ជាតិ
សេដ្ឋកិច្ច
រោងចក្រផលិតកង់ កង់អគ្គិសនី គ្រឿងបង្គុំ និងបន្លាស់នៅ​ស្វាយរៀងនឹងផ្តល់ការងារ​ជាង៦២០០កន្លែង
28, Jun 2023 , 8:59 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
 
ឱកាស​ការងារជាង​៦២០០កន្លែង នឹងផ្តល់ជូន​ដល់ពលរដ្ឋកម្ពុជា បន្ទាប់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យ​ក្រុមហ៊ុន​មួយ​បោះទុន​វិនិយោគ​បង្កើត​រោងចក្រផលិតកង់នៅ​ខេត្តស្វាយរៀង។ ក្រុមហ៊ុននេះ​ស្ថិតក្នុងចំណោម​ក្រុមហ៊ុន​៩ ដែលទើប​ទទួល​បាន​ភ្លើង​ខៀវ​ពី​ CDC ក្នុងការបោះទុនវិនិយោគនៅកម្ពុជា។

 
បើតាម CDC ក្រុមហ៊ុន LINGRICH BICYCLE (CAMBODIA) CO., LTD ទទួលបាន​ការអនុញ្ញាតលើ​សំណើ​គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន ទោចក្រយានអគ្គិសនី គ្រឿងបង្គុំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេងបាវិត ខេត្តស្វាយរៀង។ ក្រុមហ៊ុនមួយនេះ បាន​បោះទុនវិនិយោគប្រមាណ ៧,២លានដុល្លារអាម៉េរិក ដោយ​អាចបង្កើតការងារបានចំនួន ៦,២៥០កន្លែង។
 
ក្រៅពី​ក្រុម​ហ៊ុនខាងលើ រដ្ឋាភិបាល​កម្ពុជា បាន​អនុម័តឱ្យក្រុមហ៊ុនចំនួន៨ផ្សេងទៀតលើ​ការ​បោះទុនមកវិនិយោគនៅកម្ពុជា ដោយ​ក្រុមហ៊ុនទាំងនោះ វិនិយោគក្នុងគម្រោងផលិតសម្ភារប្រើប្រាស់ផ្ទះបាយ កាបូប ស្បែកជើង សម្លៀកបំពាក់ និងផលិតឧបការណ៍ផ្សេងៗទៀត ដែលស្ថិតនៅក្នុងខេត្តស្វាយរៀង កំពង់ស្ពឺ តាកែវ កណ្ដាល និងរាជធានីភ្នំពេញ។
 
ក្រុមហ៊ុន KITCHEN BRIGHTS (CAMBODIA) INDUSTRIAL គ្រោងបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយ ទីតាំងនៅភូមិបន្លាស្អិត ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រនេះ ចំណាយដើមទុនវិនិយោគចំនួន ៩,៧លានដុល្លារ និងអាចបង្កើតការងារជូនពលរដ្ឋបានចំនួន  ១ ៤១៤កន្លែង។
 
នៅ​កំពង់ស្ពឺដដែល​ ក្រុមហ៊ុន YANGJIE OUTDOOR MANUFACTURING (CAMBODIA) នឹង​បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ក្នុងទុនវិនិយោគចំនួន ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៥៣១កន្លែង។
 
នៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ដូចគ្នា ក្រុមហ៊ុន X J X INDUSTRIAL  បង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង ទុកវិនិយោគចំនួន ៥,២លានដុល្លារ ដែល​អាចបង្កើតការងារបានចំនួន ៤៨៥កន្លែង។
 
នៅខេត្តតាកែវ ក្រុមហ៊ុន LTD FRESH SOURCE INTERNATIONAL (CAMBODIA) នឹង​បង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដោយ​មាន​ទីតាំងនៅផ្លូវភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ក្នុងទុនវិនិយោគចំនួន ៦លានដុល្លារ ដោយផ្តល់ឱកាសការងារ​៤៦៥កន្លែង។  
 
នៅ​ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ក្រុមហ៊ុន OPTIMA GARMENT (CAMBODIA)  គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងទុនវិនិយោគចំនួន ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ២២៦កន្លែង។
 
នៅសួនឧស្សាហកម្មកាណាស៊ីធី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឯណេះវិញ ក្រុមហ៊ុន​ CAMBODIAN XIN HUANG MING GARMENT គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ជាមួយទុនវិនិយោគចំនួន ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១ ១៤១កន្លែង។
 
ក្រុមហ៊ុន LATIDO ELECTRICAL CO., LTD. បានសំណើគម្រោងបង្កើតរោងចក្រផលិតគ្រឿងអគ្គិសនី និងគ្រឿងបង្គុំបរិក្ខារអគ្គិសនីគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង។ ក្រុមហ៊ុននេះ បានបោះទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ៦៩០កន្លែង។
 
ក្រុមហ៊ុនចុងក្រោយគឺ L&G PACKAGING MATERIALS  ដែល​នឹងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ ក្រដាសម៉ាកឃឺ និងក្រដាសវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល កណ្តាល ក្នុងទុនវិនិយោគចំនួន ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៤៧កន្លែង៕
 

Tag:
 វិនិយោគ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com