ជាតិ
ប្រធានមន្ទីរសុខាភិបាលសៀមរាបក្រើនរំឭកគ្រូពេទ្យឱ្យពង្រឹងសមត្ថភាព និងវិជ្ជាជីវៈ
24, Jun 2023 , 6:59 pm        
រូបភាព
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ថ្លែងក្នុងទិវាវេជ្ជសាស្រ្តនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៣។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ថ្លែងក្នុងទិវាវេជ្ជសាស្រ្តនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៣។
សៀមរាប៖ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានបន្តក្រើនរំឭកដល់ ក្រុមគ្រូពេទ្យ​ត្រូវពង្រឹងសមត្ថភាព និងវិជ្ជាជីវៈផ្ទាល់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ក្នុងខេត្ត ក៏ដូចជាកម្រិតថ្នាក់ជាតិ។

 
ថ្លែងនៅក្នុងពិធីបើកទិវាវេជ្ជសាស្រ្តនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនាថ្ងៃទី២៤ មិថុនា លោក ក្រុស សារ៉ាត់ បានជជែកច្រើនពីការពង្រឹងសមត្ថភាពគ្រូពេទ្យ និងវិជ្ជាជីវៈ ដើម្បីផ្តល់ទំនុកចិត្តដល់​អ្នកទទួលសេវា។ យ៉ាងណា តាមយោបល់របស់លោកវេជ្ជបណ្ឌិត ការផ្តល់សេវាសុខាភិបាលដែលអាចធ្វើ ទៅបាន គឺចាំបាច់ត្រូវមានការចូលរួមពីភាគីចំនួន៣ ទី១គ្រូពេទ្យ ទី២ អ្នកទទួលសេវា និងទី៣ អ្នកគាំទ្រសេវា មានក្រុមហ៊ុន ឬអ្នកសារព័ត៌មានជាដើម ដែលចាត់ទុកជាភ្នែកច្រមុះ តាមដាន​រាល់កិច្ចការងារទាំងឡាយ។ សេវាល្អឬមិនល្អ ខ្វះខាតត្រង់ចំណុចណាមួយ អ្នកទាំងនោះមាន​សិទ្ធិផ្សព្វផ្សាយ និងមានយោបល់លើកសរសើរ ឬរិះគន់ជាដើម។ល។ នេះជាការលើកឡើងរបស់លោក ក្រុស សារ៉ាត់។
 


ជាមួយគ្នានេះ លោក សារ៉ាត់ បានក្រើនរំឭកដល់ក្រុមគ្រូពេទ្យត្រូវមានក្រុមសីលធម៌ និងវិជ្ជាជីវៈឱ្យបាន ច្បាស់លាស់ ធ្វើឱ្យអ្នកជំងឺមានទំនុកចិត្តកាន់តែខ្លាំង។ ប្រសិនគ្រូពេទ្យធ្វើរឿងទាំងនេះបាន នឹងជួយ​ទប់ស្កាត់​លំហូប្រជាពលរដ្ឋទៅព្យាបាលជំងឺនៅប្រទេសជិតខាងបានមួយកម្រិតផងដែរ។ លោក សារ៉ាត់ លើកឡើងដូច្នេះនៅចំពោះមុខក្រុមគ្រូពេទ្យសរុបប្រមាណ៣០០នាក់។
 
យ៉ាងណាមិញ សម្រាប់ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប សព្វថ្ងៃប្រព័ន្ធសុខាភិបាលខេត្តសៀមរាប មានភាពល្អប្រសើរច្រើនធៀបនឹងអតីតកាល។ លោក សារ៉ាត់ បានបញ្ជាក់ថា​ប្រព័ន្ធសុខាភិបាលខេត្តសៀមរាប ស្ថិតក្នុងក្រសែភ្នែករបស់ក្រសួង ក្នុងការចូលរួមជួយអភិវឌ្ឍន៍ សេវាសុខាភិបាលកម្ពុជា​ឱ្យមានភាពល្អប្រសើរ។ ក្នុងនោះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កំពុងផ្ដល់សេវាឯកទេសសរុប៣០ និងជាមន្ទីរពេទ្យថ្នាក់តំបន់កម្រិតស្ដង់ដា ហើយថ្មីៗខាងមុខនេះ អគារមួយខ្នងដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងបញ្ចប់ជាស្ថាពរ និងផ្តល់ សេវាឯកទេសវះកាត់ ជំងឺធ្ងន់ ដើម្បីពង្រីកការព្យាបាលជំងឺកាន់តែប្រសើរមួយកម្រិតទៀត៕
 


Tag:
 ទិវាវេជ្ជសាស្រ្ត
  ក្រុស សារ៉ាត់
  មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com