ជាតិ
លោក ជួប ប៉ារីស៍៖កម្ពុជាមិនមែនជាអ្នកបំពុលបរិយាកាសទេ តែមានឆន្ទៈទប់ស្កាត់
01, Jul 2023 , 7:00 pm        
រូបភាព
លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកម្មវិធី«បញ្ជ្រាបចំណេះដឹង ស្ពីពីការប្រែប្រួលអាកាសធាតុ និងកម្មវិធីរេដបូកជាតិ» នៅខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែមិថុនា។ រូបភាព៖ ក្រសួងបរិស្ថាន
លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកម្មវិធី«បញ្ជ្រាបចំណេះដឹង ស្ពីពីការប្រែប្រួលអាកាសធាតុ និងកម្មវិធីរេដបូកជាតិ» នៅខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែមិថុនា។ រូបភាព៖ ក្រសួងបរិស្ថាន
កោះកុង៖ «យើងមិនមែនជាអ្នកបញ្ចេញទេ (ឧស្ម័នផ្ទះកញ្ចក់) យើងមិនមែនជាអ្នកធ្វើឱ្យមានការប្រែប្រួលអាកាសធាតុនោះទេ។ ប្រទេសគេអ្នកមានទៅវិញទេជាអ្នកបំពុល ​ប៉ុន្តែក្នុងរឿងនេះ យើងមានឆន្ទៈចូលរួមទប់ស្កាត់»។ នេះជាការអះអាង​របស់លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ក្នុងកម្មវិធី«បញ្ជ្រាបចំណេះដឹង ស្ពីពីការប្រែប្រួលអាកាសធាតុ និងកម្មវិធីរេដបូកជាតិ» នៅខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែមិថុនា។



មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ លើកឡើងថា ការ​ប្រែប្រួលអាកាសធាតុ បាននាំមកនូវខ្យល់ព្យុះ ទឹកជំនន់ គ្រោះរឹងស្ងួត និងឡើងកម្ដៅ។ ដើមចមនៃការប្រែប្រួលអាកាសធាតុកើតចេញពីសកម្មភាពជាច្រើនរបស់មនុស្ស ជាពិសេសការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីឧស្សាហកម្មធំៗ នៅបណ្ដាប្រទេសអភិវឌ្ឍដូចជា​ អាម៉េរិក, អឺរ៉ុប, ចិន, កូរ៉េ និងប្រេស៊ី ជាដើម។


លោក ជួប ប៉ារីស៍ និងមន្រ្តីឧទ្យានុរក្ស។ រូបភាព៖ ហ្វេសបុករបស់លោក

ដ្បិតមិនមែនជាអ្នកបំពុលបរិយាកាស ប៉ុន្តែកម្ពុជាកំពុងចូលរួមយ៉ាងសកម្មក្នុងការងារទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលកើតឡើងជាសកល តាមរយៈការរក្សាព្រៃឈើ ដើម្បីស្រូបយកឧស្ម័នផ្ទះកញ្ចក់ពីបរិយាកាស។
 
លោក ជួប ប៉ារីស៍ បន្ថែមដូច្នេះថា៖« កាលណា ឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើន យើងកាន់តែក្ដៅ។ ឧស្ម័នផ្ទះកញ្ចក់ហ្នឹង កើតពីការបំពុលនៃរោងចក្រ យន្តហោះ កប៉ាល់ ជាដើម។ យើងមិនអាចបិទឧស្សាហកម្មទាំងនោះបានទេ អ៊ីចឹង! ការពារព្រៃឈើ បានចូលរួមកាត់បន្ថយ ព្រោះវាមានមុខងារសំខាន់ ស្រូប ឬបន្សាបឧស្ម័នផ្ទះកញ្ចក់»។
 
ក្នុងកិច្ចការពារព្រៃឈើនេះ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការដៃគូ បង្កើតគម្រោងរេដបូក (REDD+) ដែលជាកម្មវិធីជាតិ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការបាត់បង់​ព្រៃឈើ​។ លើសពីការពារ រេដបូក ក៏បានទាញប្រយោជន៍ពីការលក់ឥណទានកាបូនព្រៃឈើ លក់ទៅកាន់ទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក ផងដែរ។ ក្នុងមួយឆ្នាំកម្ពុជា អាចផលិតកាបូនបានលើស១០លានតោន។ ចាប់តាំងពីឆ្នាំ២០១៦ ដល់២០២០ កម្ពុជាលក់ឥណទានកាបូនបាន ១១,៦ លានដុល្លារ ស្ថិតនៅដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត៕

Tag:
 បរិស្ថាន
  ជួប ប៉ារីស៍
  ក្រសួងបរិស្ថាន
  ការប្រែប្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com