អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុន នឹងចូលរួមជាមួយកិច្ចប្រជុំកំពូលមេដឹកនាំសម្ព័ន្ធណាតូនៅលីទុយអានី
22, Jun 2023 , 9:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២១ ខែមិថុនា បានប្រកាសថា លោកគ្រោងធ្វើ​ទស្សនកិច្ចនៅលីទុយអានីនៅខែក្រោយដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំសម្ព័ន្ធយោធាណាតូ

 
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក គីស៊ីដា បានបង្ហាញពីការពង្រឹងវិធានការការទូត និង​សន្តិសុខដែលជាអាទិភាពក្នុងគោលនយោបាយរបស់លោកនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។
 
គោលដៅ​ដែល​លោក​បាន​និយាយគឺការ​លើក​កម្ពស់​វត្តមាន​របស់​​ជប៉ុន​ក្នុង​សង្គម​អន្តរជាតិ​ និងដើម្បី​ការពារ​សន្តិភាព​​ប្រទេស និង​ជីវិត​ប្រជាជន​។​ លោកក៏បញ្ជាក់ពីវត្តមានរបស់លោកក្នុង​កិច្ច​ប្រជុំ​កំពូល​មេដឹកនាំណាតូនៅថ្ងៃទី១១ និងទី១២ ខែកក្កដានៅលីទុយអានីតាមការអញ្ជើញរបស់សម្ព័ន្ធមួយនេះ។ លោក​ក៏​នឹង​ទៅ​ទស្សនាទីស្នាក់ការ​របស់​​ណាតូសនៅ​បែលហ្ស៊ិក​ផង​ដែរ។ 
 
បន្ថែមពីនេះ ការពិភាក្សាក៏កំពុងដំណើរការផងដែរដើម្បីបើកការិយាល័យណាតូនៅជប៉ុន។
 
ដោយពណ៌នាអំពីបរិយាកាសសន្តិសុខបច្ចុប្បន្នរបស់ពិភពលោកជាបញ្ហាធ្ងន់ធ្ងរ និងស្មុគស្មាញ​បំផុត​នៅសម័យក្រោយសង្គ្រាម មេដឹកនាំជប៉ុនប្តេជ្ញានឹងប្រើប្រាស់ឧបករណ៍ការទូតឱ្យបានពេញលេញ​ដើម្បី​រួមចំណែកដល់សន្តិភាព និងស្ថិរភាពរបស់ពិភពលោក ខណៈពេលដែលបម្រើ​ផល​ប្រយោជន៍​ជាតិ​ជប៉ុនដែរ។
 
បើតាមលោក គីស៊ីដា​ជប៉ុននឹងសហការជាមួយអាម៉េរិកលើគោលនយោបាយសម្រាប់ចិន ហើយលើកទឹកចិត្តទីក្រុងប៉េកាំងឱ្យបំពេញទំនួលខុសត្រូវរបស់ខ្លួន​ក្នុងនាមជាមហាអំណាច​សកល​ដើម្បី​គោរពច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ។
 
«វាមានសារសំខាន់ណាស់ក្នុងការបន្តការខិតខំដើម្បីឱ្យមានការសន្ទនាយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិតរួមទាំងខ្លួនខ្ញុំផងដែរ ហើយនៅក្នុងដំណើរការនោះ ខ្ញុំនឹងពិចារណាអំពីដំណើរទស្សនកិច្ច​របស់​ខ្ញុំ​ទៅ​កាន់​ចិនទោះបីជាគ្មានអ្វីត្រូវបានសម្រេចក៏ដោយ»។ មេដឹកនាំជប៉ុនលោកគីស៊ីដាសង្កត់ធ្ងន់បែបនេះ រួច​បន្ត​ថា កិច្ចសន្ទនាជាមួយចិនក៏សំខាន់ដើម្បីអភិវឌ្ឍទំនាក់ទំនងប្រកបដោយការស្ថាបនា និង​មាន​ស្ថិរភាព​ជាមួយទីក្រុងប៉េកាំង ស្របពេលបន្តកិច្ចសហការជាមួយសម្ព័ន្ធមិត្ត​អាម៉េរិក​ដ៏​សំខាន់។
 
លោក គីស៊ីដា ក៏បានសម្គាល់លើសារសំខាន់នៃកិច្ចសន្ទនាជាមួយកូរ៉េខាងជើង ហើយបានរំលឹក​ឡើងវិញពីឆន្ទៈបើកកិច្ចប្រជុំកំពូលដែលអាចធ្វើទៅបានជាមួយមេដឹកនាំ គីម ជុងអ៊ុន លើបញ្ហាចាប់ ពង្រត់ជនជាតិជប៉ុនដោយទីក្រុងព្យុងយ៉ាង៕
 
 

Tag:
 ជប៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com