ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
លោក ហុង ហ៊ាន រីករាយដែលបានស្នងការងារជួសជុលប្រាសាទតពីឪពុក
25, Jun 2023 , 4:59 pm        
រូបភាព
លោក ហុង ហ៊ាង ពេលផ្ដល់បទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ នៅការដ្ឋានជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ន នាថ្ងៃទី២១ មិថុនា ឆ្នាំ២០២៣។
លោក ហុង ហ៊ាង ពេលផ្ដល់បទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ នៅការដ្ឋានជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ន នាថ្ងៃទី២១ មិថុនា ឆ្នាំ២០២៣។
សៀមរាប៖ ជាង២០ឆ្នាំមកហើយ ដែលលោក ហុង ហ៊ាន ពលរដ្ឋរស់នៅតំបន់អង្គរ កំពុងចូលរួមជាមួយការងារអភិរក្សប្រាសាទបុរាណ។ សព្វថ្ងៃលោក ហ៊ាង មានតួនាទីជាអ្នកបច្ចេកទេសរៀបថ្ម។



ហើយការដ្ឋាន​ដែលកំពុងធ្វើបច្ចុប្បន្ន គឺរៀបចំនិងជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ន។ មានវ័យ៦២ឆ្នាំលោក ហ៊ាង រីករាយជាមួយការងារអភិរក្សប្រាសាទ។ អ្នកភូមិត្រពាំងសេះរូបនេះអះអាង ថាឪពុករបស់លោកក៏ធ្លាប់ជាកម្មករជួសជុលប្រាសាទដែរនៅសម័យសង្គមរាស្រ្តនិយម។ លោកមានមោទកភាពជាខ្លាំង
ដែលបានស្នងការងារនេះពីឪពុក និងចង់ឱ្យកូនរបស់លោក​បន្តការងារនេះទៀតមិនឱ្យដាច់ឡើយ។
  


ព័ត៌មានពិស្ដារ សូមអានបទសម្ភាសរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក ហុង ហ៊ាង ដូចតទៅ៖

អ៊ីសា រ៉ហានី៖ ខ្ញុំបានដឹងខ្លះថាលោកអ៊ុំជាអ្នកជួសជុលប្រាសាទមួយរូប ដែលមានប្រវត្តិជួសជុលជាមួយសាលាបារាំងចុងបូព៌ា គឺសម័យជួសជុលប្រាសាទបាពួនមក តើលោកអ៊ុំអាចរំលឹកបានទេ ពេលនោះយើងមានឱកាសបែបណាទើបបានចូលធ្វើការជាមួយខាងបារាំង?
 
ហុង ហ៊ាង៖ បាទ ខ្ញុំពីដើមជាកសិករធ្វើស្រែធម្មតា។ តែក្រោយមករបរនេះដោះស្រាយជីវភាពគ្រួសារ មិនទាន់ខ្ញុំក៏ចូលទៅសុំប្រធានការដ្ឋានលោក ប៉ាស្កាល់ ផ្ទាល់ធ្វើការ។ សុំ គាត់យកទៅធ្វើការតែម្ដង។
 
ដំបូង​គាត់ឱ្យខ្ញុំទៅធ្វើខាងដើររកថ្ម។ ដើររកថ្មផ្គុំប្រាសាទ។ ធ្វើការងារនេះបាន២ខែ ចេះគ្រាន់បើគេដកទៅនៅ​ខាង​​រៀនរៀបថ្ម។ យើងរៀបបានចេះទៅ បានគេប្រគល់តំណែងជាប្រធានក្រុមរៀបថ្ម។អ៊ីសា រ៉ហានី៖ តើលោកអ៊ុំធ្វើការនៅបាពួនបានប៉ុន្មានឆ្នាំដែរ ទើបផ្លាស់ទៅកន្លែងផ្សេង?
 
​​​ហុង ហ៊ាង៖ បាពួនប្រហែលចូលបាន១៥ឆ្នាំ គឺចាប់ផ្តើមនៅឆ្នាំ៩៥ (១៩៩៥) បន្ទាប់មកចេញទៅមេបុណ្យខាងលិច ដល់បច្ចុប្បន្នចូលផ្នែកអភិរក្សប្រាសាទជាមួយអាជ្ញាធរជាតិអប្សរា ចូល២០ឆ្នាំលើស។ការងារសព្វថ្ងៃ គឺខាងបច្ចេកទេសរៀបចំថ្ម។
 
អ៊ីសា រ៉ហានី៖ លោកអ៊ុំអាចប្រាប់បានទេ ថាតើការងារដំបូងយើងរៀនពីអ្នកណាមក?
 
ហុង ហ៊ាង៖ រៀនដំបូងពីប្រធានក្រុមចាស់គេ។ រៀនតៗគ្នា។ ប្រធានក្រុមស៊េរីចាស់ពីសង្គមសម័យ​រាស្រ្តនិយមមក។
 
អ៊ីសា រ៉ហានី៖ តើជំនាន់នោះ អ្នកភូមិជុំវិញតំបន់អង្គរចូលរួមការងារជួសជុលប្រាសាទច្រើនដែរឬទេ?
 
ហុង ហ៊ាង៖ ច្រើនគិតទៅច្រើនដែរ។ បើនៅការដ្ឋានខ្ញុំធ្វើបាពួន កម្លាំងសរុបចុងក្រោយ ប្រហែលចូលជិត៣០០នាក់។
  


អ៊ីសា រ៉ហានី៖ កាលជំនាន់សាលាបារាំងជួសជុលបាពួន តើកម្លាំងពលកម្មគេគិតយើងជាថ្ងៃឬខែ?ហើយគេគិតដូចម្ដេចទៅ?
 
ហុង ហ៊ាង៖ ដំបូងគេគិតថ្ងៃ តែក្រោយមកមានខាងសហជីព គឺគេទាមទារគិតខែវិញ។ ពីដើមមិញបើកលុយខ្មែរ
តែសហជីពសុំទៅគេបើកលុយដុល្លារទៅ។ ហើយលុយយើងឡើងបណ្ដើរៗ មួយឆ្នាំបន្ដិចៗ។កាលណោះបានតិចទេ។ គិតទៅមួយថ្ងៃ៤ពាន់ជាង (រៀល) គិតទៅកាលណោះបាន មួយដុល្លារកន្លះ។គេឡើងឱ្យរាល់ឆ្នាំ។
 
អ៊ីសា រ៉ហានី៖ លោកអ៊ុំអាចជម្រាបពីការងាររៀបថ្មបន្ដិចបានទេ តើមកដល់បច្ចុប្បន្ននេះ តើលោកអ៊ុំគិតថាខ្លួនឯងផ្ទាល់មានបទពិសោធន៍កម្រិតណាដែរ អាចមានជំនាញស្ទាត់ហើយឬនៅ?
 
ហុង ហ៊ាង៖ បាទប្រសិនបើអារម្មណ៍ខ្លួនខ្ញុំដែលតែងសិក្សាពីដើមរហូតមកដល់បច្ចុប្បន្ន គឺអាចធ្វើ​ទៅបាន។អាចចេះរៀបថ្មទាំងពីរប្រភេទ គឺថ្មភក់ និងថ្មបាយក្រៀម។ បច្ចេកទេសយើងមើល តាមលក្ខណៈ​ប្រាសាទ។បើយើងមានប្លង់អាចមើលទៅ យើងអាចធ្វើទៅបាន តែអត់ប្លង់ យើងមើលតាម បច្ចេកទេសប្រាសាទតើទ្រង់ទ្រាយរបៀបម៉េចៗ យើងយល់។
 
អ៊ីសា រ៉ហានី៖ ថ្មចាស់ដែលរើមកហើយ តើយើងមានបច្ចេកទេសដូចម្ដេចដើម្បីឱ្យត្រូវទៅតាម​លំនាំបុរាណ?
 
ហុង ហ៊ាង៖ បើថ្មបុរាណរើមក យើងដាក់ខុសល្បាក់វា ខុសថ្មវា ដាក់អត់ត្រូវទេ។ យើងត្រូវមើលតាមល្បាក់មើលតាម​ចំហៀង ខ្លះវាប្លែនចេះប្លែនចុះ វាកិបគ្នាទៅ អាហ្នឹងវាត្រូវហើយ។ ហើយប្រសិនជាក្បាច់ផងយើងមើលទ្រង់ទ្រាយក្បាច់វា ក្បាច់វាសងគ្នាទៅវាចូលលក្ខណៈក្បាច់វាវង់ផ្កាចន្ទអីទៅ អាហ្នឹងយើងឃើញ ជាក់ស្ដែងអត់បញ្ហាទេ។ គិតទៅថ្មក្បាច់ រៀបស្រួលជាងថ្មអត់ក្បាច់។ រកក៏ស្រួលទៀត ពេលថ្មវាជ្រុះបាត់។
 
អ៊ីសា​ រ៉ហានី៖ ក្នុងការងារ តើយើងមានការលំបាកយ៉ាងដូចម្ដេចខ្លះ ធ្លាប់មានជួបបញ្ហាលំបាក​ច្រើនទេ?
 
ហុង ហ៊ាង៖ លំបាកវាមាន ដូចជាឧទាហរណ៍បើយើងចុះរកថ្ម ដើររកថ្មដែលរលុះបាត់ យើងរកមិនងាយ ឃើញពិបាកដែរឈឺក្បាលដែរ (សើច) គិតច្រើន។ ថ្មដែលជ្រុះរាយប៉ាយជុំវិញរកមិនឃើញ រកមិនឃើញដេកគិតឈឺក្បាល។ ហើយម្យ៉ាងទៀតដូចប្រាសាទមួយដែលរើគ្រឹះអស់ ដល់យើងធ្វើទៅវិញ បើយើងគិតអត់ដល់ទៅអត់រួចទេ។ ទាល់តែគិតឲ្យដល់ លក្ខណៈគិតជ្រេឲ្យត្រូវ ហ្នឹងបានទៅរួច។
 
អ៊ីសា រ៉ហានី៖ លោកអ៊ុំអាចចែករំលែកបច្ចេកទេសគិតបន្ដិចបានទេ ឧទាហរណ៍ដូចប្រាសាទទន្លេស្ងួតដែលត្រូវរើទាំងអស់ តើពេលរើនោះយើងត្រូវរៀបចំទុកដាក់ថ្មដូចម្ដេចដើម្បីពេលរៀបឡើងវិញ​ងាយស្រួល?
 
ហុង ហ៊ាង៖ អាហ្នឹងពេលរើ យើងត្រូវបង់លេខ។ បង់រួតវា។ បង់រួតមួយរួតពីរ លេខប៉ុន្មានដល់​លេខប៉ុន្មានមួយជុំវា។ បន្ទាប់មករួតពីរមួយជុំទៀត។ ដល់ពេលយើងយកស្រួល យើងរើមួយផ្ទាំងមួយរួតវា ទៅដាក់ម្ដុំអាហ្នឹងវាលឿនទាំងការងារ ស្រួលទាំងយើងរៀបផង។ ដល់ពេលដាក់ទៅវិញ ក្រោយរៀបគ្រឹះត្រូវហើយ វាលឿន។
 
អ៊ីសា រ៉ហានី៖ តើបច្ចុប្បន្នលោកអ៊ុំកំពុងដើរតួជាអ្នកចែករំលែកចំណេះដឹងលើការងារអភិរក្សប្រាសាទទៅសមាជិកក្រុមដែរឬទេ?
 
ហុង ហ៊ាង៖ ខ្ញុំមានបង្ហាត់ច្រើន។ កាលពីនៅធ្វើមេបុណ្យខាងកើតពួកកម្មករក្មេងៗប៉ុន្មានខ្ញុំ​បណ្ដុះបណ្ដាលចេះទាំងអស់។ បើអត់ខ្ញុំប៉ុន្មានថ្ងៃ ពួកគេអាចធ្វើបានដោយខ្លួនឯង។បើធ្វើកន្លែងនេះ ក៏ខ្ញុំ ហៅក្មេងៗមកពន្យល់ពីការងាររៀបថ្មនេះដែរ។ ខ្ញុំពន្យល់ទាំងអស់អត់លាក់ទេបណ្ដុះបណ្ដាលកូនក្មេង ព្រោះយើងចាស់ហើយ ថ្ងៃណាយើងសោ អស់កម្លាំងមិនបានមក
ដល់វាអត់ចេះវាធ្វើអត់កើតស្ទះការងារ តែពេលនេះពួកគេធ្វើកើត។ មេចេះតែថា ឱ្យជួយបង្ហាត់ផងខ្ញុំថាចេះតែបង្ហាត់ហើយ កុំឱ្យតែខ្ជិល។
 
អ៊ីសា រ៉ហានី៖ មកដល់ពេលនេះមានរយៈពេលជាង២០ឆ្នាំហើយ តើលោកអ៊ុំមានក្ដីរីករាយដូចម្ដេចខ្លះ ចំពោះខ្លួនឯងដែលបានរួមចំណែកជួយជួសជុលប្រាសាទខ្មែរដែលទ្រុឌទ្រោមឱ្យវាល្អប្រសើរឡើងវិញ?
 
ហុង ហ៊ាង៖ បាទត្រង់ចំណុចនេះក៏ខ្ញុំត្រេកអរច្រើនណាស់ ព្រោះធ្វើអ្វីមួយខ្ញុំចង់ធ្វើឱ្យល្អ។ហើយខ្ញុំចំណូលនឹងរឿងរៀបប្រាសាទនេះ។ ខ្ញុំធ្វើម៉េចចង់តែល្អហ្នឹង ធ្វើម៉េចឱ្យវារចនាក្បាច់នៅទាំងអស់ដើម្បីទុកឱ្យកូនចៅក្រោយៗមើលឃើញ ថានេះជាកេរដំណាលរបស់ដូនតាយើងពីដើម។ពេលឃើញប្រាសាទទ្រុឌទ្រោម ខ្ញុំតែងបបួលថ្នាក់ដឹកនាំ ថាគួរជួសជុលខាងណេះមួយកន្លែងទៅ។ វាស្ដាយឃើញស្ដាយ របស់ទ្រុឌទ្រោមអស់ច្រើន ស្ដាយៗប្រាសាទ។ វាមិនងាយធ្វើកើត។ បើយើងធ្វើថ្មីមិនងាយកើតដូចរបស់បុរាណ។
 
អ៊ីសា រ៉ហានី៖ យើងសប្បាយចិត្តទេ នៅពេលយើងកើតនៅតំបន់ឧទ្យានអង្គរ ហើយបានជួយជួសជុលកេរដំណាលនៅលើទឹកដីរបស់យើងដូច្នេះ?
 
ហុង ហ៊ាង៖ ខ្ញុំមិនថាម៉េចទេ លោកពុកខ្ញុំពីដើមក៏គាត់ធ្វើក្នុងប្រាសាទដែរ (ជួសជុលប្រាសាទ)។ប៉ុន្តែគាត់ធ្វើបានតិចនៅសម័យសង្គមរាស្រ្តនិយម។ ដល់ពេលសម័យនេះ ខ្ញុំសុំគេ គេឱ្យធ្វើ
ស្នងត្រកូល​លោកពុកហ្នឹងឯង (សើច)។
 
អ៊ីសា រ៉ហានី៖ មកដល់ជំនាន់លោកអ៊ុំនេះ តើមានរៀបចំឱ្យកូនស្នងការងារពីខ្លួនទៀតទេ?
 
ហុង ហ៊ាង៖ វារវល់ការងារផ្សេង។ កាលនៅបាពួនខ្ញុំយកទៅធ្វើ២នាក់។ ឱ្យទៅធ្វើហ្នឹងគេ។ ធ្វើចេះដាប់ក្បាច់ដាប់អ៊ី។អាប្អូនវាជំនាញទៅខាងបើកបរ រឿងគ្រឿងស្ទួចអ៊ីណា។ ខំបណ្ដុះបណ្ដាលកូន និងប្រាប់កូនទៀតថា កូនទៅធ្វើការអ៊ីចាំពិបាកគេប្រើ។ មនុស្សចេះប្រើខ្លួនឯង ជាមនុស្សល្អ។ កូននោះវា តាមខ្ញុំដែរ ធ្វើទៅកើតទាំងអស់។ដល់ពេលនេះការងារខ្ញុំបែកបាពួនទៅ វាឈប់។ ខ្ញុំទៅមេបុណ្យហៅ​វាទៀត សុំមេបាន តែវារវល់ដឹកភ្ញៀវកាលណោះភ្ញៀវច្រើន។ តែអនាគតទៅចង់ឱ្យកូនបន្តការងារនេះពីខ្ញុំ ប៉ុន្តែអាស្រ័យលើកូន ព្រោះបង្ខំគេពេកពិបាក
ណាមួយការងារនៅនេះប្រាក់ថ្ងៃមិនច្រើនដូចការងារផ្សេង។
 
អ៊ីសា រ៉ហានី៖ ជាង២០ឆ្នាំក្នុងការងារជាអ្នកអភិរក្ស តើការងារនេះបានរួមចំណែកជួយសេដ្ឋកិច្ចគ្រួសារ កម្រិតណា?
 
ហុង ហ៊ាង៖ អារឿងសេដ្ឋកិច្ចគ្រួសារ វាធម្មតា វាមិនបានលូតលាស់ទៅណា គ្រាន់ម៉ាហូបបាន ម៉ាគ្រប់ក្នុង គ្រួសារ។ហើយដូចសព្វថ្ងៃកូនចៅបែកអស់ទៅ នៅតែពីរនាក់យាយតា វាអាចមួយទប់ៗ។ ថ្ងៃណា​យាយ​រកបានតិចតួចវាផ្សំគ្នា។ ខ្ញុំចេះតែខំតស៊ូ ធ្វើៗទៅ ខ្លួនយើងប៉ុណ្ណេះហើយ មិនដឹងទៅ​ធ្វើអីទៀត។ចេះតែ​ធ្វើ​ទៅៗដើម្បីបណ្ដុះបណ្ដាលក្មេងៗបន្តទៀត ខ្លាចដល់ពេលណាដល់វគ្គយើងឈប់កូនក្មេងវា​អាចធ្វើបន្ត​ទៀតបាន។
 
អ៊ីសា រ៉ហានី៖​ សង្កេតឃើញថា ការដ្ឋានជួសជុលនាពេលបច្ចុប្បន្ននេះខុសពីមុនដែលមានជនបរទេសជាអ្នកជួយបណ្ដុះបណ្ដាលជាដើម ពេលនេះគឺសុទ្ធតែខ្មែរ ដែលរួមគ្នាជួសជុលប្រាសាទខ្មែរ។ តើលោកអ៊ុំយល់ឃើញបែបណាដែរ?
 
ហុង ហ៊ាង៖ មានអ៊ី ឃើញថាសប្បាយម្យ៉ាងយើងស្រួលដែរ។​ ប៉ុន្តែខ្ញុំគ្រាន់តែសំណូមពរ ចំណុចមួយគឺចាញ់អារឿងថវិកាផ្ទាល់ឱ្យគ្នាតិចពេក។ គិតទៅអភិរក្សប្រាសាទរើថ្មធំៗ ហើយប្រើទាំងអស់កម្លាំងបាយឱ្យលុយគ្នាតិចពេក មួយថ្ងៃ២៥,០០០រៀល បើអាចថ្នាក់លើជួយអនុគ្រោះបានដំឡើងឱ្យគ្នាខ្លះទៅ។បើយើងថាមិនបានច្រើន អាចត្រឹម៣ម៉ឺន អាហ្នឹងអាចផ្គត់ផ្គង់ចាយវាយក្នុងគ្រួសារបានច្រើន ណាមួយសព្វថ្ងៃបុណ្យទាន ការច្រើនដែរ៕

Tag:
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com