សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាម៉េរិករឹតបន្តឹងបន្ថែម លើការនាំចេញបន្ទះឈីប AI ទៅចិន
29, Jun 2023 , 12:19 pm        
រូបភាព
បន្ទះឈីប AI ។ រូបភាព ៖ AFP ។
បន្ទះឈីប AI ។ រូបភាព ៖ AFP ។
ចាប់ពីខែកក្កដ ក្រសួងពាណិជ្ជកម្មអាម៉េរិក នឹងបញ្ឈប់ការដឹកជញ្ជូនបន្ទះឈីប AI ដែលផលិតដោយក្រុមហ៊ុន Nvidia និងក្រុមហ៊ុនបន្ទះឈីបផ្សេងទៀតរបស់អាម៉េរិក ទៅកាន់អ្នកប្រើប្រាស់នៅចិន។

 
បើតាមកាសែត Wall Street Journal ចុះផ្សាយនៅថ្ងៃទី ២៧ ខែមិថុនា អាម៉េរិកកំពុងពិចារណាលើការរឹតបន្តឹងថ្មីជុំវិញការនាំចេញបន្ទះឈីបបញ្ញាសិប្បនិម្មិត ( AI ) ទៅកាន់ចិន។ ក្នុងនោះក្រសួងពាណិជ្ជកម្មអាម៉េរិក នឹងបញ្ឈប់ការដឹកជញ្ជូនបន្ទះឈីបដែលផលិតដោយ Nvidia និងក្រុមហ៊ុនបន្ទះឈីបផ្សេងទៀតរបស់អាម៉េរិកទៅកាន់អតិថិជននៅចិនចាប់ពីខែកក្កដា ឆ្នាំ២០២៣ តទៅ។
 
ក្រុមហ៊ុន Nvidia, Micron និង Advanced Micro Devices (AMD) ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាម៉េរិក ដែលជាប់ទាក់ទិននៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិក។
 
កាលពីខែកញ្ញាឆ្នាំ២០២២ ក្រុមហ៊ុន Nvidia បានអះអាងថា មន្ត្រីអាម៉េរិកបានស្នើសុំឱ្យក្រុមហ៊ុនបញ្ឈប់ការនាំចេញបន្ទះឈីបកុំព្យូទ័រសំខាន់ពីរ សម្រាប់ការងារដែលទាក់ទងនឹង AI ទៅកាន់ចិន។ ប៉ុន្មានខែក្រោយ Nvidia បានប្រកាសថា ខ្លួននឹងផ្តល់ជូននូវបន្ទះឈីបថ្មីប្រភេទ A800 ទៅចិន ដើម្បីបំពេញតាមគោលការណ៍គ្រប់គ្រងនៃការនាំចេញ។
 
បន្ថែមពីនេះ ក្រុមហ៊ុនក៏បានកែប្រែបន្ទះឈីបប្រភេទ H100 របស់ខ្លួនកាលពីដើមឆ្នាំ ដើម្បីអនុលោមតាមបទប្បញ្ញត្តិផងដែរ ។
 
ទោះជាយ៉ាងណាក៏ដោយ ការរឹតបន្តឹងថ្មីដែលកំពុងត្រូវបានពិចារណាដោយក្រសួងពាណិជ្ជកម្មនឹងហាមឃាត់ការលក់សូម្បីតែបន្ទះឈីបប្រភេទ A800 ដែលគ្មានអាជ្ញាប័ណ្ណនាំចេញពិសេសរបស់អាម៉េរិក។
 
បន្ទាប់ពីបានឃើញនូវព័ត៌មានប្រកាស ភាគហ៊ុនរបស់ Nvidia បានធ្លាក់ចុះជាង ២ភាគរយ ខណៈដែលភាគហ៊ុនរបស់ AMD ក៏បានធ្លាក់ចុះប្រហែល ១,៥ភាគរយ៕
 
 
 

Tag:
 ចិន
 ​ អាម៉េរិក
  បន្ទះឈីប
© រក្សាសិទ្ធិដោយ thmeythmey.com