អន្តរជាតិ
ចិន ថ្កោលទោសការអធិប្បាយរបស់អាម៉េរិកនិងអង់គ្លេសលើច្បាប់សន្តិសុខជាតិរបស់ខ្លួន
01, Jul 2023 , 10:20 am        
រូបភាព
ការិយាល័យស្នងការនៃក្រសួងការបរទេសចិននៅតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) នាថ្ងៃទី​៣០ ខែមិថុនា បានថ្កោលទោសការអត្ថាធិប្បាយរបស់អាម៉េរិក និងអង់គ្លេសជុំវិញច្បាប់​សន្តិ​សុខ​ជាតិ​របស់ខ្លួន។ ចិនបញ្ជាក់ជាថ្មីថា ច្បាប់នេះបានជួយហុងកុងឱ្យស្ថិរភាព និងវិបុលភាព ដោយចាកចេញពី​ភាពវឹកវរ ហើយប្រទេស​ផ្សេង​ទៀត​មិន​គួរ​ជ្រៀត​ជ្រែក​ចូល​ក្នុងកិច្ចការ​ក្នុង​ស្រុក​របស់​ចិន​ឡើយ។

 
អាម៉េរិក និងអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍ជុំវិញច្បាប់សន្តិសុខរបស់ចិននៅហុងកុងនៅ​ប៉ុន្មាន​ថ្ងៃមកនេះ ហើយស្ថាប័នសភាប្រទេសទាំង២ ថែមទាំងជជែកពីរឿងនេះថែមទៀត ស្របពេលឆ្នាំ​នេះ​ជា​ខួបលើកទី២៦នៃការវិលត្រឡប់នៃទឹកដីហុងកុង និងខួបលើកទី៣ នៃការ​អនុវត្ត​ច្បាប់​សន្តិសុខជាតិ។
 
ចិនមិនសប្បាយចិត្តឡើយនឹងការលូកលាន់បែបនេះ។ ការិយាល័យស្នងការក្រសួងការបរទេសចិននៅហុងកុងនិយាយថា ចាប់តាំងពីការអនុវត្តច្បាប់សន្តិសុខជាតិមក នីតិរដ្ឋ និងបរិយាកាសធុរកិច្ច​របស់​ហុងកុងមានភាពប្រសើរឡើង ហើយសង្គមកាន់តែមានស្ថិរភាព និងឯកភាពគ្នា។ 
 
«ការពិតបានបង្ហាញឱ្យឃើញថា ច្បាប់សន្តិសុខជាតិ ជាមូលដ្ឋានគ្រឹះនៃសន្តិសុខរបស់ហុងកុង និង​ជា​អាណាព្យាបាលនៃភាពរុងរឿង និងស្ថិរភាពរបស់ខ្លួន»។ មន្ត្រីចិនបានលើកឡើងបែបនេះ រួច​សង្កត់​ធ្ងន់​ថា ហុងកុងគឺជាសង្គមដែលមានច្បាប់ ហើយឧក្រិដ្ឋជនដូចជា Jimmy Lai ត្រូវ​បាន​ចាប់ខ្លួន និង​កាត់​ទោសតាមច្បាប់ដែលត្រឹមត្រូវ។
 
ទន្ទឹមនឹងនេះ ចិនបញ្ជាក់ឡើងវិញថា កម្លាំងខាងក្រៅគ្មានសិទ្ធិចង្អុលបង្ហាញឱ្យចិនធ្វើតាមនោះឡើយ ហើយរដ្ឋាភិបាលចិនប្តេជ្ញាការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍​របស់​ខ្លួន​។ ចិនក៏ជំរុញឱ្យអាម៉េរិក និងអង់គ្លេសបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន៕

Tag:
 (ចិន
  អាម៉េរិក
  អង់គ្លេស)
© រក្សាសិទ្ធិដោយ thmeythmey.com