ជាតិ
ប្រុង​ប្រយ័ត្ន! តំបន់មួយចំនួ​ននឹងមាន​ភ្លៀង​លាយ​ឡំ​ផ្គរ រន្ទះ រហូត​ថ្ងៃទី៤ កក្កដា
28, Jun 2023 , 7:59 am        
រូបភាព
ទឹក​លិចក្រោយ​ភ្លៀងនៅ​ម្ដុំ​បឹងត្របែកកាលពីថ្ងៃទី២៦ មិថុនា
ទឹក​លិចក្រោយ​ភ្លៀងនៅ​ម្ដុំ​បឹងត្របែកកាលពីថ្ងៃទី២៦ មិថុនា
ភ្នំពេញ៖​ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​ជូន​ដំណឹងស្ដីពី​ស្ថានភាព​ធាតុ​អាកាស ដោយ​​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុ​ភូត​​ធម្មជាតិ​ដែលអាច​កើត​ឡើង​ជា​យថាហេតុ។ បើតាម​ក្រសួង​ធនធានទឹក ចាប់ពី​ថ្ងៃទី​២៨ មិថុនា-៤ កក្កដា តំបន់​មួយចំនួន នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិចទៅ​បង្គួរ លាយ​ឡំ​នឹង​ផ្គរ រន្ទះ។​



ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក​ បង្ហាញ​ថា ​​​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​លាត​សន្ធឹង​លើ​អាង​ទន្លេ​មេគង្គ​ ផ្នែក​ប្រទេស​ថៃ និង​ឡាវ គួប​ផ្សំ​នឹង​ខ្យល់​មូសុង​​និរតី​ក្នុង​កម្រិត​មធ្យម។ ​ស្ថាន​ភាព​បែបនេះ បាន​ធ្វើ​ឱ្យ​តំបន់​ទំនាប​កណ្ដាល​ អាច​មាន​ភ្លៀង​ធ្លាក់ពី​តិច​ទៅ​មធ្យម​ និង​ច្រើន​ ដោយ​ផ្នែក​ខ្លះ លាយ​ឡំ​នឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់។ 
 
បន្ថែម​លើ​នេះ តំបន់​ខ្ពង់រាប និង​តំបន់មាត់​សមុទ្រ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ លាយ​ឡំ​នឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់​ផងដែរ។ អាកាសធាតុបែបនេះ ក្រសួង​ធនធានទឹក​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុ​ភូត​​ធម្មជាតិ​ដែលអាច​កើត​ឡើង​ជា​យថាហេតុ៕ 
 

Tag:
 អាកាសធាតុ
  ភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com