ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនSmart Axiata ចូលរួមជាមួយសិល្បករ​ Sai អបអរ​ខួប១៥ឆ្នាំ នៃ​ការ​បញ្ចូល​ប្រា​សាទ​​ព្រះ​វិហារជាបេតិកភណ្ឌពិភពលោក
29, Jun 2023 , 11:55 am        
រូបភាព
 ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា​បាន​​សហ​ការ​ជាមួយសិល្បករចម្រៀងដ៏ល្បីល្បាញ​គឺលោក Sai ​ក្នុងយុទ្ធនាការថ្មីរបស់លោក គឺកម្ម​វិធី “Preah Vihear Temple Run”​ ជាព្រឹត្តិការណ៍រត់ ៧គីឡូម៉ែត្រ​ឡើង​ប្រា​សាទ​ព្រះ​វិហារ ដើម្បី​​អបអរគម្រប់ខួប ១៥ឆ្នាំ ដែលប្រាសាទព្រះវិហារ​ចូល​ជាបេតិកភណ្ឌពិភពលោក។ ព្រឹត្តិ​ការណ៍នេះ ក៏ជា​ការ​ចូលរួម​លើក​ស្ទួយ​ លើកកម្ពស់ និង​ផ្សព្វផ្សាយការយល់ដឹង​បន្ថែម​ពី​ស្ថាបត្យកម្មដ៏ល្អ​ប្រណិត ​ដែលមានអាយុកាល​ជាងមួយសហស្សវត្សនេះ។
 
ព្រឹត្ដិការណ៍ Preah Vihear Temple Run នឹងធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣​ ក្រោ​ម​ការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ សហភាពសហព័ន្ធ​យុវជន​កម្ពុជា យុទ្ធនាការ BeyondTheGames រដ្ឋបាលខេត្តព្រះវិហារ និងអាជ្ញាធរជាតិ​ព្រះ​វិហារ​។ ក្រៅពីការរត់អបអរសាទរ កម្មវិធីក៏បានភ្ជាប់មកជាមួយការប្រគំ​តន្ត្រី ដែលមាន​ការចូលរួមសម្តែងដោយលោក Sai ផ្ទាល់ និងពី​សិល្បករ Pleng ពីររូបទៀត គឺ​លោក Kai និង​លោក P-Sand ​នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ទីតាំងរង្វង់មូលទីរួមស្រុកស្រអែម។
  


ក្រុមហ៊ុន Smart និង​​ Pleng ក៏មានសេចក្តីត្រេកអរ ដែលបានឧបត្ថម្ភគាំទ្រសិល្បករ Sai ក្នុងការផលិតវីដេអូចម្រៀង «ខ្មែរជួយខ្មែរ» ដែលនឹងផ្តិតយកទេសភាពដ៏ស្រស់ស្អាត នៃ​ប្រាសាទព្រះវិហារ។ អ្វីដែលកាន់តែពិសេសទៅទៀត វីដេអូចម្រៀង «ខ្មែរជួយខ្មែរ» ​គឺ​ជា​ការចូលរួមច្រៀងបន្ទរដោយកុមារា កុមារី​ ជាង១០នាក់ ឧបករណ៍តន្ត្រីប្រពៃណីខ្មែរ ក្រុម​តន្រ្តីវង់ភ្លេង (Orchestra band) ជាង៤០នាក់ និងទស្សនីយភាពរបាំសហសម័យផងដែរ។ 
 
លោក Ziad Shatara នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata​បានសម្តែង​សេចក្តី​សោមនស្ស​រីករាយ ដែលក្រុមហ៊ុនអាចចូលរួមចំណែកគាំទ្រយុទ្ធនាការមួយនេះ។​ លោក Ziad Shatara បានលើកឡើងថា៖ «ក្រុមហ៊ុន Smart Axiata តែងតែ​មានការច្នៃប្រឌិត និង​ការ​អភិវឌ្ឍ​ឌីជីថល​ប្រកប​ដោយនិរន្តរភាពជានិច្ច។ យ៉ាងណាក្តី ការសិក្សា និងចងចាំអំពី​ប្រវត្តិសាស្រ្ត និងវប្បធម៌​ដែល​ជា​ព្រលឹង​ស្នូល នៃស្មារតីរបស់ប្រជាជនកម្ពុជា ជាកត្តា​សំខាន់​​ដែល​មិនអាចខ្វះបាន ជាពិសេស​ក្នុង ដំណើរ​​ការអភិវឌ្ឍឆ្ពោះទៅមុខ។ យើងពិត​ជា​មានក្តីរីករាយក្រៃលែង ដែលអាចចូលរួម​គាំទ្រ​ដល់​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​ក្នុង​ទិដ្ឋភាព​ផ្សេងៗ​គ្នា​ ដើម្បី​ធានា​បាន​នូវការអភិវឌ្ឍប្រកបដោយ និរន្តរភាពនៅក្នុង​ប្រទេស​កម្ពុជា ​ក៏ដូចជាលើកតម្កើងនូវកិត្យានុភាពរបស់ប្រទេសជាតិ​នៅលើ​ឆាក​អន្តរជាតិ»។
  


ក្រុមហ៊ុន Smart Axiata តែងតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រ​កិច្ចខិតខំប្រឹងប្រែង​អភិរក្ស​​​វប្បធម៌នៅ​កម្ពុជា។ កិច្ចសហការខាងលើ គឺនៅក្នុង​ចំណោម​គំនិតផ្តួច​ផ្តើម​មួយ​របស់​ក្រុមហ៊ុន Smart ក្នុងការបន្តគាំទ្រ និងអភិរក្សបេតិកភណ្ឌ និងសម្បត្តិវប្បធម៌​របស់​កម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីជាផ្នែកមួយនៃការចូលរួមគាំទ្រយ៉ាងមោះ​មុតក្នុង​យុទ្ធនាការ​មួយនេះ សមាជិកបុគ្គលិក របស់ក្រុមហ៊ុន Smart Axiata ក៏នឹងចូលរួមក្នុងការរត់ប្រណាំង​មួយនេះ​​ដែរ។​ 
 
គួរឲ្យកត់សម្គាល់​ថា ប្រតិបត្តិករទូរស័ព្ទ្ទចល័តមួយនេះ​ធ្លាប់បរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ ដើម្បី​ចូលរួមគាំទ្រ​យុទ្ធនាការ «រត់ជាមួយ Sai» ក្នុងអំឡុងពេលដែលលោកបានរត់ជាង ២០៤៨ គីឡូម៉ែត្រឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ ថ្ងៃ ដើម្បីរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យ កុមារអង្គរ កាលពីឆ្នាំ២០២១។ លើសពីនេះ ក្រុមហ៊ុន Smart Axiata ក៏​បានគាំទ្រយុទ្ធនាការ «រត់ជាមួយ Sai ៤ សែនជំហាន» ចម្ងាយ ៣០៣ គីឡូម៉ែត្រ ដើម្បី​រៃអង្គាសថវិកាជួយសង្រ្គោះកុមារ ដែលមានជំងឺមហារីកនៅមន្ទីរពេទ្យកុមារអង្គរ កាលពីឆ្នាំ ២០២២​ដែរ​។
 
ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ សូមរកសំបុត្រនៅទីនេះ៖ https://wonderpass.asia/event/preah_vihear_temple_run
សម្រាប់ព័ត៌មានបន្ថែម សូមចូលតាមដានទំព័រហ្វេសប៊ុកផ្លូវការរបស់សិល្បករ Sai  និងក្រុមហ៊ុន Smart Axiata​៕
 
(អត្ថបទពាណិជ្ជកម្ម)
 

 

© រក្សាសិទ្ធិដោយ thmeythmey.com