ជាតិ
បោះឆ្នោត
បក្សនយោបាយ នាំគ្នាត្រៀមមីក្រូហើយ!
30, Jun 2023 , 3:59 pm        
រូបភាព
ក្បួនឃោសនារបស់គណបក្សមួយ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២។ រូបដោយ៖ ស៊ុល រ៉វី
ក្បួនឃោសនារបស់គណបក្សមួយ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២។ រូបដោយ៖ ស៊ុល រ៉វី
ដោយ៖ ទេពញាណ 

ការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជាតិលើកទី៧ នឹងមកដល់នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ គេ នឹងបានឮសំឡេងយ៉ាងកងរំពង ដែលចេញពីក្បួនដង្ហែរបស់គណបក្សនយោបាយយ៉ាងព្រោងព្រាតនៅតាមដងផ្លូវ ទាំងក្នុងរាជធានីភ្នំពេញ ទាំងតាមបណ្តាខេត្ត។ 
នៅក្នុងដំណើរការបោះឆ្នោត ការឃោសនារកសំឡេងឆ្នោត គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់គណបក្សនយោបាយ។ ជាធម្មតា គណបក្សនយោបាយនីមួយៗ នឹងប្រកាសពីគោលនយោបាយ និងចំណុចល្អៗរបស់ខ្លួន ឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតបានដឹង។ ជាងនេះទៅទៀត ប្រជាពលរដ្ឋ នឹងបានឮពាក្យសន្យាផ្សេងៗពីគណបក្សនយោបាយទាំងនោះ។  
 
ក្រោយការឃោសនារយៈពេល២១ថ្ងៃត្រូវបានបញ្ចប់ នៅត្រឹមថ្ងៃទី២១កក្កដា ការបោះឆ្នោត នឹងឈានចូលមកដល់ នៅថ្ងៃទី២៣កក្កដា។ ថ្ងៃ២២កក្កដា ហៅថា ថ្ងៃស ដែលតម្រូវឲ្យគ្រប់ភាគីរក្សាភាពស្ងៀមស្ងាត់ ដោយគណបក្សនយោបាយ ឬភាគីណាមួយ មិនត្រូវអនុញ្ញាតឲ្យធ្វើសកម្មភាពនយោបាយអ្វីទាំងអស់។ 
 
តាមរយៈសេចក្តីអំពាវនាវ ដែលចេញនៅចុងខែមិថុនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀង ហើយត្រូវជួយសម្របសម្រួលតាមទីកន្លែង និងតាមដងផ្លូវ ដើម្បីឲ្យគណបក្សនីមួយៗ អាចដង្ហែក្បួនឃោសនាដោយស្មើភាពគ្នា ក្នុងអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ 
 
ជាមួយគ្នានេះ គ.ជ.ប ថែមទាំងអំពាវនាវឲ្យគ្រប់គណបក្ស និងអ្នកគាំទ្រគណបក្សនីមួយៗ គោរពតាមនីតិវិធី បទប្បញ្ញត្តិ និងគោលការណ៍ផ្សេងៗ ដែលមានចែងក្នុងច្បាប់ ដើម្បីឲ្យការឃោសនារកសំឡេងឆ្នោ ប្រព្រឹត្តទៅដោយសន្តិវិធី និងសុវត្ថិភាព។ 
 
ក្នុងការបោះឆ្នោតជាតិលើកទី៧នេះ មានគណបក្ស១៧ ដែលចូលរួមប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដ៏ខ្លាំងក្លា។ គណបក្សភ្លើងទៀត ដែលត្រូវចាត់ទុកជាគណបក្សជំទាស់លេចធ្លោជាងគេ មិនមានឱកាសចូលរួមប្រកួតឡើយ ដោយសារគណបក្សនេះ បាត់ឯកសារគោល គឺប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។  
 
គេ ប្រាកដជានៅចាំច្បាស់ ក្នុងការបោះឆ្នោតជាតិលើកទី៦ កាលពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា។ កាលនោះ អតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ពុំបានចូលរួមឡើយ ព្រោះត្រូវបានតុលាការកំពូលរំលាយចោល តាំងពីមុនការបោះឆ្នោតមកដល់៕ 
 

Tag:
 ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com