ជាតិ
សង្គមជាតិ
ចាប់ស្រ្តីចិនម្នាក់ជាមួយគ្រឿងញៀន និងសារធាតុផ្សំជាង១០០គីឡូក្រាម
30, Jun 2023 , 11:59 am        
រូបភាព
កងកម្លាំងពីមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ស្រ្តីជនជាតិចិនម្នាក់ នៅខុនដូមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ហើយរឹបអូសគ្រឿងញៀន និងសារធាតុផ្សំលើសពី១០០គីឡូក្រាមពីនាង។ ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨មិថុនា។

 
ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ ដឹកនាំផ្ទាល់ដោយលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រឿងញៀន ដែលរឹបអូសបានពីស្រ្តីចិនវ័យ៤៣ឆ្នាំ មាន២៣គីឡូក្រាម ហើយសារធាតុផ្សំ មាន១២២គីឡូក្រាម។ សមត្ថកិច្ច មិនទាន់បញ្ជាក់ថា សារធាតុផ្សំទាំងនោះ ជាសារធាតុអ្វីឡើយ ដោយសមត្ថកិច្ច ហៅថា ជាសារធាតុមិនច្បាស់។ 
 
«បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី»។ នេះជាការអះអាងរបស់នគរបាលជាតិ៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com