ជាតិ
ប្រធាន សសយក យកថវិកាជិត៤២លានរៀលជួយមន្ទីរពេទ្យកុមារអង្គរ
17, Jun 2023 , 12:29 pm        
រូបភាព
លោក ហ៊ុន ម៉ានី ពេលចុះយកថវិកា និងមើលមន្ទីរពេទ្យកុមារអង្គរនាថ្ងៃទី១៤ មិថុនា។ រូបភាព៖ ហ្វេសប៊ុក Hun Many
លោក ហ៊ុន ម៉ានី ពេលចុះយកថវិកា និងមើលមន្ទីរពេទ្យកុមារអង្គរនាថ្ងៃទី១៤ មិថុនា។ រូបភាព៖ ហ្វេសប៊ុក Hun Many
សៀមរាប៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) លោក ហ៊ុន ម៉ានី បានយកថវិកាដែលបានពីការលក់សំបុត្រ អាវយឺត នៃកម្មវិធីរត់ និងជិះកង់ មុនព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កំឡុងខែមេសាសរុប ៤១លាន៨សែនរៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាប។

 
ថវិកាខាងលើត្រូវបានលោក ហ៊ុន ម៉ានី សហការី និងអភិបាលខេត្តសៀមរាបផង យកជូនដល់មន្ទីរពេទ្យ នៅថ្ងៃទី១៤ មិថុនាកន្លងទៅ។ លោក ហ៊ុន ម៉ានី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា ថវិកាទាំងអស់ នឹងយកទៅប្រើប្រាស់ដើម្បីព្យាបាលកុមារដែលកំពុងសម្រាកព្យាបាលជំងឺ។ 
 
ប្រធានមន្ទីរពេទ្យកុមារអង្គរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្ដា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ខាងមន្ទីរពេទ្យពិតជារីករាយចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ តួយ៉ាងលោក ហ៊ុន ម៉ានី។ លោកថា សកម្មភាពនេះ ជាគំរូដ៏ល្អសម្រាប់ឥស្សរជនជាន់ខ្ពស់កម្ពុជា ក្នុងការគិតគូរដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងបេសកកម្មភាពពិនិត្យ និងព្យាបាលជំងឺកុមារកម្ពុជា។ 
 
«ខ្ញុំមានមោទនភាពដែលថ្នាក់ដឹកនាំពិសេសឯកឧត្តម ហ៊ុន ម៉ានី អភិបាលខេត្តសៀមរាប និងលោកជំទាវ បានចូលរួមជួយមន្ទីរពេទ្យ។ ការណ៍នេះអាចឱ្យយើងបន្តបេសកកម្ម និងបន្តជួយកូនក្មេងបន្តទៀត។ វាជាគំរូមួយដ៏ល្អសម្រាប់ឥស្សរជនផ្សេងៗទៀតដែលចូលរួមជួយសង្គមជាតិទាំងមូល»។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្ដា។


 
វិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យមន្ទីរពេទ្យកុមារអង្គរជួបបញ្ហា ពិសេសការថយចុះខ្លាំងចំពោះសប្បុរសជនពីក្រៅស្រុក ដែលធ្លាប់រួមចំណែកដ៏ធំ។ យ៉ាងណា មន្ទីរពេទ្យនេះបានងាកមកស្វែងរកមូលនិធិក្នុងស្រុក ដោយបានកៀរគរសប្បុរសជនជាច្រើនចូលរួម និងរៀបចំពិធីបុណ្យរៃអង្គាសប្រចាំឆ្នាំ។ លោក ងួន ច័ន្ទភក្រ្ដា បានឱ្យដឹងថា បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំនេះមានការចូលរួមពីសប្បុរសជនមានសកម្មភាពផុសផុលច្រើន ហើយត្រឹមពាក់កណ្ដាលឆ្នាំនេះ មន្ទីរពេទ្យបាន ទទួលថវិកាជាង៥០ភាគរយហើយ នៃចំនួនថវិកាចំណាយប្រចាំឆ្នាំដែលសរុបប្រមាណ ៥,៥លានដុល្លារអាមេរិក។
 
ប្រធានមន្ទីរពេទ្យកុមារអង្គរលើកឡើងថា៖« មួយឆ្នាំយើងចំណាយអស់ ៥,៥លានដុល្លារ លើសេវាចំនួនបី មានសេវាមន្ទីរពេទ្យ កម្មវិធីបណ្ដុះបណ្ដាល និងកម្មវិធីសហគមន៍ បូកនិងកម្មវិធីសង្រ្គោះទារកនៅខេត្តព្រះវិហារ»៕



Tag:
 អង្គរសង្រ្កាន្ត
  ហ៊ុន ម៉ានី
  មន្ទីរពេទ្យកុមារអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com