អន្តរជាតិ
របាយការណ៍អាម៉េរិក៖គ្មានព័ស្តុតាងផ្ទាល់នៃជំងឺរាតត្បាតកូវីដ-១៩បានចាប់ផ្តើមនៅក្នុងមន្ទីរ​ ពិសោធន៍វ៉ូហានឡើយ
25, Jun 2023 , 9:29 am        
រូបភាព
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក មិនបានរកឃើញព័ស្តុតាងដោយផ្ទាល់នៃ ជំងឺរាតត្បាត កូវីដ-១៩ដែលកើតចេញពីឧបទ្ទវហេតុមួយនៅឯវិទ្យាស្ថានមេរោគវ៉ូហានរបស់ចិនឡើយ។​ នេះបើយោងតាម​របាយការណ៍មួយដែលត្រូវបានចេញផ្សាយនាថ្ងៃទី២៣ ខែមិថុនា។

 
ឯកសារចំនួន ៤ ទំព័ររបស់ការិយាល័យនាយកស៊ើបការណ៍ជាតិ (ODNI) បាននិយាយថា សហគមន៍ស៊ើបការណ៍សម្ងាត់របស់អាម៉េរិកនៅតែមិនអាចសម្រេចបានពីលទ្ធភាពដែលថា មេរោគនេះមកពីមន្ទីរពិសោធន៍ ហើយមិនអាចរកឃើញប្រភពដើមនៃជំងឺរាតត្បាតនេះទេ។
 
«ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល និងទីភ្នាក់ងារមួយផ្សេងទៀតនៅតែមិនអាចកំណត់ ប្រភពដើមច្បាស់លាស់នៃជំងឺរាតត្បាតកូវីដ-១៩ បានទេ ដោយសារសម្មតិកម្មទាំង (ធម្មជាតិ និងមន្ទីរពិសោធន៍) ពឹងផ្អែកលើការសន្មត់សំខាន់ៗ ឬប្រឈមមុខនឹងបញ្ហាជាមួយនឹងការ រាយការណ៍ដែលផ្ទុយគ្នា»។ ODNI បញ្ជាក់បែបនេះរួចបន្តថា ខណៈពេលដែល ការងារយ៉ាង ទូលំទូលាយត្រូវបានធ្វើឡើងលើមេរោគឆ្លងនៅវិទ្យាស្ថានវ៉ូហាន (WIV)  ទីភ្នាក់ងារមិនបាន រកឃើញព័ស្តុតាងនៃឧប្បត្តិហេតុជាក់លាក់ដែលអាចបណ្តាលឱ្យមានការផ្ទុះឡើងនោះទេ។
 
ប្រភពដើមនៃមេរោគឆ្លងរាតត្បាតគឺជាបញ្ហានៃការជជែកវែកញែកដ៏ក្ដៅគគុកនៅអាម៉េរិកស្ទើរតែ ចាប់តាំងពីករណីមនុស្សដំបូងត្រូវបានគេរាយការណ៍នៅទីក្រុងវ៉ូហាននៅចុងឆ្នាំ ២០១៩ ។
 
គិតត្រឹមថ្ងៃទី២០ ខែមីនា ទីភ្នាក់ងារអាម៉េរិកចំនួន ៤ ផ្សេងទៀតនៅតែវិនិច្ឆ័យថា ជំងឺកូវីដ-១៩ ទំនងជាលទ្ធផលនៃការចម្លងតាមធម្មជាតិ ខណៈដែលចំនួនពីរទៀតមិនទាន់សម្រេចចិត្តនៅ ឡើយ ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com