ជាតិ
ស្ថាប័នសារព័ត៌មានកម្ពុជា និងចិន បង្កើនកិច្ចសហប្រតិបត្តិការផ្សព្វផ្សា​យព័ត៌មានល្អៗពីគ្នា
22, Jun 2023 , 5:14 pm        
រូបភាព
 ប្រតិភូអ្នកសារព័ត៌មានកម្ពុជាថតរូបរួមគ្នាជាមួយតំណាងកាសែត GuangXi Daily នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅស្នាក់កាសែត  GuangXi Daily។
ប្រតិភូអ្នកសារព័ត៌មានកម្ពុជាថតរូបរួមគ្នាជាមួយតំណាងកាសែត GuangXi Daily នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅស្នាក់កាសែត GuangXi Daily។
ខេត្តក្វាងស៊ី, ប្រទេសចិន៖ ប្រតិភូអ្នកសារព័ត៌មានកម្ពុជាចំនួន១៤រូប ពី១០ស្ថាប័នធំៗនៅកម្ពុជា បានធ្វើទស្សនកិច្ចនៅកាសែត Guangxi Daily ដែលជាកាសែតរដ្ឋល្បីប្រចាំខេត្តក្វាងស៊ី និងកំពុងបោះពុម្ពផ្សាយកាសែតចំនួន ២៥ម៉ឺនច្បាប់ ជាប្រចាំថ្ងៃ។ ទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកម្មវិធី «អ្នកសារព័ត៌មានកម្ពុជាទស្សនាខេត្តក្វាងស៊ី» ដែលរៀបចំឡើងដោយកាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះ Guangxi Daily ។



ក្នុងដំណើរទស្សនកិច្ចនៅស្ថាប័នកាសែត Guangxi Daily ដែលមានអាយុកាល ៧៤ឆ្នាំមួយនេះ ក៏មានកម្មវិធីចុះ​ហត្ថលេខាលើកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ រវាងកាសែត The Commercial News និងស៊ីស៊ីថាមស៍ និងកាសែត Guangxi Daily​ ដែរ។ លើសពីនេះ ប្រតិភូអ្នកសារព័ត៌មានទាំង១៤រូប ដែលចូលរួមក្នុងទស្សនកិច្ចនេះ ត្រូវបាន​កាសែត Guangxi Daily តែងតាំងជាអ្នករាយការណ៍កិត្តិយស ប្រចាំតំបន់អាស៊ាន​។
 
លោក ផ្លុង វិចិត្រ អគ្គនាយកកាសែត The Commercial News និងស៊ីស៊ីថាមស៍(ឆ្វេង) និងលោក Yangtian និពន្ធនាយករង កាសែត GuangXi Daily (ស្តាំ) ចុះហត្ថលេខាពង្រឹងប្រព័ន្ធផ្សព្វផ្សាយ  នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅស្នាក់កាសែត  GuangXi Daily​។ 


 លោក ផ្លុង វិចិត្រ អគ្គនាយកកាសែត The Commercial News និងស៊ីស៊ីថាមស៍(ឆ្វេង) និងលោក Yangtian និពន្ធនាយករង កាសែត GuangXi Daily (ស្តាំ) ចុះហត្ថលេខាពង្រឹងប្រព័ន្ធផ្សព្វផ្សាយ  នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅស្នាក់កាសែត  GuangXi Daily​។ 
 
លោក ផ្លុង វិចិត្រ ដែលតំណាងប្រតិភូអ្នកសារព័ត៌មានកម្ពុជា និងជាអគ្គនាយកកាសែត The Commercial News និងស៊ីស៊ីថាមស៍ បានគូសបញ្ជាក់ថា ​ដំណើរទស្សកិច្ច​រយៈពេល៦ថ្ងៃនេះ បានធ្វើប្រតិភូអ្នកសារព័ត៌មានកម្ពុជា ស្វែងយល់​ពីវីធីមួយចំនួន​របស់រដ្ឋាភិបាលចិន ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ​លោក ផ្លុង វិចិត្រ ​ក៏បានចាត់ទុកថា ដំណើរទស្សនកិច្ចទៅកាន់តំបន់ឧស្សាហកម្ម ផលិតកម្ម និងទេសចរណ៍ ជាច្រើននៅក្នុងខេត្តក្វាងស៊ី រយៈពេល៦ថ្ងៃនេះ ក៏ជាបទពិសោធល្អៗ សម្រាប់កម្ពុជាយកទៅសិក្សា​ផងដែរ។ 
 

 
បន្ថែមពីការកោតសរសើរពីសក្តានុពល និងភាពរីកចម្រើនដ៏ឆាប់រហ័ស នៃទីក្រុងណាននីង ខេត្តក្វាងស៊ី តំណាងប្រតិភូអ្នកសារព័ត៌មានកម្ពុជា ក៏សង្ឃឹមដែរថា តាមរយៈសារព័ត៌មាន កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កាន់តែស្អិតល្មួត។ «យើងខ្ញុំសង្ឃឹមថា ថ្ងៃខាងមុខពង្រឹងកិច្ចសហប្រតិបត្តការជាមួយGUANGXI DAILY ឱ្យកាន់តែស្អិតល្មួត រួមគ្នានិយាយពីរឿងល្អរបស់កម្ពុជា និងប្រទេសចិន តាមរយៈព័ត៌មានទាំងភាសាខ្មែរ និងចិន និយាយរឿងល្អៗពីចិន និងតាមរយៈ GUANGXI DAILY រករឿងល្អៗពីកម្ពុជាអោយប្រជាជនចិនបានស្គាល់»។
 
ជុំវិញការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសទាំង២នេះ លោក​ មរ យឹ លី ជាប្រធានផ្នែកកិច្ចការអាស៊ាននៃកាសែត GuangXi Daily បានលើកឡើងថា​ ​វាមានសារៈសំខាន់ជាវិជ្ជមាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយចិន-អាស៊ាន ការនិទានរឿងរបស់ចិន និងការផ្សព្វផ្សាយសំឡេងដ៏ល្អរបស់ក្វាងស៊ី​។ 
 

 
បើតាមលោក​ មរ យឹ លី នេះជាដំណើរទស្សកិច្ចរបស់ប្រតិភូសារព័ត៌មានកម្ពុជា ដែលជាដៃគូសារព័ត៌មានបរទេសលើកដំបូង ក្រោយវិបត្តិកូវីដ-១៩  ដែល Guangxi Daily បានរៀបចំឡើង។ ទស្សនកិច្ចនេះ ក៏ស្របពេលដែលឆ្នាំនេះ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជាឆ្នាំមិត្តភាពចិន-កម្ពុជា​​ ក៏ជាខួបលើកទី២០ នៃពិព័រណ៍ចិន-អាស៊ាន។ ចាត់ទុកថា ទស្សនកិច្ច នេះ ក៏នឹងធ្វើឱ្យមានការរួមចំណែកជាវិជ្ជមានដល់ការរួមគ្នា កសាងសហគមន៍ចិន-អាស៊ាន ឱ្យកាន់តែជិតស្និទ្ធ ជាមួយនឹងអនាគតរួមគ្នា។ ​លោក​ មរ យឹ លី បន្ថែមដូច្នេះ ដោយបានបញ្ជាក់ថា៖«នេះជាការបង្ហាញភាពទំនាក់ទំនងអន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងការផ្លាស់ប្តូរ»។
 



 
សូមជម្រាបដែរថា ក្នុងដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃ នៅក្នុងប្រទេសចិន ប្រតិភូអ្នកសារព័ត៌មានកម្ពុជា បានធ្វើទស្សនកិច្ចទៅទីក្រុងកំពង់ផែវៃឆ្លាត ក្នុងក្រុងឈីងចូវ។ ទស្សនកិច្ចទីក្រុងលីវចូវ ដែល​ត្រូវបានចាត់ទុកជា​មជ្ឈមណ្ឌលផលិតរថយន្ត​ និងនាំចេញមីជូរហឹរ ​ព្រមទាំងមានឱកាសទៅកាន់តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត នៅក្រុងគួយលីង៕
 







 

Tag:
 កម្ពុជា-ចិន
  សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com