ជាតិ
សង្គមជាតិ
គ.ជ.ប រៀបចំសំណើសុំគ្រឿងឥស្សរសយពីព្រះមហាក្សត្រ និងរដ្ឋាភិបាលជូនទៅមន្រ្តី
29, Jun 2023 , 6:29 pm        
រូបភាព
ដោយ:
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសំណើ២ ដោយសំណើ១ នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីក្រាបបង្គំសុំទ្រង់ប្រោសព្រះរាជប្រទានឥស្សរសយតាមលំដាប់ថ្នាក់ ដល់មន្រ្តីរាជការ៨៨នាក់ និងសំណើ១ទៀត នឹងត្រូវដាក់ជូនរាជរដ្ឋាភិបាល ដើម្បីសុំឲ្យផ្តល់គ្រឿងឥស្សរយសតាមលំដាប់ថ្នាក់ ដល់មន្រ្តីរាជការ១០៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលចេញនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។



លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប ប្រាប់សារព័ត៌មានថ្មីៗថា សំណើទាំង២នេះ នឹងថ្វាយទៅព្រះមហាក្សត្រ និងដាក់ជូនទៅរាជរដ្ឋាភិបាល នៅថ្ងៃស្អែក (៣០មិថុនា)។ លោក បន្តថា គ.ជ.ប រៀបចំសំណើសុំគ្រឿងឥស្សរយសជូនមន្រ្តីរាជការដែលបម្រើការងារនៅគ.ជ.ប ជារៀងរាល់២ឆ្នាំម្តង។ 
 
អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា៖«គ្រឿងឥស្សរយសកម្រិតណា ដែលចេញដោយព្រះមហាក្សត្រ យើងថ្វាយសំណើនោះទៅព្រះមហាក្សត្រ ហើយគ្រឿងឥស្សរយសកម្រិតណា ដែលចេញដោយរាជរដ្ឋាភិបាល យើងដាក់សំណើរនោះទៅរាជរដ្ឋាភិបាល»។ 
 
លោក អះអាងថា សមាជិកទាំង៩រូបរបស់គ.ជ.ប គ្មានឈ្មោះក្នុងសំណើខាងលើ ដែលត្រូវទទួលគ្រឿងឥស្សរយសពីព្រះមហាក្សត្រនោះទេ ព្រោះសមាជិកទាំង៩រូបរបស់គ.ជ.ប បានទទួលមេដាយថ្នាក់ជាតូបការ ដែលជាមេដាយថ្នាក់ខ្ពស់បំផុត ពីព្រះមហាក្សត្ររួចមកហើយ៕ 
 
 

Tag:
 មន្រ្តីគជប
  គ្រឿងឥស្សរយស
© រក្សាសិទ្ធិដោយ thmeythmey.com