អន្តរជាតិ
អូស្ត្រាលី នឹងផ្តល់រថពាសដែកបន្ថែមទៀតដល់អ៊ុយក្រែនក្នុងកញ្ចប់ជំនួយយោធាថ្មី
27, Jun 2023 , 11:59 am        
រូបភាព
នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនីស អាល់បានីស ប្រកាសនៅថ្ងៃទី២៦ ខែមិថុនាថា រដ្ឋាភិបាលអូស្ត្រា​លី​នឹងផ្តល់កញ្ចប់ថវិកាថ្មីចំនួន១១០លានដុល្លារអូស្ត្រាលី (ឬ៧៣,៥លានដុល្លារ) ដល់អ៊ុយក្រែ​ន​រួម​ទាំង​រថយន្តយោធាចំនួន៧០គ្រឿងដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

 
ជាមួយកញ្ចប់ជំនួយថ្មី ការផ្ដល់ជំនួយរបស់អូស្ដ្រាលីចំពោះអ៊ុយក្រែនសរុបឈានដល់ទៅ៧៩០លាន​ដុល្លារអូស្ត្រាលី រួមទាំងជំនួយផ្នែកយោធាចំនួន៦១០លានដុល្លារអូស្ត្រាលី ចាប់តាំងពីជម្លោះ​បាន​ចាប់​ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ២០២២។
 
«ការគាំទ្របន្ថែមនេះនឹងធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងពិតប្រាកដដោយជួយប្រជាជនអ៊ុយក្រែន​ដែលបន្តបង្ហាញភាពក្លាហានដ៏អស្ចារ្យក្នុងការប្រឈមមុខនឹងសង្រ្គាមខុសច្បាប់របស់រុស្ស៊ី»។ លោក អាន់តូនី អាល់បានីស និយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងកង់បេរ៉ា។
 
បើតាមប្រមុខរដ្ឋាភិបាលអូស្ត្រាលី  កញ្ចប់នេះមិនត្រូវបានជំរុញដោយ​ព្រឹត្តិការណ៍​នៅក្នុង​រុស្ស៊ីកា​ល​ពី​ចុងសប្តាហ៍មុននៅពេលដែលទាហានស៊ីឈ្នួលរុស្ស៊ីប្រដាប់ដោយអាវុធធុនធ្ងន់បានកាន់កាប់ទីក្រុង Rostov ក្នុងរយៈពេលខ្លីឡើយ។ កញ្ចប់ជំនួយយោធាចុងក្រោយបង្អស់នេះផងដែរនឹងរួមបញ្ចូលរថ ពាសដែក M113 ចំនួន២៨គ្រឿង រថយន្តប្រតិបត្តិការពិសេសចំនួន១៤គ្រឿង រថយន្តដឹកទំនិញ​ធុន​មធ្យមចំនួន២៨គ្រឿង និងរថយន្តសណ្ដោង១៤គ្រឿង។
 
​​បន្ថែមពីនេះ លោក អាល់បានីស បាននិយាយថា រដ្ឋាភិបាលស្វាគមន៍ចំពោះការសម្រេចចិត្ត​របស់​តុលាការជាន់ខ្ពស់អូស្ត្រាលីក្នុងរារាំងរុស្ស៊ីសាងសង់ស្ថានទូតថ្មីនៅជិតសភាក្នុងទីក្រុងកង់បេរ៉ា។
 
អូស្ត្រាលី ជាប្រទេសមួយក្នុងចំណោមប្រទេសផ្គត់ផ្គង់ជំនួយយោធាធំបំផុតមួយសម្រាប់អ៊ុយក្រែន ទោះមិនមែនជាសមាជិកសម្ព័ន្ធយោធាណាតូ ហើយបានផ្គត់ផ្គង់ជំនួយនានា គ្រាប់រំសេវ ឧបករណ៍កា​រ​ពាររួមទាំងរថពាសដែក Bushmaster ជាច្រើនគ្រឿងផងដែរ។ អូស្ត្រាលីបាន​ហាម​ឃាត់​ការ​នាំ​ចេញ​រ៉ែអាលុយមីញ៉ូម និងអាលុយ មីញ៉ូមរួមទាំងសារធាតុបុកស៊ីតទៅកាន់រុស្ស៊ី ហើយបានដាក់​ទណ្ឌកម្ម​បុគ្គល និង អង្គភាពរុស្ស៊ីប្រហែល១ពាន់នាក់៕
 

Tag:
 អូស្ត្រាលី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com