អន្តរជាតិ
លោក Prigozhin៖ ទាហានស៊ីឈ្នួលនឹងត្រឡប់ក្រោយវិញដើម្បីបញ្ចៀសការបង្ហូរឈាម
25, Jun 2023 , 11:01 am        
រូបភាព
មេដឹកនាំរបស់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner លោក Yevgeny Prigozhin នាថ្ងៃទី២៤ ខែមិថុនាបានប្រកាសថា ទាហានរបស់ខ្លួនដែលបានបើកផ្លូវភាគច្រើនទៅកាន់ទីក្រុងមូស្កូ បានយល់ព្រមវិលត្រឡប់បកក្រោយវិញដើម្បីជៀសវាងការបង្ហូរឈាមទាហានរបស់ខ្លួនបន្ថែម ទៀត។ លោក Prigozhin ក៏បានយល់ព្រមលផ្លាស់ទីទៅបេឡារុសផងដែរ។

 
អតីតសម្ព័ន្ធមិត្តលោកពូទីននិងជាចៅហ្វាយនាយទាហានស៊ីឈ្នួល Wanger លោក Prigozhin បានបញ្ជូនកងកម្លាំង Wagner ចូលទឹកដីរុស្ស៊ីដល់ចម្ងាយរហូតដល់ ២០០ គីឡូម៉ែត្រពី រដ្ឋធានីមូស្កូ។ ក្រុមទាហានបះបោរនេះផងដែរបានដណ្តើមយកទីក្រុងរុស្ស៊ី Rostov នៅភាគខាងត្បូងប្រទេស មុនបានធ្វើដំណើរសំដៅទៅផ្នែកផ្សេងៗ។
 
«ពួកគេចង់បំបែកក្រុមយោធា Wagner ។ យើងបានចាប់ផ្តើមដើរដង្ហែរក្បួននៃយុត្តិធ៌មនៅ ថ្ងៃ ទី២៣  ខែមិថុនា។ ក្នុងរយៈពេល ២៤ ម៉ោង យើងបានទៅដល់ចម្ងាយ ២០០ គីឡូម៉ែត្រពីទី ក្រុងមូស្កូ។ ក្នុង​ពេល​នេះ យើង​មិន​បាន​បង្ហូរ​ឈាម​អ្នក​ប្រយុទ្ធ​របស់​យើង​មួយតំណក់​ នោះ​ទេ» ។ លោក Prigozhin សម្គាល់បែបនេះតាមរយៈសារសំឡេង រួចបញ្ជាក់ថា ដោយយល់ឃើញ ភាគីរុស្ស៊ីនឹងត្រូវបង្ហូរឈាមពួកគេក៏សម្រេចបង្វែរជួរហើយត្រលប់ទៅជំរុំវាលវិញតាមការ គ្រោងទុក។
 
ការសម្រេចចិត្តបញ្ឈប់ចលនាបន្ថែមទៀតនៅទូទាំងរុស្ស៊ីដោយក្រុម Wagner ត្រូវបានសម្រប សម្រួលដោយប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ជាថ្នូរនឹងការធានា សម្រាប់សុវត្ថិភាពរបស់ពួកគេ។ នៅក្រោមកិច្ចព្រមព្រៀងនេះ Prigozhin នឹងផ្លាស់ទៅ បេឡារុស។ យ៉ាងណាមិញ ការបញ្ជាក់​ភ្លាម​ៗ​អំពី​កិច្ច​ព្រម​ព្រៀង​ពី​ប្រធានាធីបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀ ពូទីនមិនទាន់មាននោះឡើយ។
 
មុននេះ លោក Prigozhin បាននិយាយថាការដើរដង្ហែរក្បួនរកយុត្តិធម៍ របស់លោកគឺមាន បំណងដកមេបញ្ជាការរុស្ស៊ីដែលពុករលួយ និងអសមត្ថភាព ដែលលោកអះអាងថា​ បានបង្ក ការរំខានដល់សង្រ្គាមនៅអ៊ុយក្រែន។
 
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ពីវិមានក្រេមឡាំង លោក ពូទីន បាននិយាយថា អត្ថិភាព របស់រុស្ស៊ីគឺស្ថិតនៅក្រោមការគំរាមកំហែង។
 
«យើងកំពុងតស៊ូដើម្បីអាយុជីវិត និងសន្តិសុខរបស់ប្រជាជនយើង ដើម្បីអធិបតេយ្យភាព និង ឯករាជ្យភាពរបស់យើងដើម្បីសិទ្ធិបន្តនៅរុស្ស៊ីដែលជារដ្ឋមួយដែលមានប្រវត្តិសាស្ត្ររាប់ពាន់ ឆ្នាំ»។ លោកបានសង្កត់ធ្ងន់បែបនេះរួចសន្យាដាក់ទណ្ឌកម្មចំពោះអ្នកដែលរៀបចំការបះបោរ ប្រដាប់អាវុធ។
 
ឯប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀ ហ្សេលេនស្កីបាននិយាយថា ការបះបោររបស់ ក្រុម Wagner បានលាតត្រដាងភាពវឹកវរទាំងស្រុងនៅរុស្ស៊ី។
 
«សព្វថ្ងៃនេះពិភពលោកអាចមើលឃើញថាមេដឹកនាំរុស្ស៊ីមិនបានគ្រប់គ្រងអ្វីទាំងអស់ឡើយ។ ហើយវាគ្មានន័យអ្វីទេ»។ លោកហ្សេលេនស្កីរិះគន់បែបនេះរួចបន្តថា ស្ថានភាពនៅរុស្ស៊ី បង្ហាញពីភាពវឹកវរយ៉ាងខ្លាំង ដែលមិនអាចព្យាករណ៍បាន៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com