សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន​ជា​ប្រទេស​នាំ​ចូល​បន្លែ​ផ្លែឈើ​ធំ​ជាង​គេ​របស់​វៀតណាម
30, Jun 2023 , 6:59 pm        
រូបភាព
រូបភាពពី congthuong
រូបភាពពី congthuong
យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាម ក្នុងរយៈពេល៥ខែឆ្នាំនេះ ចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រើប្រាស់បន្លែ និងផ្លែឈើរបស់វៀតណាម ដែលមានទំហំទឹកប្រាក់១,២៨ពាន់លានដុល្លារកើនឡើង ៨០,២ភាគរយ បើធៀបពេលដូចគ្នាកាលពី​ឆ្នាំ​មុន។ ចិនមានចំណែកជិត ៦៣,៥ភាគរយនៃ​ការ​នាំ​ចេញ​បន្លែ និង​ផ្លែឈើ​សរុបរបស់វៀតណាម។

 
ទុរេន ជាផលិតផលផ្លែឈើយ៉ាងសំខាន់ដែលជំរុញឱ្យមានការកើនឡើងនេះ ដែលមានតម្លៃ ៤៧៧លានដុល្លារ។ មិន​ត្រឹម​តែ​ទុរេន​ប៉ុណ្ណោះ​ទេ កសិផល​ជា​ច្រើន​មុខ​ទៀត​ដូច​ជា អង្ករ កាហ្វេ ម្រេច ស្វាយចន្ទី របស់​វៀតណាម​ដែល​នាំ​ចេញ​ទៅ​ចិន ក៏​កំពុង​បន្ត​កើន​ឡើង​យ៉ាង​ខ្លាំងផងដែរ ។
 
ស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា ក្នុងរយៈពេល៥ខែឆ្នាំនេះ ការនាំចេញអង្កររបស់វៀតណាមបានដល់ទៅ៣,៦២លានតោន។ ក្នុង​នោះ​ការ​នាំ​ចេញ​អង្ករ​ទៅ​​ចិន​បាន​កើន​ឡើង​៧៩ភាគរយ ដែលមានតម្លៃ ​៣៦៥​លាន​ដុល្លារ ។ តម្លៃអង្ករជាមធ្យមនៃការនាំចេញទៅចិនប្រមាណ ៥៨៩ដុល្លារក្នុងមួយតោន កើនជាង ១៨ភាគរយធៀប​ពេលដូចគ្នាកាលពីឆ្នាំមុន។
 
ទិន្នន័យពីគយចិនបានឱ្យដឹងថា ប្រទេសនេះបានកាត់បន្ថយការនាំចូលអង្ករពីឥណ្ឌា ប៉ាគីស្ថាន ថៃ  ប៉ុន្តែបានបង្កើនការនាំចូលពីវៀតណាម។ នេះបើតាមសារព័ត៌មានវៀតណាម VNBUSINESS ។ 
 
លោក ជិន ហ្វូ លឿ នាយកមជ្ឈមណ្ឌលជំរុញការវិនិយោគ និងពាណិជ្ជកម្មនៃទីក្រុងហូជីមិញ (ITPC) បាននិយាយថា ចិនគឺជាទីផ្សារនាំចូលផលិតផលកសិកម្មដ៏ធំបំផុតរបស់វៀតណាម​ ដែលស្មើនឹងប្រមាណ ៧០ភាគរយនៃទំហំនាំចេញផលិតផលកសិកម្មសរុប។ .
 
ចាប់ពីឆមាសទីពីរនៃឆ្នាំ ២០២២ វៀតណាម និងចិនបានចុះកិច្ចព្រៀមព្រៀងលើការនាំចេញទុរេន ចេក ដំឡូងជ្វា និងទឹកមាត់ត្រចៀកកាំទៅកាន់ទីផ្សារចិន។ តាមពិតទៅការនាំចេញផលិតផលកសិកម្ម និងជលផលទៅចិនបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៣។ សហគ្រាសចិនជាច្រើនបានបង្ហាញពីបំណងចង់ទិញផលិតផលកសិកម្ម និងជលផលក្នុងបរិមាណដ៏ច្រើនពីវៀតណាម។
 
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបានលើកឡើងថា ការនាំចេញកសិផលរបស់វៀតណាមទៅកាន់ទីផ្សារចិនតែងតែមានការកកស្ទះនៃ​ច្រកព្រំដែន​នៃ​ប្រទេស​ទាំងពីរ​​។ នេះដោយសារតែហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននៃភាគីទាំងសងមានសភាពតូចចង្អៀតដែលនាំឱ្យផលិតផលកសិកម្មស្រស់ៗមានតម្លៃខ្ពស់មួយចំនួន​ត្រូវបានខូច។ 
 
លើសពីនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចិនបានផ្លាស់ប្តូរជាបន្តបន្ទាប់នូវបទប្បញ្ញត្តិរបស់ខ្លួនស្តីពីគោលនយោបាយនាំចូលផលិតផលកសិកម្ម និងម្ហូបអាហារ។ ស្តង់ដារគុណភាពមួយចំនួនសម្រាប់ផលិតផលកសិកម្ម និងអាហារដែលនាំចូល ត្រូវតែមានចុះបញ្ជីអាជ្ញាបណ្ណ ការធ្វើតេស្តជាដើម ដែលមើលទៅហាក់ពិបាកក្នុងការនាំចូលជាងអាម៉េរិក សហភាពអឺរ៉ុប និងជប៉ុនទៅទៀត។
 
ដូច្នេះ​ដើម្បី​បង្កើន​ចំណូល​នាំចេញ​ក្នុង​ទីផ្សារ​ចិន អ្នកជំនាញ​ថា ផលិតផល​កសិកម្ម​ត្រូវ​មាន​គុណភាព​ល្អ ដើម្បីបំពេញតាម​តម្រូវការ​អ្នកប្រើប្រាស់៕
 

Tag:
 វៀតណាម
  ចិន
  បន្លែផ្លែឈើ
© រក្សាសិទ្ធិដោយ thmeythmey.com