ជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្ម សរសើរពីរសជាតិ និងការវេចខ្ចប់ត្រីនៅសិប្បកម្មកែច្នៃត្រីបឹងរំពេរ
01, Jul 2023 , 1:03 pm        
រូបភាព
ដោយ៖ ទូច សូរិយា

ភ្នំពេញ៖ លោក ឌិត ទីណា បាន​ចុះពិនិត្យសិប្បកម្មកែច្នៃត្រីបឹងរំពេរ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក នៃខេត្តកំពង់ធំ គោលបំណងស្វែងយល់ពីសមត្ថភាពកែច្នៃត្រីសម្រាប់ចែកចាយលើទីផ្សារ។ ការចុះធ្វើទស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម កោតសរសើរពីរសជាតិ សោភណ្ឌភាពនៃការវេចខ្ចប់ និងការរក្សាទុកត្រី បន្ទាប់ពីបានភ្លក្សដោយផ្ទាល់។


 
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសំណេះសំណាលជាមួយម្ចាស់សិប្បកម្ម និងប្រជាសហគមន៍ផ្គត់ផ្គង់ត្រី ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ក្នុងការពង្រឹងអាជីវកម្មកែច្នៃត្រីបែបសហគមន៍ ឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ លោក ឌិត ទីណា ក៏បានពិនិត្យមើលពីច្រវាក់បច្ចេកទេសកែច្នៃត្រីស្រស់ដែលប្រមូលទិញពីប្រជាសហគមន៍នេសាទក្នុងតំបន់ និងតាមឡូចិញ្ចឹមបែបលក្ខណៈគ្រួសារ រហូតដល់ការវេចខ្ចប់ជាផលិតផលសម្រាប់ចែកចាយនៅលើទីផ្សារ។


 រូបភាពពី៖ ក្រសួងកសិកម្ម

លើសពីនេះ ប្រជាសហគមន៍ជាស្រ្តីចំនួន៥០នាក់ ត្រូវបានបណ្តុះបណ្តាលជំនាញបច្ចេកទេសកែច្នៃត្រីឱ្យមានស្តង់ដាគុណភាពខ្ពស់ អនាម័យ សោភណ្ឌភាពល្អ មានរសជាតិឆ្ងាញ់ មានតម្លៃសមរម្យ និងអាចរក្សាទុកបានយូរ។ គួរបញ្ជាក់ថា សិប្បកម្មកែច្នៃត្រីបឹងរំពេរ បង្កើតឡើងនៅឆ្នាំ២០១៨ ក្រោមការសម្របសម្រួលពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ(ASPIRE)និងមានការគាំទ្រពីមន្ទីរកសិកម្ម និងអង្គការដៃគូអភិវឌ្ឍ៕
 

Tag:
 ក្រសួងកសិកម្ម
  ត្រី
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com