
 
វេទិកាលើកទី២ នៃយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានកំណត់គោលដៅកាត់បន្ថយបញ្ហាក្រិសក្រិនរបស់កុមារពី ៣២ភាគរយ ក្នុងឆ្នាំ២០១៤ មកត្រឹម ២៥ភាគរយ ក្នុងឆ្នាំ២០២៣។ ប៉ុន្តែ ជាលទ្ធផល ការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជា (CDHS) ឆ្នាំ២០២១-២០២២ បង្ហាញថា គោលដៅនេះ សម្រេចបានត្រឹម ២២ភាគរយ ប៉ុណ្ណោះ។
ទិន្នន័យពី CDHS បានបញ្ជាក់ដែរថា បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ គឺស្ទើរតែមិនផ្លាស់ប្តូរ ធៀបរវាង ឆ្នាំ២០១៤ មាន ១០ភាគរយ និង ឆ្នាំ២០២១ ៩,៩ ភាគរយ ដែលមិនសម្រេចតាមផែនការកំណត់ឱ្យបាន៨ភាគរយ។ 
 
លោក សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា ប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ គឺជាបញ្ហាអន្តរវិស័យ ហើយប្រឈមនឹងបញ្ហាជាច្រើន ដោយសារការផ្លាស់ប្តូរនៃបរិស្ថានស្បៀងយ៉ាងឆាប់រហ័ស។
 
ដើម្បីលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភ រដ្ឋាភិបាលកម្ពុជា បានរៀបចំ និងផ្សព្វផ្សាយឯកសារ លិខិតបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់នានា រួមមាន ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភ, យុទ្ធសាស្ត្រជាតិលើកទី២ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឆ្នាំ២០១៩-២០២៣។  ផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងអាហារសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និងផែនការសកម្មភាព និងយុទ្ធសាស្រ្តតាមវិស័យ ដែលមានគោលបំណង «បញ្ចប់ភាពអត់ឃ្លាន ការសម្រេចបាននូវសន្តិសុខស្បៀង ការកែលម្អអាហារូបត្ថម្ភ និងការលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព» សម្រាប់បង្កើនផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ច។  
 
លោក សុខ សីឡូ បានបន្ថែមដូច្នេះថា៖ «កិច្ចសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេសនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល  និងដៃគូអភិវឌ្ឍន៍ គឺជាកត្តាចំបាច់ ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា។ យើងមានគោលនយោបាយ បទប្បញ្ញត្តិ និងក្របខ័ណ្ឌរួចហើយ ប៉ុន្តែយើងពិតជាត្រូវការកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព»។
 
កន្លងមក រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ថវិកាជាង ៦៧លានដុល្លារអូស្រ្តាលី ជួយដល់កម្មវិធីរបស់ អង្គការទស្សនៈពិភពលោក។ ជំនួយទាំងនេះ រួមបញ្ចូលទាំងគម្រោង ពង្រីកសេវាកសិកម្ម និងសិទ្ធិលក់ដូរខ្នាតតូច (ម៉ាស់២) ដែលផ្តោតលើការលើកកម្ពស់ជីវភាពរបស់សហគមន៍កសិកម្ម និងបច្ចេកទេសកសិកម្ម ព្រមទាំងការផ្សារភ្ជាប់ទីផ្សារជាដើម។ 
 
ទោះបី គម្រោងនេះបានបញ្ចប់ក៏ដោយ ប៉ុន្តែ ស្ថានទូតអូស្រ្តាលី រីករាយដោយសារគម្រោងនេះ បានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ និងប្រព័ន្ធស្បៀង។ 
 
នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា លោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ បានបញ្ជាក់ថា អង្គការទស្សនៈពិភពលោក កំពុងអនុវត្តការងារលើផ្នែកកសិកម្ម តាមរយៈកម្មវិធីអនុវត្ត បច្ចេកទេសដាំដុះ និងការអនុវត្តជាក់ស្តែងនៅតាមកសិដ្ឋានសហគមន៍ ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀង និងបង្កើនសេដ្ឋកិច្ចគ្រួសារ។ 
 
ទោះជាបែបនេះក្ដី បញ្ហាប្រឈម និងឧបសគ្គនៅតែកើតមានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលធ្វើកម្ពុជាមិនទាន់សម្រេចបាននូវប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តភាព។ លោកថា ការជម្នះបញ្ហាប្រឈមទាំងអស់ គឺជាការងារសំខាន់ នៅកម្រិតថ្នាក់ជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាអាហារូបត្ថម្ភ៕ 
 

Tag:
 អាហារូបត្ថម្ភ
  ក្រិសក្រិន
  អង្គការទស្សនៈពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com