ជាតិ
មន្ទីរបរិស្ថាន១៤ខេត្ត ទទួលបានរថយន្តនិងកង់បីពីជប៉ុន ដើម្បី​បង្កើនប្រសិទ្ធ​ភាព​ប្រមូល​​សំ​រាម​
29, Jun 2023 , 5:59 pm        
រូបភាព
លោក UENO ATSUSHI  ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្រគល់រថយន្តជូនមន្ទីរបរិស្ថាន។រូបភាពពី​ក្រសួង​បរិស្ថាន
លោក UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្រគល់រថយន្តជូនមន្ទីរបរិស្ថាន។រូបភាពពី​ក្រសួង​បរិស្ថាន
ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានផ្តល់រថយន្តដឹកសំរាម​១២​គ្រឿង និងម៉ូតូកង់បីដឹកសំរាម ​១០គ្រឿង ដល់មន្ទីរបរិស្ថានខេត្ត​​ចំនួន១៤ ដើម្បីបង្កើន​ប្រសិទ្ធ​ភាព​នៃការប្រមូល សម្អាត ដឹកជញ្ជូនសំរាមសំណល់រឹង​នៅក្នុងមូលដ្ឋានបាន​ទាន់​ពេល​វេលា។



តាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ មិថុនា ខេត្តដែលទទួលបានអំណោយ​ជាយានយន្តដឹកសំរាមនេះ មានខេត្តបន្ទាយមានជ័យ, បាត់​ដំបង, កំពង់ឆ្នាំង, កំពង់ធំ, កំពត, ក្រចេះ, ពោធិ៍សាត់, សៀមរាប ខេត្តស្ទឹងត្រែង, តាកែវ, កំពង់​ចាម, កណ្តាល, មណ្ឌលគីរី និងខេត្តព្រះវិហារ។ 

រូបភាពពីក្រសួង​បរិស្ថាន

​រថយន្តនិង​ម៉ូតូកង់បីនេះ គឺជា​អំ​ណោយ​របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រោម​គម្រោង KUSANUNE និង​កម្រៃ​អាកាស​ចរ​ស៊ី​វិល ដែល​ជួយគាំទ្រដល់សេវាគាំពារបរិស្ថាន និង​ការ​អនុវត្ត​គោល​នយោបាយ​គ្រប់​គ្រងសំរាម សំណល់រឹងឆ្នាំ២០២០-២០៣០។ ក្រសួង​បរិស្ថាន​ បញ្ជាក់ដូច្នេះ ដោយបន្ថែមទៀតថា យានយន្តទាំងនេះ ​ នឹងចូលរួមគាំទ្រ​ផ្តល់​សេវា​ប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន​ដោយខ្លួនឯង ឱ្យស្អាត ឱ្យ​​អស់​ទាន់​ពេល​ និងធានានិរន្តរភាព។ សកម្មភាព​នេះ​ បង្កើត​​ឱ្យ​មាន​​ភាព​ជា​ម្ចាស់​ក្នុង​ការ​គ្រប់​​គ្រង​សំរា​ម​សំណល់​រឹង​ ដោយរៀបចំប្រមូល សម្អាត ដឹក​ជញ្ជូន ទុកដាក់ កែច្នៃ និង​ទាញ​យកធនធាន​ពីសំរាម ព្រម​ទាំង​ចូល​រួម​អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់​រាជ​រដ្ឋា​ភិបាល​​កាន់​​តែមាន​ប្រសិទ្ធ​ភាព​៕​
 

រូបភាពពីក្រសួង​បរិស្ថាន

Tag:
 បរិស្ថាន
  សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com