ជាតិ
កម្មវិធីTechnovation បានបណ្តុះបណ្តាលក្មេងស្រីជាង២៥០០នាក់ ពីបច្ចេកវិទ្យាឌីជីថល និង​​សហគ្រិនភាព
01, Jul 2023 , 8:00 am        
រូបភាព
ក្រុមកុមារីដែលចូលរួម_ប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៣។ រូបភាពពី៖  ក្រសួងអប់រំ យុវជន និងកីឡា
ក្រុមកុមារីដែលចូលរួម_ប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៣។ រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ កម្មវិធីប្រកួតិចណូវេសិនឆ្នាំ២០២៣ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកុមារីមកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចំនួន១២ក្រុមចូលរួម​។  
 
ក្នុងពិធីបើកកម្មវិធីប្រកួតនេះ លោក​ ពិដោរ លីដែត នាយកប្រតិបត្តិ Tech For Kids Academy បានឱ្យដឹងថា រៀបចំឡើងដើម្បីលើកទឹកចិត្តកុមារី ឱ្យចាប់អារម្មណ៍រៀន​ជំនាញ​បច្ចេក​វិទ្យា និងបង្កើតដំណោះស្រាយនានាដោយការអភិវឌ្ឍកម្មវិធីទូរសព្ទដៃ។ បើតាម​លោក ពិដោរ លីដែត  ​ចាប់ពីឆ្នាំ២០១៥មក កម្មវិធី​តិចណូវេសិន បានបណ្តុះបណ្តាលកុមារី ជិត២៥០០នាក់ ៤៥៩ក្រុម ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ហើយពួកគេ​បានបង្កើតនូវ​កម្មវិធី​ទូរសព្ទដៃ ដែលជាកម្មវិធីផ្តល់ដំណោះស្រាយបញ្ហាសង្គម និងបញ្ហារបស់ស្ត្រី និងកុមារី ​​ចំនួន ៤៥៩ ផងដែ​រ។


លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងសារគមនាគមន៍។ រូបភាពពី៖  ក្រសួងអប់រំ យុវជន និងកីឡា

លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ បានបង្ហាញពីមោទកភាពដែលស្ត្រី និងកុមារីកម្ពុជាកាន់តែច្រើន បានចូលរួម​ស្វែងរកដំណោះស្រាយបញ្ហាសង្គមនានា ក្នុងរយៈពេល​កន្លងមក តាមរយៈការចូលរួម​បង្កើតគំនិតច្នៃប្រឌិត ក្នុងកម្មវិធីប្រកួតប្រជែងតិចណូវេសិន។ លើសពីតែការរកឃើញនូវបញ្ហា លោក សាន វឌ្ឍនា រឹតតែចង់ឃើញថា កុមារី និងស្ត្រីដែលចូលរួមក្នុងកម្មវិធីប្រកួតនេះ អាចផ្តល់នូវដំណោះស្រាយជាក់លាក់ចំពោះបញ្ហាដែល​​ស្ត្រី និងកុមារី កម្ពុជា កំពុងជួបប្រទះផងដែរ។ 
 
​លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ថ្លែងក្នុងសុន្ទរកថា​បើកកម្មវិធីការប្រកួតថ្នាក់ជាតិតិចណូវេសិន ឆ្នាំ២០២៣ ថាកម្ពុជាកំពុងឆ្លងកាត់បដិវត្តកម្មលើគ្រប់វិស័យទាំងអស់ ទាំងបច្ចេកវិទ្យាឌីជីថល ​ផ្នត់គំនិត របៀបរបបធ្វើការងារ ការការស់នៅប្រចាំថ្ងៃ​។ ដើម្បីសម្របខ្លួនទាន់នឹងការវិវិត្តនៃបច្ចេកវិទ្យាថ្មីៗ និងអភិវឌ្ឍន៍ ពង្រឹងសមត្ថភាពឌីជីថលឱ្យកាន់តែរឹងមាំ និងក្តាប់យកឱកាស​ថ្មីៗ និងអភិវឌ្ឍន៍ទៅ​តាមភាពរីកចម្រើននៃបច្ចេកវិទ្យានេះ។ 


លោក សាន វឌ្ឍនា អនុរដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា  រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បានបញ្ជាក់បែបនេះ៖ «រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ យុទ្ធសាស្ត្រសំខាន់មួយគឺ ការកសាងធនធានមនុស្សឌីជីថល ដែលជាធនធានក្នុងការជំរុញដល់ការចាប់យកឌីជីថលលើគ្រប់វិស័យ ដើម្បីបង្កើនផលិតភាព និងកំណើនសេដ្ឋកិច្ច ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០»។
 
តិចណូវេសិន គឺជាកម្មវិធីបណ្តុះបណ្តាលស្ត្រី និងកុមារី អាយុពី៨-៨ឆ្នាំ នូវចំណេះដឹងបច្ចេកវិទ្យា សហគ្រិនភាព ជំរុញការធ្វើការងារជាក្រុម និងផ្តល់ឱកាសឱ្យពួកគេចូលរួម​​បង្កើតភាពច្នៃប្រឌិត និងរកដំណោះស្រាយថ្មីៗ ដើម្បីឆ្លើយតបនឹងបញ្ហានានាដោយប្រើបច្ចេកវិទ្យាឌីជីថល វិទ្យាស្ត្រកុំព្យូទ័រ និង​សហគ្រិនភាព៕ 

Tag:
 ​(វិស័យអប់រំ
  ជាតិ)
© រក្សាសិទ្ធិដោយ thmeythmey.com