ជាតិ
ការសិក្សាជំនាញមិនត្រូវយកភេទដាក់ជាបញ្ហា សំខាន់ត្រូវរៀនឱ្យច្បាស់
17, Jun 2023 , 11:31 am        
រូបភាព
និស្សិតស្រីក្នុងទិវាTVETលើកទី៦ នៅខេត្តសៀមរាប នាថ្ងៃទី១៥ មិថុនា។
និស្សិតស្រីក្នុងទិវាTVETលើកទី៦ នៅខេត្តសៀមរាប នាថ្ងៃទី១៥ មិថុនា។
សៀមរាប៖ ការផ្លាស់ប្ដូរនៃសង្គមបច្ចុប្បន្ន ក៏តម្រូវឱ្យយើងម្នាក់ៗរត់ទៅតាមនោះដែរ។ សង្គមការងារសព្វថ្ងៃ ហាក់ងាកចូលខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យា និងជំនាញវិជ្ជាជីវៈ។ តម្រូវការការងារទាំងនោះ មានចំនួនកើនឡើងប្រចាំឆ្នាំ ហើយវាជាឱកាសសម្រាប់អ្នកមានជំនាញពិតប្រាកដមិនថាបុរសឬស្រ្តី។

 
ខេត្តសៀមរាបបានប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៦ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ»។ សិស្សនិស្សិតប្រមាណជាង១ពាន់នាក់បានចូលរួមក្នុងពិធីនៅពេលនោះ ដោយមានការតាំងបង្ហាញស្នាដៃពីសិស្សនិស្សិតនៃសាលាបណ្ដុះបណ្ដាលបច្ចេកទេសទាំងពីរនៅក្នុងខេត្តសៀមរាប។ 
 
អភិបាលរងខេត្តសៀមរាប លោកស្រី ម៉ននី រង្សី បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងជំរុញលើគោលនយោបាយស្ដីពីការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយបានបង្ខិតជំនាញទាំងនោះមកដល់មូលដ្ឋាន។ លោកស្រីថា ខេត្តសៀមរាបមានសាលាបច្ចេកទេសចំនួនពីរ គឺវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលជាសេនាធិការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
 
អភិបាលរងស្រ្តីរូបនេះក៏លើកទឹកចិត្តឱ្យសិស្សានុសិស្ស តោងចាប់រៀនជំនាញណាដែលមានតម្រូវការទីផ្សារ ជាជាងជំនាញដែលខ្លួនស្រឡាញ់។ លោកស្រី រង្សី លើកឡើងដូច្នេះថា៖« អ្នកខ្លះនៅតែរក្សា គំនិតដដែល ដែលថាស្រឡាញ់អីរៀនហ្នឹង ខ្ញុំមិនប្រឆាំងទេ តែគួរគិតពីតម្រូវការទីផ្សារបច្ចុប្បន្នផង។ ឧទាហរណ៍ ម្នាក់ៗចប់ទៅរៀនគ្រប់គ្រង សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វាច្រើនពេកហួសតម្រូវការ ដូចជាជំនាញទេសចរណ៍ តើអូតែលនៅសៀមរាបគ្រប់តាមចំនួនសិស្សដែលរៀនទាំងនោះទេ»?


អភិបាលរងខេត្តសៀមរាបលោកស្រី ម៉ននី រង្សី (អាវប្រពៃណី) ចុះមើលស្ដង់ពិព័រណ៍ក្នុងទិវា TVET ។
 
បន្ថែមពីនេះ លោកស្រី រង្សី ក៏ចង់ផ្លាស់ប្ដូរការគិតរបស់សិស្សស្រីមួយចំនួនដែរ ដែលគិតថាជំនាញខ្លះ មិនសមនឹងភេទខ្លួន។ លោកស្រីថា៖« ផ្នត់គំនិតយើងតែងគិតថា កូនស្រីធ្វើការងារ និងរៀនសូត្រតែខាងស្រី ឧទាហរណ៍ ការងារផ្ទះ ជុំវិញចង្រ្កានបាយ អ៊ុតសក់ ចុងភៅ កាត់ដេរ។ល។ តែនៅទីនេះចង់លើកទឹកចិត្តថា ថ្ងៃនេះម៉ោងនេះ ឆ្នាំ២០២៣ហើយ អ្វីដែលជាវប្បធម៌យើងនៅតែអភិរក្ស តែអ្វីដែលជាការរីកចម្រើនអភិវឌ្ឍន៍ពិភពលោក យើងត្រូវតែឆ្ពោះទៅមុខ ដូច្នេះសូមបង្វែរការគិតរបស់ក្មួយៗទាំងអស់…គឺត្រូវគិតថាធ្វើអ្វីដែលជុំវិញតម្រូវការទីផ្សារ»។ 
 
ក្រៅពីការលើកទឹកចិត្ត និងជំរុញដូច្នេះ លោកស្រី រង្សី ក៏ចង់ឃើញសិស្សស្រីជាច្រើន រៀនជំនាញដែលថ្មី និងកន្លងមកមិនសូវមានអ្នករៀន ដូចជាវិស្វកម្មអគ្គិសនីជាដើម។ លោកស្រីលើកឡើងថា ស្រ្តីក៏អាចរៀន ជំនាញនេះបានដូចបុរសដែរ ហើយការងារមិនប្រកាន់ភេទទេ សំខាន់ធ្វើម៉េចឱ្យពូកែ និងមានជំនាញឱ្យ បានច្បាស់លាស់។
 
និស្សិតឆ្នាំទី២ ជំនាញវិស្វកម្មអគ្គិសនី នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប កញ្ញា សំរិទ្ធ វិច្ឆិកា ប្រាប់ថា នាងសប្បាយចិត្តនឹងរៀនជំនាញមួយនេះដោយមិនគិតថាវាខុសភេទឡើយ។ វិច្ឆិកា ស្រឡាញ់ជំនាញនេះ នឹងប្រាថ្នាចង់ក្លាយជាបុគ្គលិកនៅអគ្គិសនីកម្ពុជាមួយរូបនាពេលអនាគត។ 
 
វិច្ឆិកា បន្តថា៖« ជំនាញនេះមិនថាបុរសទេ ស្រីក៏រៀនបានដែរ ណាមួយទីផ្សារមានច្រើន ខ្ញុំគិតថា ឱកាសការងារមានច្រើន ណាមួយគេផ្តល់អាទិភាពដល់មនុស្សស្រីច្រើន អ៊ីចឹងខ្ញុំគិតថានឹងចាប់ជំនាញមួយហ្នឹង ហើយធ្វើវាឱ្យបានល្អ»៕


 

Tag:
 TVET
  ជំនាញវិជ្ជាជីវៈ
© រក្សាសិទ្ធិដោយ thmeythmey.com