អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រីវៀតណាមទៅចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម
26, Jun 2023 , 8:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ ទៅបំពេញទស្សនកិច្ច ផ្លូវការនៅចិន និងចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ១៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងធានជីន ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែមិថុនា។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី១៥ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។

 
ក្នុងដំណើរទស្សនកិច្ចនេះលោក ផាម មិញជិញ នឹងផ្តោតលើការស្វែងរកដំណោះស្រាយជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសពាណិជ្ជកម្មតាមព្រំដែន ក៏ដូចជាពន្លឿនការជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលនៅសេសសល់រវាងប្រទេសទាំងពីរ។
 
បើតាមលោក ង្វៀន មិញវូ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម សកម្មភាពទាំងអស់នេះ គឺជារួមចំណែកលើកកម្ពស់ការជឿទុកចិត្តផ្នែកនយោបាយ ដើម្បីជំរុញការស្វែងរកដំណោះស្រាយចំពោះបញ្ហាផ្សេងៗ រួមទាំងបញ្ហានៅសមុទ្រចិនខាងត្បូងផងដែរ។ 
 
ជំនួបប្រចាំឆ្នាំនៃប្រទេសរីកចម្រើនថ្មីដែលរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងធានជីន មានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាលជាច្រើន និងអាជីវកម្មជាង ១០០០ក្រុមហ៊ុនដែលប្រព្រឹត្តទៅក្នុងបរិបទនៃការធ្លាក់ចុះសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ស្របពេលដែលប្រទេសនានាកំពុងស្វែងរកមធ្យោបាយជំរុញម៉ាស៊ីនកំណើនថ្មី ដើម្បីស្តារសេដ្ឋកិច្ច។
 
ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ខណៈដែលវៀតណាមគឺជាដៃគូធំបំផុតរបស់ចិននៅក្នុងអាស៊ាន។ យោងតាមអគ្គនាយកដ្ឋានគយវៀតណាម ទំហំពាណិជ្ជកម្មទ្វេភាគីសរុបក្នុងឆ្នាំ ២០២២ នឹងឈានដល់ ១៧៥,៦ ពាន់លានដុល្លារ។
 
គិតត្រឹមខែមីនា លំហូរទុនវិនិយោគសរុបពីចិន ចូលវៀតណាម បានកើនឡើងដល់ ២៣,៨៥ពាន់លានដុល្លារ ជាមួយនឹងគម្រោងសរុបចំនួន ៣៦៥១គម្រោង ដែលជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេសដែលបានវិនិយោគច្រើនជាងគេនៅវៀតណាម។ នេះបើតាមក្រសួងផែនការ និងវិនិយោគវៀតណាម។
 
កាលពីខែតុលាឆ្នាំ ២០២២ អគ្គលេខាបក្សលោក ង្វៀន ហ្វូជុង បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។ លោក គឺជាមេដឹកនាំជាន់ខ្ពស់បរទេសដំបូងគេដែលមកបំពេញទស្សនកិច្ចនៅចិនបន្ទាប់ពីសមាជជាតិលើកទី២០ នៃបក្សកុម្មុយនីស្តចិន។ 
 
WEF ជាវេទិកាពិភពលោកដ៏មានកិត្យានុភាពមួយដែលទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមពីថ្នាក់ដឹកនាំប្រទេស អង្គការអន្តរជាតិ ក៏ដូចជាសាជីវកម្ម និងក្រុមហ៊ុនឈានមុខគេរបស់ពិភពលោក។ វៀតណាម និង WEF មានទំនាក់ទំនងតាំងពីឆ្នាំ ១៩៨៩ ហើយតែងតែអញ្ជើញវៀតណាមឱ្យចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុង Davos និងសន្និសីទ WEF ស្តីពីអាស៊ីបូព៌ា។
 
ក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០២២ នាយករដ្ឋមន្រ្តីវៀតណាមរូបនេះ បានជួបជាមួយប្រធាន WEF ដោយលោកបានស្នើឱ្យ WEF ជួយធ្វើពិពិធកម្មទីផ្សារសម្រាប់ទំនិញវៀតណាម និងលើកកំពស់ជំហររបស់ខ្លួនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
 
លោក Klaus Schwab ដែលជាប្រធាន WEF បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដោយអះអាងថានឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីស្នើ និងអនុវត្តគម្រោងសហប្រតិបត្តិការដូចជាមជ្ឈមណ្ឌលតភ្ជាប់បដិវត្តន៍ឧស្សាហកម្ម 4.0 ការបណ្តុះបណ្តាលជំនាញឌីជីថលសម្រាប់ប្រជាជន ជំរុញការផ្លាស់ប្តូរបៃតងដល់វៀតណាម៕
 

Tag:
 ចិន
  ផាម មិញជិញ
  វៀតណាម
  វេទិកាសេដ្ឋកិច្ចពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com