ជាតិ
ខ្លក់ខ្លក់! ខ្លាក់ខ្លាក់! ល្បែងក្មេង «ឡាតូ-ឡាតូ» កំពុងល្បីល្បាញ តែប្រយ័ត្នគ្រោះថ្នាក់ដល់ក្មេង
20, Jun 2023 , 5:07 pm        
រូបភាព
ឡាតូ-ឡាតូ ក៏កំពុង​ពេញនិយមនៅកម្ពុជាផងដែរ។ រូបថត សែម វណ្ណា
ឡាតូ-ឡាតូ ក៏កំពុង​ពេញនិយមនៅកម្ពុជាផងដែរ។ រូបថត សែម វណ្ណា
ដោយ: រួបរួម
ឡាតូ-ឡាតូ ដែលអាចសរសេរជាឡាតាំង Lato-Lato ឬ Latto-Latto កំពុងក្លាយជាល្បែងដ៏មានប្រជាប្រិយក្នុងចំណោមក្មេងៗនៅអាស៊ី-អាគ្នេយ៍ ដែលក្នុងនោះមានកម្ពុជា ផងដែរ។  ជាល្បែងដែលអាចជួយបំបាត់ការអផ្សុក ប៉ុន្តែពេលខ្លះវាក៏ជាអាវុធមុខពីរផងដែរ។

 
សំឡេង «ខ្លក់ខ្លក់! ខ្លាក់ខ្លាក់!» បន្លឺឡើងនៅពេលដែលគ្រាប់បាល់ប្លាស្ទិកភ្ជាប់ដោយខ្សែទាំងពីរ ប៉ះគ្នា តាមរយៈការបញ្ជារបស់អ្នកលេង។ វាសំឡេងដែលទាក់ទាញកុមារ និងយុវជន ជាពិសេសនៅទីកម្សាន្តសាធារណៈនានា។
 
សារព័ត៌មានឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ក៏ដូចជាសិង្ហបុរី សុទ្ធតែរាយការណ៍អំពីប្រជាប្រិយភាពរបស់ល្បែងលេងមួយនេះ នាពេលបច្ចុប្បន្ន។ នៅកម្ពុជាឯណេះវិញ ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ក៏សង្កេតឃើញមាននិន្នាកាបែបនេះផងដែរ ទាំងនោះរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងបណ្តាខេត្តមួយចំនួនទៀត។
 
យោងតាម CAN ពាក្យ Latto-Latto ទំនងចេញពីពាក្យប៊ែហ្គីស នៃអំបូរភាសាម៉ាឡេយ៉ូ-ប៉ូលីនេស៊ាន (Malayo-Polynesian) ដែលមានន័យថា «បង្កើតសំឡេងខ្លាក់-ខ្លាក់» (Making Clacking Sounds)។ ទោះល្បែងនេះ ទើបតែផុសផុលតាមរយៈក្រុមអ្នកលេង TikTok នៅឥណ្ឌូណេស៊ី ក៏ពិតមែន ប៉ុន្តែវាធ្លាប់មានប្រជាប្រិយភាពនៅសហរដ្ឋអាម៉េរិក តាំងពីអំឡុងឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ មកម៉្ល៉េះ ក្រោមឈ្មោះថា «Clackers»។
 
ពិតណាស់ វាជាល្បែងដែលនាំឱ្យកុមាររីករាយ និងអាចកាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិករបស់ពួកគេ ប៉ុន្តែអ្នកជំនាញមួយចំនួន បានអះអាងថា វាមិនល្អនោះឡើយសម្រាប់ក្មេងអាយុក្រោម១២ឆ្នាំ។ សមាគមអ្នកប្រើប្រាស់ផលិតផលម៉ាឡេស៊ី PPMM បានព្រមានថា ឡាតូ-ឡាតូ អាចធ្វើឱ្យកុមាររងរបួសគ្រប់ពេលវេលា។
 
លោក Mohd Afiq Salim ប្រធាន PPMM បាននិយាយក្នុងបទសម្ភាសជាមួយសារព័ត៌មាន Harian Metro ថា លោករកមិនឃើញផលល្អសម្រាប់កុមារក្នុងការលេងល្បែងនេះឡើយ ផ្ទុយទៅវិញលោកមើលឃើញតែគ្រោះថ្នាក់ ជាពិសេសការហូរចូលល្បែងនេះ ទៅដល់តាមសាលារៀន។
 
ជាមួយគ្នានេះផងដែរ រដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក រួមទាំងអាជ្ញាធរជំនាញចក្រភពអង់គ្លេស និងកាណាដា ក៏ធ្លាប់បានហាមប្រាមការលេងឡាតូ-ឡាតូ ផងដែរសម្រាប់កុមារ ក្រោយមានករណីគ្រោះថ្នាក់មួយចំនួន។ នេះបើតាមការផ្សាយរបស់ Thestoly.com។
 
ទោះបីជាយ៉ាងណាក៏ដោយ មតិមួយចំនួននៅតែអះអាងថា ការលេងដោយត្រឹមត្រូវ មិនបង្កជាបញ្ហានោះឡើយ ហើយវាជាតួនាទីរបស់អ្នកលក់ ក៏ដូចជាឪពុកក្នុងការណែនាំកូនៗ ដើម្បីឱ្យពួកគេទទួលបាននូវភាពសប្បាយរីករាយពីការលេងឡាតូ-ឡាតូ។

តែ​បើ​ប្រៀបធៀបឱ្យមែនទែនទៅ សម្រាប់កុមារ ការលេងឡាតូ-ឡាតូ អាច​ប្រឈម​គ្រោះថ្នាក់តិចជាងការ​​លេង​ដំបងពីរកំណាត់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com