ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន៖ ​ខេត្តកំពង់ស្ពឺ នឹងក្លាយទីតាំង​ផលិត និងផ្គត់ផ្គង់ស៊ីម៉ងត៍សម្រាប់កម្ពុជា
28, Jun 2023 , 10:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ រូបភាពពីហ្វេសប៊ុកសម្ដេចហ៊ុន សែន​
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ រូបភាពពីហ្វេសប៊ុកសម្ដេចហ៊ុន សែន​
ដោយ:
ខេត្តកំពង់ស្ពឺ នឹងក្លាយជាខេត្តដែលមានលទ្ធភាពរួមចំណែកក្នុងការផ្គត់ផ្គង់ស៊ីម៉ងត៍ នៅទូ​ទាំង​ប្រទេសកម្ពុជា។ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាល កម្មករ កម្មការិនី នៅខេត្តកំពង់​ស្ពឺ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។



សម្រាប់ សម្ដេច ហ៊ុន សែន ខេត្តកំពង់ស្ពឺមិនមែន មានតែឧស្សាហកម្មកាត់ដេរ និង​វាយនភ័ណ្ឌនោះទេ គឺខេត្តកំពង់ស្ពឺ មានឧស្សាហកម្មផ្សេងៗទៀត ដែលរួមមានផ្នែកកសិផលដំឡូងមី និងស្ករសជាដើម។ លើសពីនេះ ទៅអនាគតខេត្តនេះ​នឹង​អាច​ផលិត​ស៊ីម៉ងត៍បានប្រមាណ ២លានតោន ក្នុង​មួយឆ្នាំ សម្រាប់ផ្គត់ផ្គង់វិស័យសំណង់នៅកម្ពុជា។

សម្ដេច បានបញ្ជាក់ថា៖ «ខេត្ត​កំពង់ស្ពឺ នឹងក្លាយជាខេត្តរួមចំណែកក្នុងការផ្គត់ផ្គង់ សម្ភារសំណង់សម្រាប់ទូទាំងប្រទេស។ ការវិនិយោគនេះ មិនមែនជាការយកភ្នំនោះទេ តែវាមានដីថ្ម ដែលអាចយកទៅធ្វើស៊ីម៉ងត៍ បាននៅក្រោមដីទៅវិញ»។
 
​ក្រៅពីខេត្តកំពង់ស្ពឺ បណ្តាខេត្តផ្សេងទៀតរួមមានខេត្តតាកែវ កំពត កែប និងខេត្ត​ព្រះសីហនុ ក៏បានក្លាយជាខេត្តពហុបំណងរួចហើយ ដោយសារ ​សក្ដានុពលផ្នែកកសិឧស្សាហកម្ម ទេសចរណ៍ និង​ការទាក់ទាញបាននូវវិនិយោគិនក្នុងការវិនិយោគលើ​រោងចក្រ សហគ្រាស ​៕
 

Tag:
 ស៊ីម៉ងត៍
  កំពង់ស្ពឺ
  ឧស្សាហកម្ម
  រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com