អន្តរជាតិ
កងទ័ព​ប៉ាគីស្ថាន​ថា ជន​ស៊ីវិល​ពីរ​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កង​កម្លាំង​ឥណ្ឌា
25, Jun 2023 , 12:59 pm        
រូបភាព
កងទ័ពប៉ាគីស្ថានបានអះអាងកាលពីថ្ងៃទី២៤ ខែមិថុនាថា ជនស៊ីវិលពីរនាក់ត្រូវបានសម្លាប់ ដោយកងកម្លាំងឥណ្ឌានៅក្នុងតំបន់ជម្លោះហិម៉ាល័យនៃកាស្មៀរដែលជាការវាយប្រហារលើកដំបូងចាប់តាំងពីបទឈប់បាញ់នៅឆ្នាំ ២០២១ រវាងប្រទេសជិតខាងអាស៊ីខាងត្បូងដែល ប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ។

 
ក្នុងសេចក្តីថ្លែងការណ៍មួយកងទ័ពប៉ាគីស្ថានបានលើកឡើងថា ក្រុមអ្នកគង្វាលមួយក្រុមនៅ ក្នុងទីក្រុង Sattwal តាមបន្ទាត់ត្រួតពិនិត្យ (LoC) ដែលជាព្រំដែនផ្លូវការរវាងប្រទេសទាំង ពីរត្រូវបានវាយប្រហារដោយទាហានឥណ្ឌា។ ក្រោយមកប៉ាគីស្ថានព្រមានថា ខ្លួនរក្សាសិទ្ធិ ក្នុងការវាយប្រហារត្រឡប់ទៅវិញ។
 
«កងទ័ពឥណ្ឌានៅក្នុងការបង្ហាញពីវិធីសាស្រ្តអមនុស្សធម៌ដូចរាល់ដងរបស់ខ្លួនឆ្ពោះទៅកាន់ តំបន់កាស្មៀរ (ដែលមានប្រជាជន) ស្លូតត្រង់ បានបើកការបាញ់ប្រហារដោយមិនរើសអើង ទៅលើក្រុមអ្នកគង្វាលនៅក្នុងក្រុង Sattwal»។ សេចក្ដីថ្លែងការណ៍ខាងលើបានសង្កត់ធ្ងន់ បែបនេះផងដែរ។
 
មកទល់ពេលនេះ កងទ័ព​ឥណ្ឌា​មិន​បាន​ឆ្លើយ​តប​ថាយ៉ាងណាឡើយ។
 
គួររំលឹកថា កាលពីឆ្នាំ ២០២១ ភាគីទាំងពីរបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម ដ៏កម្រមួយចំពោះបទឈប់បាញ់នៅតាមព្រំដែនដែលមានជម្លោះ។ ទាំង​ឥណ្ឌា​និង​ប៉ាគីស្ថាន ​បាន​ទាមទារ​យក​ទឹកដី​ដែល​មាន​ជម្លោះ​នេះ ប៉ុន្តែ​ភាគីនីមួយៗ​បាន​គ្រប់គ្រង​ពាក់កណ្តាល ​នៃ​ទឹកដី​នោះ។ ប្រទេសទាំងពីរបានធ្វើសង្គ្រាមចំនួនបីលើក ដោយពីរលើកលើតំបន់កាស្មៀរ ចាប់តាំងពីពួកគេទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេសក្នុងឆ្នាំ ១៩៤៧៕
 

© រក្សាសិទ្ធិដោយ thmeythmey.com