អន្តរជាតិ
មុនទៅចិន នាយករដ្ឋមន្ត្រីនូវែលសេឡង់​មិនស្របជាមួយលោក បៃឌិន ដែលហៅលោក ស៊ី ជាមេដឹកនាំ​ផ្តាច់ការ
23, Jun 2023 , 11:04 am        
រូបភាព
មុនដំណើរទស្សនកិច្ចផ្លូវការទៅកាន់ចិននៅចុងខែនេះ នាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins បង្ហាញការមិនយល់ស្របនឹងការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ដែលប្រដូចមេដឹកនាំ​ចិនលោក ស៊ី ជិនភីង ជាជនផ្តាច់ការ។

 
ភាពតានតឹងរបស់អាម៉េរិក និងចិនបន្តកើនឡើងបន្ថែមទៀត ក្រោយមេដឹកនាំអាម៉េរិកបានរិះគន់ថា ចិន​ដឹកនាំដោយមេដឹកនាំផ្ដាច់ការ។ ក្រុងប៉េកាំងក៏តបវិញដោយចាត់ទុកសម្ដីលោក ចូ បៃឌិន គឺផ្ទុយ​ទាំង​ស្រុងពីការពិត បំពានយ៉ាងធ្ងន់ធ្ងរលើការទូត សេចក្តីថ្លៃថ្នូរខាងនយោបាយរបស់ចិន និងព្រម​ទាំង​ជា​ការញុះញង់ផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរផងដែរ។
 
ទាក់ទងរឿងនេះ នាយករដ្ឋមន្រ្តីនូវែលសេឡង់ Christ Hipkin ដែលគ្រោងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ក៏ចេញមុខនិយាយដែរ។ លោកមិនយល់ស្របនឹងសម្ដីលោក បៃឌិន ឡើយ។
 
«ទេ ហើយទម្រង់រដ្ឋាភិបាលដែលចិនមាន ជាអ្វីដែលសំខាន់សម្រាប់ប្រជាជនចិន»។ នាយករដ្ឋមន្ត្រី​នូវែលសេឡង់ប្រាប់អ្នកសារព័ត៌មានបែបនេះនៅថ្ងៃទី២២ ខែមិថុនា។
 
ទាក់ទងនឹងទម្រង់រដ្ឋាភិបាលនេះផងដែរ លោក Hipkins និយាយដែរថា ប្រសិនបើប្រជាជន​ចិន​ចង់​ផ្លាស់ប្តូរប្រព័ន្ធរដ្ឋាភិបាលរបស់ពួកគេ វាជាបញ្ហាមួយសម្រាប់ពួកគេប៉ុណ្ណោះ។
 
លោក Hipkins គ្រោងនឹងធ្វើទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ដោយដឹកនាំ​គណៈប្រតិភូពាណិជ្ជកម្មដែលរួមមានក្រុមហ៊ុនធំៗមួយចំនួនរបស់នូវែលសេឡង់ផងដែរ។ លោក​នឹង​ជួបលោក ស៊ី នាយករដ្ឋមន្ត្រី លី ឈាំង និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជន ចាវ ឡឹជី ដែរ។ ការប្រែប្រួលកាសធាតុ ស្ថិរភាពសេដ្ឋកិច្ច សន្តិសុខក្នុងតំបន់ និងពិភពលោក សិទ្ធិមនុស្ស និង សង្រ្គាមនៅអ៊ុយក្រែន ជាប្រធានបទនៃទស្សនកិច្ចនេះ។
 

Tag:
 ចិន
  នូវែលសេឡង់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com