កីឡាជាតិ
ជាតិ
លោក តែម ម៉ឺន៖ ការលូកដៃពីឧកញ៉ាក្នុងវិស័យគុនខ្មែរជារឿងល្អបើធ្វើពិតប្រាកដ
30, Jun 2023 , 7:59 pm        
រូបភាព
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
ដោយ:
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន មើលឃើាញថាការលូកដៃពីអ្នកឧកញ៉ា និងអ្នកមានលុយមួយចំនួនក្នុងវិស័យគុនខ្មែរជារឿងល្អ ប្រសិនបើធ្វើដោយចក្ខុវិស័យ និងមានទំនួលខុសត្រូវខ្ពស់ ពិតប្រាកដ។ លោក នៅ លីដា ផលិតករកម្មវិធីគុនខ្មែរក៏គិតមិនខុសពីប្រធានសហព័ន្ធនោះដែរដោយលោកថាការលូកដៃពីអ្នកមានលុយនឹងធ្វើឱ្យវិស័យគុនខ្មែរដើរទៅមុខរហ័ស តែបើធ្វើមួយឆាវនោះនឹងនាំផលអវិជ្ជមាន។

 
វិស័យកីលាគុនខ្មែរជាកីឡាមានប្រជាប្រិយភាព និងកំពុងកើនការគាំទ្រច្រើនពីសំណាក់អ្នកនិយមស្រលាញ់ និងលើកស្ទួយវិស័យកីឡាប្រដាល់សេរីមួយនេះ។ ក្រោយគុនខ្មែរផុសផុលខ្លាំងចាប់តាំងពីព្រឹត្តិការណ៍ស៊ីហ្គេមមក ដោយសារជម្រូងចម្រាសជាមួយថៃ ថ្មីៗនេះ មានការជ្រែកដៃចូលពីសំណាក់អ្នកមានលុយពិសេសអ្នកឧកញ៉ា និងឧកញ៉ាមួយចំនួនក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ។ យ៉ាងណា មន្រ្តីជំនាញលើវិស័យកីឡាគុនខ្មែរយល់ឃើញថាការលូកដៃចូលពិតប្រាកដនឹងនាំផលវិជ្ជមានសម្រាប់កីឡាគុនខ្មែរទៅថ្ងៃខាងមុខ។
 

លោក នៅ លីដា ផលិតករកម្មវិធីប្រដាល់គុនខ្មែរ ទទក

 «តាមពិតទៅការអភិវឌ្ឍនកីឡានេះគឺត្រូវការអ្នកដែលមានធនធាន ការចូលរួមពីអ្នកមានលុយគឺល្អហើយ តែថាត្រូវការធ្វើឱ្យពិតប្រាកដ និងមានក្រុមបច្ចេកទេសចូលរួមឱ្យបានច្រើន ព្រោះការជួយនេះគឺកាន់តែល្អសម្រាប់គុនខ្មែរ»។ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទដូច្នេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
 
ចំណែកឯលោក នៅ លីដា ឯណោះវិញក៏យល់ឃើញដូចទៅនឹងប្រធានសហព័ន្ធដែរពោលលោកថាការចូលរួមក្នុងវិស័យគុនខ្មែរពិតជាត្រូវការណាស់អ្នកមានធនធានគ្រប់គ្រាន់ ដែលអាចនាំឱ្យវិស័យគុនខ្មែររីកលូតលាស់លើឆាកអន្តរជាតិបានឆាប់រហ័ស។ «ពិតណាស់អ្នកគាំទ្រយើងពិតជាចង់ឱ្យអ្នកមានទ្រព្យធន់នៅកម្ពុជាយើងជួយដល់គុនខ្មែរដូចគ្នា។ ការលូកដៃពីអ្នកឧកញ៉ាខ្ញុំគិតថាល្អសម្រាប់គុនខ្មែរយើង»។ លោក​លីដា ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
 
គួបញ្ជាក់ផងដែរថា បន្ទាប់ពីគុនខ្មែរមានប្រជាប្រិយភាពខ្លាំងតម្លៃខ្លួនកីឡាករឡើងខ្ទង់រយទៅពាន់ដុល្លារក្នុងមួយប្រកួត ដោយសារមានការជ្រោមជ្រែងពីក្រោយខ្នងពីសំណាក់ម្ចាស់ក្លិបដែលជាអ្នកមានលុយ។ គិតមកត្រឹមពេលនេះយើងឃើញមានឧកញ៉ា អ្នកឧកញ៉ាមួយចំនួនកំពុងឈរលើវិស័យគុនខ្មែរក្នុងនោះមាន លោក ឧកញ៉ា ប៉ែន កាក់ ស្រី ចាន់ថន និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 តែម ម៉ឺន
© រក្សាសិទ្ធិដោយ thmeythmey.com