ជាតិ
លោក សំបូរ មាណ្ណារ៉ា៖ បើគ្រាន់តែសុំទោស​រួចខ្លួន ការ​ដៀល​ប្រមាថអ្នក​ស្រែនឹងនៅតែ​បន្ត​កើតឡើងក្នុងសង្គម
27, Jun 2023 , 8:59 pm        
រូបភាព
ភ្នំពេញ៖ អ្នកស្រែគ្មានលុយ! អ្នកស្រែក្រ  ! អ្នកស្រែ បានតែមើលគោក្របី….. ! នេះជាពាក្យសម្ដីក្នុងវីដេអូដែលអ្នកផលិតវីដេអូក្នុងបណ្ដាញសង្គមមួយចំនួន បានប្រើប្រាស់ក្រោមរូបភាពតិះដៀលដល់អ្នករស់នៅស្រុកស្រែ។  លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ និងជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានចាត់ទុកការផលិតវីដេអូទាំងនេះ ជាការបំផ្លាញវប្បធម៌សង្គមខ្មែរ ដែលគួរតែមានវិធានការច្បាប់ លើក្រុមអ្នកផលិតនេះ ដើម្បីកុំឱ្យសកម្មភាពប្រមាថអ្នកស្រែ បន្តកើតមានឡើងក្នុងសង្គមទៀត។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ ដូចតទៅ៖ 
 

លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា  មើលឃើញថា កន្លងមកបុគ្គលដែលធ្វើខុសក្នុងបណ្ដាញសង្គមតែងប្រើពាក្យសុំទោស ដើម្បីលុបលាងកំហុសឆ្គង។  បើតាមលោក សំបូរ មាណ្ណារ៉ា បុគ្គលដែលធ្វើខុស ក្រសួងពាក់ព័ន្ធគួរតែ ចាត់វិធានការច្បាប់តឹងរ៉ឹងលើបុគ្គលដែលប្រព្រឹត្តខុសឱ្យរាងចាល  កុំគ្រាន់តែប្រើពាក្យសុំទោស។  
 
លោក សំបូរ មាណ្ណារ៉ា  លើកឡើងដូច្នេះ៖ «ចំពោះខ្ញុំល្មមប្រើវិធានការច្បាប់ ហើយក្រសួងបីវប្បធម៌ ក្រសួងព័ត៌មាន ក្រសួងធម្មការ បូកនឹងក្រសួងទេសចរណ៍ ។ នៅពេលយើងឱ្យមនុស្សបែបហ្នឹងធ្វើ ហើយគ្រាន់តែសុំទោស អ៊ីចឹងយើងថារួចខ្លួនអត់បានទេត្រូវមានផ្លូវច្បាប់​»។ 
 
លោក សំបូរ មាណ្ណារ៉ា បានរំលឹកថា ពាក្យសម្ដីប្រមាថតិះដៀលអ្នកស្រែនេះ បានកើតមានតាំងពីជំនាន់មុន ហើយវាក៏បានបង្កជាគ្រោះថ្នាក់ដល់សង្គមទៀតផង។ «កុំភ្លេចណា បដិវត្តន៍ឆ្នាំ១៩៧០ កើតឡើងដោយសារការថ្នឹងថ្នាក់របស់អ្នកស្រែ។ ឆ្នាំ១៩៧០  និងចុងទសវត្សរ៍៦០ មនុស្សភ្នំពេញនេះដៀលអ្នកស្រែ រហូតដល់និយាយថា ហ្ហែងស្រែងោង ហ្ហែងអន់ម៉េសហា ហ្ហែងស្រែៗអ៊ីចឹង។ ពាក្យអស់ហ្នឹងកើតឡើងពេលសម័យលោកគ្រូទាន់ ដូច្នេះអារឿងអស់ហ្នឹងធ្វើឱ្យកំហឹងអ្នកស្រែ ចាប់ផ្ដើមបន្តិចម្ដងៗ ធ្វើបដិវត្តន៍ ទសវត្សរ៍  ៦០ ៧០ រហូតដល់១៧មេសា ឆ្នាំ១៩៧៥ ក្រុមអ្នកស្រែចងក្រវាន់ក្រមា ក្លាយខ្លួនជាឃាតករ ទាំងមនុស្សចាស់ ទាំងមនុស្សក្មេង គុំគួន និងសងសឹក»។  
 
លោក សំបូរ មាណ្ណារ៉ា បានសង្កត់ធ្ងន់ថា  ក្រសួងពាក់ព័ន្ធគួរប្រើវិធានការជាបន្ទាន់ ព្រោះបើក្រសួងគ្មានវិធានការលើអ្នកប្រព្រឹត្តខុសទេនោះ ប្រៀបដូចជាកំពុងបណ្ដាយឱ្យមានសកម្មភាពភាពអាក្រក់នេះ បន្តកើតមានក្នុងសង្គមកាន់តែច្រើនថែមទៀត៕ 
 

Tag:
 អ្នកស្រែ
  លោក សំបូរ មាណ្ណារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com