អន្តរជាតិ
កងកម្លាំងទាហានស៊ីឈ្នួលរុស្ស៊ីឆ្លងចូលទឹកដីរុស្ស៊ី ខណៈ ក្រុងមូស្កូចោទថាជាក្រុមបះបោរ
24, Jun 2023 , 3:39 pm        
រូបភាព
ចៅហ្វាយនាយទាហានស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin នាថ្ងៃទី២៤ ខែមិថុនាបាន លើកឡើងថា ក្រុទាហាន Wagner របស់លោកបានឆ្លងព្រំដែនចូលទឹកដីរុស្ស៊ី ពីអ៊ុយក្រែន ហើយបានត្រៀមខ្លួនគ្រប់វិធីដើម្បីប្រឆាំងនឹងយោធារបស់ទីក្រុងមូស្កូ។ ការលើកឡើងនេះ ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីវិមានក្រេមឡាំងបានចោទប្រកាន់លោកពីបទបះបោរប្រដាប់ អាវុធ។

 
ដោយមិនមានភ័ស្ដុតាងបញ្ជាក់ លោក Prigozhin​ កាលពីថ្ងៃទី២៣​​ ខែមិថុនា មេដឹកនាំយោធា របស់​រុស្ស៊ីបានសម្លាប់ទាហានរបស់លោកជាច្រើននាក់នៅក្នុងការវាយប្រហារតាមអាកាស ហើយ បានប្តេជ្ញា នឹងដាក់ទណ្ឌកម្មរុស្ស៊ីចំពោះទង្វើឃោរឃៅមួយនេះ។
 
យ៉ាងណាមិញ ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធរបាយការណ៍ដែលផ្សព្វផ្សាយថា កង កម្លាំងប្រដាប់អាវុធរុស្ស៊ីបានធ្វើការវាយប្រហារលើជំរុំ Wagner និងបានជំរុញឱ្យអ្នកប្រយុទ្ធ Wagner បញ្ឈប់ការប្រមូលផ្ដុំគ្នា ហើយត្រឡប់ទៅកន្លែងដាក់ពង្រាយរបស់ពួកគេវិញ។ បន្ថែមពីនេះ សេវាកម្មសន្តិសុខ FSB របស់រុស្ស៊ីបានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំង នឹងលោក Prigozhin ក្នុងការអំពាវនាវឱ្យមានអំពើបះបោរដោយប្រដាប់អាវុធ។
 
ខណៈភាពតានតឹងកើនឡើង លោក Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួលរបស់រុស្ស៊ី បាននិយាយនៅក្នុងខ្សែអាត់ សំឡេងដែលបានបង្ហោះនៅលើប្រព័ន្ធបញ្ជូនសារ Telegram ថា យុទ្ធជន Wagner បានចូលទៅក្នុងទីក្រុង Rostov ដែលស្ថិតនៅភាគខាងត្បូងនៃរុស្ស៊ី។ លោកបានគំរាមច្បាស់ថាមនុស្សរបស់លោកនឹងបំផ្លាញអ្នកណាម្នាក់ដែលឈររារាំងនៅតាម ផ្លូវរបស់ពួកគេផងដែរ។
 
TASS បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងទទួលបានព័ត៌មាន ថ្មីៗគ្រប់ពេល ខណៈសេតវិមានបាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍ ហើយនឹង ពិគ្រោះជាមួយសម្ព័ន្ធមិត្ត។
 
ទន្ទឹមនឹងនេះ ក្រុងកៀវ បាននិយាយថា ការជំរុញដ៏សំខាន់នៅក្នុងការវាយលុករបស់ខ្លួន ប្រឆាំងនឹងការលុកលុយរបស់ទីក្រុងមូស្កូមិនទាន់ត្រូវបានចាប់ផ្តើមនៅឡើយទេ។ អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិ លោកស្រី Hanna Maliar បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា ការវាយ ប្រហារចម្បងនៅតែកើតមានឡើង។
 
គួរបញ្ជាក់ថា មេបញ្ជាការរងនៃយុទ្ធនាការអ៊ុយក្រែនរបស់រុស្ស៊ី ឧត្តមសេនីយ៍ Sergei Surovikin បានប្រាប់អ្នកប្រយុទ្ធ Wagner ឱ្យគោរពតាមលោកពូទីន និងទទួលយកការបញ្ជាពីក្រុងមូស្កូ ដោយត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ។ លោក​បានសម្គាល់ការ​ធ្លាក់​ចុះ​ផ្នែក​នយោបាយ​ ដែលនឹង​ធ្លាក់​ចូល​ក្នុង​កណ្តាប់​ដៃ​សត្រូវ​ដែលសំដៅលើ អ៊ុយក្រែន។
 
ការប្រឈមមុខដាក់គ្នាដែលព័ត៌មានលម្អិតជាច្រើននៅតែមិនច្បាស់លាស់មើលទៅដូចជាវិបត្តិក្នុងស្រុកដ៏ធំបំផុតដែលលោកពូទីនបានជួបប្រទះចាប់តាំងពីលោកបានបញ្ជូនទាហានរាប់ ពាន់នាក់ចូលទៅក្នុងអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com